ក្រោយពីលោក Duwa Lashi មេដឹកនាំរដ្ឋាភិបាលបង្រួបបង្រួមជាតិភូមា ដែលបង្កើតដោយអតីតសមាជិកសភា បានអំពាវនាវកាលពីថ្ងៃទី៧ ខែកញ្ញា ឱ្យប្រជាជនក្រោកឡើងកាន់អាវុធប្រយុទ្ធយកឈ្នះរបបសឹកនោះ គេឃើញថាស្ថានការណ៍សឹកបានរុញឱ្យភូមាធ្លាក់ក្នុងសង្គ្រាមស៊ីវិលពាសពេញផ្ទៃប្រទេស។
ការវាយប្រយុទ្ធប្រឆាំងនឹងរបបសឹក ធ្វើឡើងដោយសហការគ្នាពីសហគមន៍ និងតំបន់ជនជាតិដើម បានកើតឡើងសឹងគ្រប់ទីតាំងសំខាន់ៗរបស់ពួកយោធានៅទូទាំងប្រទេស។ ទោះបីជនស៊ីវិល និងកងទ័ពកម្លាំងប្រឆាំងរបបសឹកស្លាប់ក៏ដោយ តែកងទ័ពមេរដ្ឋប្រហារកាន់តែច្រើនបានចុះចូលនឹងកងកម្លាំងរដ្ឋាភិបាលរួបរួមជាតិ។
តំបន់ដែលធ្លាក់ក្នុងសង្គ្រាមធ្ងន់ធ្ងរ មានដូចជា រដ្ឋកាឈីន រដ្ឋសាន រដ្ឋម៉ន រដ្ឋឈិន និងរដ្ឋការ៉េន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានភូមា ដែលទីភ្នាក់ងារព័ត៌មាន AFP បានស្រង់មកចុះផ្សាយនៅថ្ងៃនេះ។
តាមប្រភពដដែលនេះ ប្រជាពលរដ្ឋរាប់ពាន់នាក់បានរត់គេចពីទីប្រជុំជនមួយនៅភាគខាងលិចនៃប្រទេសភូមា បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនថ្ងៃរវាងក្រុមអ្នកប្រឆាំងនឹងរបបយោធា និងកងកម្លាំងយោធា។ ក្នុងអំឡុងពេលនោះ ក្រុមយោធាបានទម្លាក់គ្រាប់បែកទៅលើភូមិ និងផ្ទះសម្បែងរបស់ប្រជាជន។
ក្រុមកងទ័ពមេរដ្ឋប្រហារ មីន អ៊ុងឡាំង បានប្រយុទ្ធគ្នាធ្ងន់ធ្ងរជាមួយក្រុមកម្លាំងការពារក្នុងមូលដ្ឋានមួយដែលមានគ្នា ១០០នាក់ បន្ទាប់ពីពួកគេត្រូវបានពួនស្ទាក់នៅតំបន់ Thantlang ដែលស្ថិតក្នុងរដ្ឋ Chin ដាច់ស្រយាលមួយនៅក្បែរព្រំដែនប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យរបបយោធា លោក Zaw Min Thun កាលពីថ្ងៃអង្គារ កន្លងទៅ។
អង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន បានព្រមានថា ការបន្តនូវការប្រយុទ្ធនៅក្នុងតំបន់ជាច្រើន បានធ្វើឲ្យមានមនុស្សកាន់តែច្រើនឡើងរត់ភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា និងប្រទេសថៃ ដើម្បីស្វែងរកទីជម្រក និងស្បៀងអាហារ។
នៅចំពោះមុខនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ ខែកញ្ញា អ្នកស្រី មីឈែល បាឆឡេ ប្រធានឧត្ដមស្នងការសិទ្ធិមនុស្ស បានលើកឡើងថា ប្រទេសភូមា កំពុងតែធ្លាក់ក្នុងគ្រោះថ្នាក់នៃសង្គ្រាមស៊ីវិលពាសពេញផ្ទៃប្រទេស។ អ្នកស្រីអំពាវនាវឱ្យគ្រប់ភាគីភូមាទាំងអស់ ត្រូវស្វែងរកដំណោះស្រាយ និងបញ្ឈប់រាល់ការប្រយុទ្ធគ្នាដែលបណ្តាលឲ្យស្លាប់ជីវិតប្រជាជនស្លូតត្រង់។
អ្នកស្រី មីឈែល បាឆឡេ បានលើកឡើងថា ដោយការគាបសង្កត់ធ្វើទុក្ខបុកម្នេញពីសំណាក់កងទ័ពរបបសឹក ដែលអ្នកស្រីថាចលនាកម្លាំងប្រដាប់អាវុធជាច្រើនក្រុមកំពុងតែរីកដុះដាលយ៉ាងខ្លាំង។ អ្នកស្រីប្រធានឧត្ដមស្នងការសិទ្ធិមនុស្ស បានថ្លែងអំពីករណីវាយប្រយុទ្ធគ្នាឥតដាច់រវាងកងទ័ពភូមា ជាមួយនឹងក្រុមប្រដាប់អាវុធនៅតាមរដ្ឋផ្សេងៗរបស់ភូមា ចាប់តាំងពីខែកុម្ភៈ មក។
អ្នកស្រីអំពាវនាវឱ្យកងទ័ពភូមា និងក្រុមប្រដាប់អាវុធទាំងអស់ ត្រូវតែគោរពសិទ្ធិមនុស្ស និងធានាការពារអាយុជីវិតប្រជាជនស្លូតត្រង់ ដែលអ្នកស្រីទទូចថាត្រូវឈប់ជាបន្ទាន់នូវការបាញ់ប្លោងទម្លាក់គ្រាប់ទៅលើផ្ទះសម្បែង ទីប្រជុំជន សាលារៀន មន្ទីរពេទ្យ។
តាមរបាយការណ៍របស់អង្គការជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ប្រជាជនដែលបានរត់ទៅនៅតាមព្រំដែននៃប្រទេសជិតខាងមានជាង ១០ម៉ឺននាក់។
តាមសមាគមជំនួយអ្នកទោសនយោបាយភូមា មនុស្សជាង ១១០០នាក់ត្រូវបានសម្លាប់ និងជិត ៨០០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធានៅក្នុងប្រទេសភូមា។
សហគមន៍អន្តរជាតិដែលកំពុងជួយរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយនៅភូមា មានដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសជប៉ុន ឥណ្ឌា សមាគមអាស៊ាន និងអង្គការសហប្រជាជាតិ ក៏បានព្រមានថា បើមិនអាចរកដំណោះស្រាយដើម្បីបញ្ចប់របបសឹកឱ្យទាន់ពេលវេលាទេនោះ គឺវិបត្តិជនភៀសខ្លួនកាន់តែធ្ងន់ធ្ងរ ជនស៊ីវិលស្លាប់កាន់តែកើនឡើង៕