28.4 C
Phnom Penh

អ្នក​វិភាគ៖ អ្នក​មាន​អំណាច​អាច​គ្រប់គ្រង​ដី​រាប់​ពាន់​ហិកតារ​ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប​និង​ច្បាប់​ទន់ខ្សោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ក្នុង​សង្គម​ដែល​មាន​សីលធម៌​ទាប អំណាច​ច្បាប់​នៅ​ទន់ខ្សោយ គឺ​ធ្វើ​ឲ្យ​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយ​អាច​ប្រើ​ឥទ្ធិពល​ដែល​ខ្លួន​មាន​រំលោភ​យក​ដី​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ខណៈ​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់​មាន​ដីធ្លី​តិចតួច និង​ខ្លះ​ទៀត​អត់​មាន​ដីធ្លី​សូម្បីតែ​សម្រាប់​សាងសង់​លំនៅឋាន​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ ថា នៅ​កម្ពុជា ពលរដ្ឋ​ក្រីក្រ​ដែល​ជា​មនុស្ស​ពេញវ័យ​ក្នុង​ចំណោម ៥​នាក់​មាន​ម្នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយសារតែ​ជីវភាព​ទីទ័លក្រ។ លោក​ថា ករណី​បែប​នេះ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​កន្លងមក​នោះ​ទេ។

លោក​អះអាង​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ អ្នក​មាន​អំណាច អ្នក​មាន​លុយ​ចាប់ពី​ថ្នាក់​មធ្យម​ឡើង​ទៅ និង​អ្នក​រកស៊ី​ទិញ​លក់​ដី​ឲ្យ​ជនបរទេស​មួយ​ចំនួន បាន​ក្លាយ​ទៅជា​កម្លាំង​ចលករ​មួយ​ដែល​បង្កើត​ឲ្យ​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី និង​ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ចិញ្ចឹម​ជីវិត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប្រសិនបើ​កម្ពុជា​នៅតែ​គ្មាន​គោលនយោបាយ​ជួយ​ពលរដ្ឋ​ក្រីក្រ​អត់​ដីធ្លី និង​អ្នក​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​ទាំងនោះ​ឱ្យ​មាន​សិទ្ធិ​កាន់កាប់​ដី​ថ្មីៗ​ដែល​រដ្ឋ​បាន​ផ្តល់​ឱ្យ ដើម្បី​ចិញ្ចឹម​ជីវិត​ឱ្យ​បាន​ស្រួល​ទេ នោះ​កម្ពុជា​នៅតែ​មាន​ពលរដ្ឋ​ចំណាកស្រុក ហើយ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ជាង​នេះ​បន្ថែម​ទៀត។

ការ​អះអាង​របស់​អ្នក​ឃ្លាំមើល​សង្គម​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ហាក់​ពុំ​បាន​គិតគូរ​ពី​ជីវភាព​របស់​ពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ដែល​គ្មាន​លំនៅឋាន ឬ​ដីធ្លី​ដើម្បី​បង្កបង្កើន​ផល ខណៈ​អ្នក​មាន​អំណាច​ម្នាក់ៗ​មាន​ដី​រាប់​ពាន់​ហិកតារ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​លាតត្រដាង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​កំពុង​កើតមាន​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​គ្រួសារ​ក្នុង​តំបន់​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន ត្រូវ​បាត់បង់​សិទ្ធិ​ជា​ម្ចាស់​លើ​ដីធ្លី​របស់​ខ្លួន​ទាំងស្រុង បើ​ទោះបីជា​ពួកគេ​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្តី។

ប្រភព​ដដែល​អះអាង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ជាពិសេស​ក្រុមហ៊ុន​ដែល​ជា​បក្ខពួក​របស់​កូនៗ​របស់​លោក ហ៊ុន សែន រាប់​ពាន់​ហិកតារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍​រាប់​ម៉ឺន​នាក់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​ខ្លះ​ប្រឈម​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ឬ​ប្តូរ​លំនៅឋាន​ដោយ​ពុំ​មាន​សំណង និង​ដោយ​មិន​មាន​ការ​ស្ម័គ្រចិត្ត​ផង​ដែរ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ ថា ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាពិសេស​គឺ​អ្នកស្រី ហ៊ុន ម៉ាណា បាន​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​តំបន់​ភ្នំ​ដោះក្រមុំ​ក្នុង​ខេត្ត​មណ្ឌលគិរី ចែក​គ្នា​ធ្វើ​អាជីវកម្ម​ស្ទើរតែ​អស់​ទៅ​ហើយ ក្រោម​រូបភាព​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ។

លោក​បន្ត​ថា អ្នក​ដែល​មាន​សិទ្ធិ​កាន់កាប់​ដី​រាប់​ពាន់​ហិកតារ​គ្មាន​នរណា​ក្រៅពី​ក្រុម​គ្រួសារ និង​បក្ខពួក​លោក ហ៊ុន សែន នោះ​ទេ ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់​ត្រូវ​បាត់បង់​ដីធ្លី លំនៅឋាន និង​ត្រូវ​បង្ខំ​ចិត្ត​ប្តូរ​ទីតាំង​ទៅ​រស់នៅ​កន្លែង​ផ្សេង និង​ខ្លះ​ទៀត​សុខចិត្ត​ធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​សង្ឃឹម​ថា​នឹង​វិលត្រឡប់​ទៅ​ស្រុក​វិញ​ឡើយ។

កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ កន្លងទៅ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី បាន​ស្នើ​ក្រសួង​មហាផ្ទៃ កាត់​ឆ្វៀល​ដី​ទំហំ​ជាង ៣​ពាន់​ហិកតារ​ចេញពី​តំបន់​ដែន​ជម្រក​សត្វព្រៃ​ណាមលៀរ ដើម្បី​ធ្វើជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​ដែល​ស្ថិត​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។

ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​កាត់​ឆ្វៀល​ដី​យក​ទៅ​ធ្វើ​អាជីវកម្ម​ផ្ទាល់​ពី​សំណាក់​អ្នក​មាន​អំណាច ត្រូវ​បាន​គេ​ធ្វើឡើង​ក្រោម​រូបភាព​ជាច្រើន ដូចជា​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន និង​ការ​កាត់​ផ្ទៃ​បឹងតាមោក​ឱ្យ​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស