30 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ករណី​ផ្សេង​ស្រដៀង​គ្នា​នឹង​ករណី​បណ្ឌិត សេង សារី ក៏​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ដែរ

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​បាន​សរសេរ​ព្រោងព្រាត​ជុំវិញ​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ថា​ករណី​ផ្សេង​ដទៃ​ទៀត​ក៏​អាច​មាន​ការ​ភ័ន្តច្រឡំ​ដូចគ្នា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈ្វេងយល់​ពី​គោលបំណង​ពិត​របស់​ជនរងគ្រោះ​ទាំងនោះ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។

បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​គណបក្ស​នយោបាយ បាន​បញ្ចេញ​មតិ​យោបល់​ជា​លក្ខណៈ​សុទិដ្ឋិនិយម​ខ្លះ និង​ទុទ្ទិដ្ឋិនិយម​ខ្លះ​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​ឱ្យ​មេដឹកនាំ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​កម្ពុជា បញ្ឈប់​នូវ​ការ​ដឹកនាំ​តាម​នីតិមាត់ ដោយ​ប្តូរ​មក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ជំនួស​វិញ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា ករណី​ប្រធាន​សហភាព​សហជីព​កម្មករ លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស ជាដើម ក៏​អាច​ជា​ការ​ភ័ន្តច្រឡំ​ពី​សំណាក់​រដ្ឋាភិបាល​លើ​គោលបំណង​ពិត​របស់​ពួកគាត់​ដែរ។

លោក​អំពាវនាវ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​លើ​ករណី​សកម្មជន​សង្គម​ទាំងនោះ​ឡើងវិញ ព្រោះថា​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ​កន្លងមក គឺ​ដើម្បី​ចូលរួម​ចំណែក​គាំពារ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ប៉ុណ្ណោះ មិនមែន​ដើម្បី​បង្ក​ភាព​វឹកវរ​ដល់​សង្គម​នោះ​ទេ ហើយ​សកម្មភាព​របស់​ពួកគាត់​ក៏​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែរ។

ចំណែក​ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រតិកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ករណី​ប្រកាស​ចាប់​ខ្លួន និង​អំពាវនាវ​ឱ្យ​តុលាការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​ពី​សំណាក់​មេដឹកនាំ​កម្ពុជា​លើ​បណ្ឌិត សេង សារី បាន​បង្ហាញ​ឱ្យ​សាធារណជន​ឃើញ​ថា លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​តាម​នីតិមាត់ និង​តាម​អារម្មណ៍​របស់​លោក ជាជាង​ការ​អនុវត្ត​ទៅ​តាម​ច្បាប់។

លោក ទូច វិបុល បញ្ជាក់​ថា ទោះបី​ទង្វើ​នេះ​បង្ហាញ​ពី​ការ​រំលោភ​លើ​គោលការណ៍​នីតិរដ្ឋ​កម្ពុជា​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ដែរ​ថា ពលរដ្ឋ​ខ្មែរ​នៅតែ​នាំគ្នា​សាទរ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ដែល​បើក​បេះដូង​យោគយល់​ដល់​ជន​ទន់ខ្សោយ​គ្មាន​កំហុស។ បន្ថែម​ពី​នេះ លោក​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន លុបចោល​ក្រមព្រហ្មទណ្ឌ​ស្ដីពី​បទ​ញុះញង់​មាត្រា​៤៩៤ និង ៤៩៥ ដើម្បី​ពង្រឹង​គោលការណ៍​នីតិរដ្ឋ និង​ឱ្យ​ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ផង​ដែរ។

ដោយឡែក​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត សាម អ៊ីន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា ការ​សម្លឹង​មើល​ការ​វិភាគ​ក្នុង​ផ្លូវ​វិជ្ជមាន​ដើម្បី​ការ​ដឹកនាំ​ល្អ មេដឹកនាំ​របស់​កម្ពុជា​មិន​គួរ​ស្តាប់​តែ​ពាក្យ​ពីរោះ​ដែល​គេ​សរសើរ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវតែ​ស្តាប់​នូវ​ការ​ទិតៀន​បែប​ស្ថាបនា និង​ការ​ចង្អុល​បង្ហាញ​អំពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែរ ដើម្បី​កែលំអ​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង និង​ដើម្បី​ផលប្រយោជន៍​របស់​ជាតិ​ទាំងមូល។

រីឯ​អ្នកវិភាគ​នយោបាយ​ចាស់​វស្សា​មួយ​រូប គឺ​បណ្ឌិត ឡៅ ម៉ុងហៃ។ លោក​បាន​បញ្ចេញ​ទស្សនៈ​របស់​លោក​ថា លោក​ត្រេកអរ​ណាស់​ដែល​លោក ហ៊ុន សែន បាន​រក​ឃើញ និង​ទទួលស្គាល់​ការពិត ហើយ​សម្រេច​បញ្ឈប់​អំពើ​អយុត្តិធម៌​ទៅលើ​លោក​បណ្ឌិត សេង សារី។ លោក​បន្ថែម​ថា កម្ពុជា​គួរ​ឲ្យ​តម្លៃ និង​ចាត់ទុក​ការពិត យុត្តិធម៌​សង្គម និង​សន្តិភាព​ជា​គុណ​តម្លៃ​ស្នូល​នៃ​សង្គម​ជាតិ​របស់​ខ្មែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បណ្ឌិត សេង សារី

កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី ជុំវិញ​ការ​ចោទប្រកាន់​ថា បាន​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ប៉ុន្តែ​ក្រោយ​ពី​លោក​បាន​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​នូវ​បទសម្ភាសន៍​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា កន្លងទៅ លោក​យល់ថា​ការ​បកស្រាយ​របស់​បណ្ឌិត សេង សារី គឺ​មាន​លក្ខណៈ​សមហេតុ​សមផល ដែល​អាច​ទទួល​យក​បាន។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា បើ​ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី និង​លើក​ទឹកចិត្ត​ឱ្យ​លោក​ធ្វើការ​វិភាគ​បន្ត​ទៀត​ក៏​ពិតមែន ប៉ុន្តែ​អ្នកវិភាគ និង​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​ដទៃ​ទៀត ដូចជា​បណ្ឌិត មាស នី ជាដើម ក៏​នៅតែ​រង​ការ​គំរាម​លើ​ការ​បញ្ចេញ​ទស្សនៈ​របស់​លោក​ដដែល។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ចែង​ថា ការ​យាយី ការ​បំភិតបំភ័យ ឬ​ការ​បង្កើត​ឱ្យ​មាន​ភាព​ហ្មងសៅ​ដល់​បុគ្គល​ណាមួយ រាប់​ទាំង​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​ជំនុំ​ជម្រះ​ក្តី ឬ​ការ​ដាក់​ពន្ធនាគារ​ដោយសារ​ហេតុផល​នៃ​គំនិត​ដែល​ពួកគេ​បាន​ប្រកាន់​យក គឺជា​ការ​រំលោភបំពាន​លើ​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​នេះ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស