ពលរដ្ឋដែលរងគ្រោះដីធ្លីចំនួន ៩នាក់ ត្រូវបានតុលាការខេត្តកណ្ដាល ចោទប្រកាន់ និងបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ ក្រោយពីប៉ះទង្គិចជាមួយអាជ្ញាធរដែលបានរារាំងពួកគេក្នុងការចូលមើលដីស្រែរបស់ខ្លួន ខណៈក្រុមហ៊ុន OCIC កំពុងឈូសឆាយដោយមិនទាន់ដោះស្រាយសំណងជាមួយពួកគេរួចរាល់នោះ។
ការចោទប្រកាន់ និងចាប់ឃុំខ្លួនពលរដ្ឋជាម្ចាស់ដីដាក់ពន្ធនាគារនេះ ធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរជាច្រើនរយនាក់ដែលបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនដើម្បីការពារក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ។
ក្រុមប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី បានលើកឡើងថា ហេតុការណ៍ដែលនាំឱ្យមានការប៉ះទង្គិចគ្នានេះ គឺដោយសារអាជ្ញាធរបានដាក់របាំងរារាំងពួកគេចូលទៅមើលដីស្រែរបស់ខ្លួន ហើយបានបើកផ្លូវឱ្យគ្រឿងចក្ររបស់ក្រុមហ៊ុនឈូសឆាយដីស្រែពួកគេ ទើបជំរុញឱ្យប្រជាពលរដ្ឋខឹងសម្បា ខណៈក្រុមហ៊ុនដែលឈូសឆាយនោះមិនទាន់ដោះស្រាយសំណងសមរម្យដល់ពួកគេជាម្ចាស់ដីនៅឡើយ។
ក្រោយពីមានប៉ះទង្គិចនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នោះ ពលរដ្ឋចំនួន ៣០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ប៉ុន្តែសមត្ថកិច្ចបានដោះលែងពលរដ្ឋ ២១នាក់វិញ ខណៈមនុស្សចំនួន ៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារកាលពីម្សិលមិញ។
បើតាមសមាគមការពារសិទ្ធិមនុស្សអាដហុក បានសរសេរលើទំព័របណ្ដាញសង្គម Facebook របស់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឲ្យដឹងថា ពលរដ្ឋទាំង ៩នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ក្រោមបទចោទប្រកាន់ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»។
សមាគមអាដហុក យល់ថា ការដោះស្រាយយឺតយ៉ាវ និងការដាក់សម្ពាធផ្សេងៗទៅលើប្រជាពលរដ្ឋជាបន្តបន្ទាប់នេះ ដើម្បីឱ្យប្រជាពលរដ្ឋឈប់ទាមទារតវ៉ា ហើយបង្ខំឱ្យទទួលយកសំណងដែលអាជ្ញាធរ និងខាងភាគីក្រុមហ៊ុនបានកំណត់នោះ វាមិនមែនជាដំណោះស្រាយឡើយ។ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យពលរដ្ឋមិនពេញចិត្ត ខណៈសំណងដែលអាជ្ញាធរ និងក្រុមហ៊ុននោះ ពួកគេមិនអាចទទួលបាន ដែលជំរុញឱ្យប្រជាពលរដ្ឋនៅតែនាំគ្នាតវ៉ាទៀត។
ករណីនេះ សមាគមអាដហុក ស្នើទៅគ្រប់ភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ និងរកដំណោះស្រាយដោយសន្តិវិធី ដោយមានជំហរលើភាពត្រឹមត្រូវ តម្លាភាព យុត្តិធម៌ និងឆាប់រហ័ស ដើម្បីបញ្ចៀសនូវការកើតមានបញ្ហាផ្សេងៗទៀតកើតឡើង។
បើតាមក្រុមប្រជាពលរដ្ឋដែលតវ៉ា ធ្លាប់លើកឡើងថា ការផ្តល់សំណងតម្លៃដីនោះត្រឹម ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺពួកគាត់មិនអាចទទួលយកបានទេ ខណៈតម្លៃដីនៅទីនោះមានតម្លៃប្រមាណ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋបានចេញលិខិតចំហមួយច្បាប់កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ នេះ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋចំនួន ៣៣០គ្រួសារនៅឃុំចំនួន៤ ក្នុងនោះមានឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង ១លានម៉ែត្រការ៉េ។
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ មិនត្រឹមតែមានវិវាទដីធ្លីតែជាមួយពលរដ្ឋនៅខេត្តកណ្ដាលនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏មានជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ហើយអាជ្ញាធរតែងតែចេញមុខការពារក្រុមហ៊ុន OCIC។
ជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ កន្លងមក កងកម្លាំងចម្រុះរបស់រដ្ឋាភិបាលជាច្រើននាក់ត្រូវបានដាក់ពង្រាយការពារគ្រឿងចក្ររបស់ក្រុមហ៊ុនដែលបានឈូសឆាយរបង និងស្រះត្រីរបស់ពលរដ្ឋ ស្ថិតនៅខណ្ឌជ្រោយចង្វារ ដោយមិនបានជូនដំណឹង និងដោះស្រាយសំណងនៅឡើយ៕