38 C
Phnom Penh

ក្រសួង​ធនធាន​ទឹក​ក្រើន​រំឭក​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​គ្រោះ​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែ​កញ្ញា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កម្ពុជា បន្ត​អំពាវនាវ​រំឭក​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​ទំនាប​កណ្តាល តំបន់​ខ្ពង់រាប និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឬ​នៅ​តាម​ក្រុម​គ្រួសារ​នីមួយៗ​ឲ្យ​បាន​ជា​ប្រចាំ ព្រោះ​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ដែល​អូស​បន្លាយ​ឆ្លងកាត់​ប្រទេស​ភូមា ថៃ ឡាវ និង​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា។ ចំណែក​ឯ​ប្រទេស​កម្ពុជា ក៏​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ថ្មី​មួយ​ទៀត​ពី​ប្រទេស​ឥណ្ឌា និង​ខ្យល់​មូសុង​និរតី​ផង​ដែរ។

ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​វាល​ទំនាប​កណ្ដាល មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។ ដោយឡែក​នៅ​តំបន់​ជួរ​ភ្នំដងរែក តំបន់​ខ្ពង់រាប​ឦសាន និង​តំបន់​មាត់សមុទ្រ​វិញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម។

ទាក់ទិន​បញ្ហា​នេះ​ដែរ គណៈកម្មការ​ទន្លេមេគង្គ​ក៏​បាន​ព្រមាន​អំពី​បញ្ហា​គ្រោះ​ជំនន់​ទឹកភ្លៀង ការ​បាក់​ដី និង​បាក់​ច្រាំងទន្លេ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ព្យុះ​ត្រូពិក​ឈ្មោះ ខន់សិន (Conson) នឹង​មាន​ឥទ្ធិពល​មក​លើ​បណ្តា​ប្រទេស​នៅ​អាង​ទន្លេមេគង្គ​ក្រោម ដែល​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​បោក​ខ្លាំង​ផង​ដែរ។

គណៈកម្មការ​ទន្លេមេគង្គ​បញ្ជាក់​ថា ផ្លូវ​លាតសន្ធឹង​នៃ​ព្យុះ​ត្រូពិក​នេះ គឺ​គ្រប​ដណ្តប់​ចាប់ពី​ខេត្ត​ភាគ​ខាងជើង​ដល់​ភាគ​កណ្តាល​នៃ​ប្រទេស​វៀតណាម ហើយ​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​នៅ​ក្នុង​រយៈពេល ៥​ថ្ងៃ​ខាងមុខ។ ចំណែក​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​នៃ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ក៏​នឹង​រង​ផល​ប៉ះពាល់​ផង​ដែរ។ ដោយឡែក​នៅ​តំបន់​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​របស់​ប្រទេស​កម្ពុជា ក៏​នឹង​រង​ផល​ប៉ះពាល់​ដូច​គ្នា​ដែរ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ថា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៧ ខែ​កញ្ញា ភ្លៀង​បាន​ធ្លាក់​ក្នុង​កម្រិត​បង្គួរ​នៅ​ក្រុង​ប៉ៃលិន ខេត្ត​ប៉ៃលិន ដោយឡែក​ខេត្ត​ផ្សេងៗ​ទៀត​មិនទាន់​មាន​របាយការណ៍​នៅឡើយ​ទេ។

កាលពី​ដើម​ខែ​កញ្ញា នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៨​ខែ​ក្នុង​ឆ្នាំ​២០២១ នេះ គ្រោះ​មហន្តរាយ​ធម្មជាតិ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៩៤​នាក់ និង​របួស ១៥៨​នាក់។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២១ មាន​ករណី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​កើតឡើង​ចំនួន ២៦៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៧២​នាក់ និង​រង​របួស ១០៩​នាក់។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​កើតឡើង ១៧៩​លើក រលំ​ផ្ទះ ៨៣៧​ខ្នង និង​របើក​ដំបូល​ជាង ៦៥០០​ខ្នង និង​ស្លាប់​មនុស្ស ៥​នាក់ និង​របួស ៦៧​នាក់ ចំណែក​ឯ​គ្រោះ​ធម្មជាតិ​រន្ទះបាញ់ កើតឡើង ៨៥​លើក ស្លាប់​មនុស្ស ៦៧​នាក់ និង​របួស ៤២​នាក់ ងាប់​គោ​ក្របី ៤០​ក្បាល។

ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស