27.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​ត្រូវ​រក្សា​សុវត្ថិភាព​សុខាភិបាល​និង​សន្តិសុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត លើកឡើង​ថា ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​កម្ពុជា​ជា​ចម្បង ទាំង​សុវត្ថិភាព​ផ្នែក​សុខាភិបាល និង​សុវត្ថិភាព​ផ្នែក​សន្តិសុខ​សង្គម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ក្រៅពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស ក្រសួង​ទេសចរណ៍​ត្រូវតែ​ជួយ​រៀបចំ និង​ពង្រឹង​សេវា​ផ្សេងៗ​ក្នុង​វិស័យ​នេះ​តាម​គ្រប់​មធ្យោបាយ​របស់​ខ្លួន ដូចជា​វិស័យ​សណ្ឋាគារ ជាដើម ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណើរការ​ល្អ និង​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ​នៅ​ពេលនេះ។

លោក​អះអាង​ថា នៅ​កម្ពុជា​សម្បូរ​តំបន់​ទេសចរណ៍​ធម្មជាតិ​ពិតៗ ដូចជា​តំបន់​ភូមិភាគ​ឦសាន តំបន់​ភ្នំ តំបន់​សមុទ្រ និង​តំបន់​អង្គរ​ជាដើម ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ខុសៗ​គ្នា ដូច្នេះ​ក្រសួង​ទេសចរណ៍​អាច​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ និង​សម្រួល​ដល់​មធ្យោបាយ​ធ្វើ​ដំណើរ ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​អាច​ទៅ​ស្នាក់​នៅ និង​កម្សាន្ត​គ្រប់​រមណីយដ្ឋាន​នៃ​តំបន់​ទេសចរណ៍​ទាំងនោះ។

កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍​ផ្ទៃ​ក្នុង​រយៈពេល ៩​ខែ​នៃ​ដើម​ឆ្នាំ​២០២១ និង​ដាក់​ចេញ​ផែនការ​បន្ត ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​បន្ទាប់ ក្រោយ​ពី​រង​ការ​ជាប់​គាំង​ដោយសារ​ជំងឺ​រាតត្បាត​សកល​កន្លងមក​នេះ។

លោក ថោង ខុន បាន​អះអាង​ថា ដើម្បី​ជោគជ័យ​ក្នុង​ការ​បើក​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ កម្ពុជា​ត្រូវ​ពឹងផ្អែក​លើ​កត្តា​សំខាន់ៗ​មួយ​ចំនួន ដូចជា​កត្តា​ខាង​ក្នុង គឺ​កម្ពុជា​ត្រូវ​ត្រៀម​អាជីវកម្ម​ទេសចរណ៍​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី និង​ចំណុច​គន្លឹះ​អាទិភាព ដូចជា​មធ្យោបាយ​ធ្វើ​ដំណើរ ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាដើម។

លោក​បញ្ជាក់​ថា ចំពោះ​កត្តា​ខាងក្រៅ សំដៅ​ទៅលើ​កត្តា​ចិត្តសាស្ត្រ និង​ទំនោរ​នៃ​ការ​សម្រេច​ចិត្ត​ជា​ចម្បង​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ពោល​គឺ​ការ​ឲ្យ​តម្លៃ​ខ្ពស់​ទៅលើ​ភាព​ស្អាត​នៃ​តំបន់​ទេសចរណ៍​នីមួយៗ លើ​អនាម័យ ផលិតផល និង​មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​បង្ហាញ​របាយការណ៍​ពី​ចរន្ត​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​របស់​ខ្លួន​ទាំង ២៥​រាជធានី-ខេត្ត​ក្នុង​សប្តាហ៍​ទី​៣ នៃ​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ ដែល​មាន​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ កន្លងទៅ​នេះ ថា​មាន​ចរន្ត​ភ្ញៀវ​ទេសចរ​សរុប​ជាង ៦​ម៉ឺន ៣​ពាន់​នាក់ ក្នុង​នោះ​ខេត្ត​ចំនួន​៦ ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ចាប់ពី​ជាង ៣​ពាន់​នាក់​រហូត​ជិត ២​ម៉ឺន​នាក់។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​ទេសចរណ៍​ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២១ ថា ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​ងើប​ឡើង​វិញ​នៅ​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០២១ នេះ កម្ពុជា​ត្រូវតែ​កសាង​ឲ្យ​បាន​នូវ​ទំនុក​ទុកចិត្ត​ដល់​អ្នក​ទេសចរ​គ្រប់​ផ្នែក​ទាំងអស់ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា ចុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២១ នេះ ភ្ញៀវ​ទេសចរ​ហាក់​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ។

កាលពី​ចុង​ឆ្នាំ​២០២០ នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​កម្ពុជា អ្នកស្រី Sunniya Durrani-Jamal បាន​អះអាង​ថា ជំងឺ Covid-19 បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដែល​បណ្តាល​ឲ្យ​វិស័យ​មួយ​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៩៨% ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​ជាង ៣​ពាន់​កន្លែង​ត្រូវ​ដួល​រលំ ហើយ​កម្មករ​ដែល​បម្រើ​ក្នុង​វិស័យ​នេះ​ជាង ៤​ម៉ឺន​នាក់​ត្រូវ​បាត់បង់​ការងារ​ទាំងស្រុង។

រីឯ​ក្រសួង​ទេសចរណ៍​វិញ​ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ត្រឹមតែ​ជាង ១​លាន ៣​សែន​នាក់​ប៉ុណ្ណោះ គឺ​បាន​ថយ​ចុះ​ប្រមាណ ៨០% និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ ៩​លាន​នាក់ គឺ​បាន​ថយ​ចុះ ២០% នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ កន្លងទៅ។ ក្រសួង​ថា បញ្ហា​នេះ​បណ្តាល​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​បាត់បង់​ចំណូល​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស