សកម្មជននយោបាយបក្សប្រឆាំង លើកឡើងថា សាររបស់លោក ដួង ដារ៉ា ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវឲ្យអាជ្ញាធរ ឬភាគីពាក់ព័ន្ធ បញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លីទៅលោកនាយករដ្ឋមន្ត្រីនោះ គឺកំពុងវាយបកទៅរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាវិញ។
សកម្មជននយោបាយបក្សប្រឆាំង លោក ហ៊ុន កុសល បានសរសេរលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី៩ ខែកញ្ញា ថា សម្ដីរបស់ជំនួយការនាយករដ្ឋមន្ត្រី គឺសកបញ្ច្រាសឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោយឲ្យប្រជាពលរដ្ឋមើលឃើញថា តាំងពីគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសច្រើនអាណត្តិមកនេះ មន្ត្រីថ្នាក់ក្រោមតែងធ្វើរបាយការណ៍បោកនាយករដ្ឋមន្ត្រីរហូត។ លោក ហ៊ុន កុសល បានបន្ថែមទៀតថា ករណីនេះប្រហែលលោកនាយករដ្ឋមន្ត្រីមិនដែលបានដឹងថាមន្ត្រីថ្នាក់ក្រោមរបស់គាត់ធ្វើរបាយការណ៍បោកប្រាស់ឡើយ។
លោកថា រដ្ឋមន្ត្រីដែលជាសេនាធិការរបស់នាយករដ្ឋមន្ត្រី និងមន្ត្រីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានក្រោមជាតិ មានអាជ្ញាធរពាក់ព័ន្ធនានាដែលជាមន្ត្រីមូលដ្ឋានធ្វើការដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ រួមទាំងព័ត៌មានពាក់ព័ន្ធមិនបានផ្សាយពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋផងនោះ គឺបង្ហាញថាពួកគេទាំងនោះបានបោកនាយករដ្ឋមន្ត្រីបន្តកន្ទុយគ្នាតែម្ដង។
ប្រភពដដែលបានបញ្ជាក់ថា សម្ដីរបស់លោក ដួង ដារ៉ា បង្ហាញថា ប្រព័ន្ធដឹកនាំជាតិរបស់រដ្ឋាភិបាលបច្ចុប្បន្ន គឺជាប់គាំងដំណើរមិនល្អរហូតតែម្តង។ លោកចោទជាសំណួរថា ករណីនេះគឺបណ្ដាលមកពីសន្តិភាពខ្លាំងពេក? ឬមួយចូលដល់ករណីថ្នាក់ក្រោមបន្ទោសថ្នាក់លើ ឯថ្នាក់លើកំពុងបន្ទោសថ្នាក់ក្រោម?
លោក ដួង ដារ៉ា ដែលជាជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយអំពាវនាវឲ្យអាជ្ញាធរ ឬភាគីផ្សេងទៀតបញ្ឈប់ការធ្វើរបាយការណ៍ខុសការពិតក្នុងរឿងជម្លោះដីធ្លីទៅលោកនាយករដ្ឋមន្ត្រី។ លោកលើកឡើងទៀតថា លុះត្រាតែបញ្ឈប់ការធ្វើរបាយការណ៍ខុសការពិត ទើបជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋអាចត្រូវដោះស្រាយបានឆាប់រហ័ស។
ខ្លឹមសារនៃសាររបស់លោក ដួង ដារ៉ា បានសរសេរនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «យើងត្រូវរួមគ្នាបញ្ឈប់ធ្វើរបាយការណ៍ភូតកុហកសម្តេច ដើម្បីដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋឆាប់ចប់ពិតប្រាកដ និងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ ស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»។
ទោះយ៉ាងណា កាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២១ សេចក្ដីសម្រេចអំពីការកែសម្រួលសមាសភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចឱ្យលោក ឌី វិជ្ជា ដែលត្រូវជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា កូនស្រីលោក ហ៊ុន សែន ត្រូវបានអគ្គស្នងការនគរបាលជាតិសម្រេចឱ្យដឹកនាំក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេតលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់នៅតាមបណ្ដារាជធានី-ខេត្ត។
ការតែងតាំងនេះ ត្រូវអ្នកវិភាគសង្គម លោក គឹម សុខ រិះគន់ថា មិនមែនទៅប្រមូលព័ត៌មាន និងដោះស្រាយបញ្ហានោះទេ ប៉ុន្តែដើម្បីទៅបង្កើនការសម្លុតគំរាមកំហែងពលរដ្ឋរងគ្រោះកុំឱ្យហ៊ានតវ៉ារកយុត្តិធម៌។
លោកថា ស្ថាប័នដែលដោះស្រាយវិវាទដីធ្លីមានស្រាប់ លោក ហ៊ុន សែន មិនប្រើ បែរជាតែងតាំងជាន់ភារកិច្ចគ្នា។ នេះមានន័យថា រដ្ឋាភិបាលជាតិខ្មែរបច្ចុប្បន្នមិនមែនដើម្បីការពារប្រយោជន៍ពលរដ្ឋខ្មែរនោះទេ ប៉ុន្តែជារដ្ឋាភិបាលគ្រួសារ ហ៊ុន តែងតាំងសមាជិកគ្រួសារ ហ៊ុន ឲ្យចាត់ការគ្រប់សាច់រឿង ដើម្បីការពារប្រយោជន៍គ្រួសារ ហ៊ុន សុទ្ធសាធ។
ទាក់ទងនឹងបញ្ហាដីធ្លីនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR បានលាតត្រដាងក្នុងរបាយការណ៍របស់ខ្លួនកាលពីពេលកន្លងទៅថា ការរំលោភបំពានសិទ្ធិដីធ្លីនៅកម្ពុជាកំពុងកើតមានយ៉ាងខ្លាំងក្លាបំផុតក្នុងពេលបច្ចុប្បន្ននេះ ខណៈពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារក្នុងតំបន់ដែលរដ្ឋាភិបាលបានប្រគល់ដីទៅឱ្យក្រុមហ៊ុន ត្រូវបាត់បង់សិទ្ធិជាម្ចាស់លើដីធ្លីរបស់ខ្លួនទាំងស្រុង បើទោះបីជាពួកគេបានកាន់កាប់ជាយូរឆ្នាំមកហើយក្តី។
ប្រភពដដែលអះអាងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាបន្តបន្ទាប់ឱ្យទៅក្រុមហ៊ុនឯកជន ជាពិសេសក្រុមហ៊ុនដែលជាបក្ខពួករបស់កូនៗរបស់លោក ហ៊ុន សែន រាប់ពាន់ហិកតារ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋតាមសហគមន៍រាប់ម៉ឺននាក់យ៉ាងធ្ងន់ធ្ងរ ហើយពលរដ្ឋខ្លះប្រឈមទៅនឹងការបណ្តេញចេញដោយបង្ខំ ឬប្តូរលំនៅឋានដោយពុំមានសំណង និងដោយមិនមានការស្ម័គ្រចិត្តផងដែរ៕