34 C
Phnom Penh

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​អគ្គនាយក​កាំកុងត្រូល​ថា​កិបកេង​លុយ​ជាតិ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រាជការ​ជាច្រើន​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា ក.ប.ប. លោក ផាន អូន បាន​កិបកេង​លុយ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី ចំនួន​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។

មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បាន​បន្ត​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ផាន អូន ដែល​បាន​កិបកេង​ថវិកា​ជាតិ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​នៃ​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី កាលពី​ពេល​ថ្មីៗ​នេះ។

ការ​អះអាង​របស់​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ គឺ​ដោយសារតែ​លោក ផាន អូន ចេះ​តែ​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​បាន​ដោយ​រលូន​អស់​រាប់​ឆ្នាំ ដោយ​គ្មាន​ចំណាត់ការ​ណាមួយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នៅឡើយ​ទេ រហូត​មក​ទល់នឹង​ពេលនេះ។

ប្រភព​ដដែល​រៀបរាប់​ថា ក្នុង​អំឡុង​ឆ្នាំ​២០២០ លោក ផាន អូន ទទួល​បាន​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ១០​ម៉ឺន​ដុល្លារ​អាមេរិក​តាម​សំណើ​របស់​លោក ដើម្បី​ទិញ​ដី​មួយ​កន្លែង​សម្រាប់​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​ខ្នាត​តូច​របស់​សាខា ក.ប.ប. ខេត្ត​រតនគិរី ប៉ុន្តែ​លោក ផាន អូន បាន​កិបកេង​លុយ​នេះ​ដោយ​ចំណាយ​អស់​ត្រឹមតែ ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

មន្ត្រី​ទាំងនោះ​បន្ត​ថា លោក ផាន អូន និង​បក្ខពួក បាន​ចរចា​ទិញ​ដី​សម្រាប់​សាងសង់​អាគារ​ពិសោធន៍​នេះ​ពី​លោក ហេង សាយ ប្រធាន​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី ដែល​លក់​ក្នុង​តម្លៃ​ទីផ្សារ ៥​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បាន​ឃុបឃិត​ជាមួយ​លោក ហេង សាយ និង​មន្ទីរ​សុរិយោដី​ខេត្ត​រតនគិរី បំបែក​ដី​នោះ​ជា​ពីរ​ប្លង់។

ពួកគាត់​បាន​បញ្ជាក់​ទៀត​ថា ដី​មួយ​ប្លង់​ឱ្យ​ទៅជា​កម្មសិទ្ធិ​កូនស្រី​របស់​លោក ផាន អូន ដែល​មាន​តម្លៃ​ប្រហែល ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក និង​មួយ​ប្លង់​ទៀត​ដាក់​ជា​កម្មសិទ្ធិ​របស់​សាខា ក.ប.ប. សម្រាប់​ការ​សាងសង់​មន្ទីរ​ពិសោធន៍​ប្រចាំ​ខេត្ត​រតនគិរី។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ពាណិជ្ជកម្ម លោក ផាន អូន និយាយ​ទៅ​កាន់​អ្នក​កាសែត

មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ដដែល​នោះ​បារម្ភ​ថា លោក ផាន អូន និង​បក្ខពួក នឹង​ប្រើ​វិធី​ដដែល​នេះ​ទៀត​ដើម្បី​កិបកេង​លុយ​ជាតិ​លើ​គម្រោង​នានា​ជា​បន្ត​ទៀត ព្រោះថា​ក្នុង​ឆ្នាំ​២០២១ នេះ លោក ផាន អូន បាន​លើក​សំណើ​សុំ​ថវិកា​រដ្ឋ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ទិញ​ដី និង​សាងសង់​អគារ​ជាច្រើន​កន្លែង​ទៀត​តាម​បណ្តា​សាខា​រាជធានី-ខេត្ត ដែល​មិនទាន់​មាន​អគារ​មន្ទីរ​ពិសោធន៍។

មន្ត្រី​រាជការ​ទាំងនោះ​បញ្ជាក់​ថា តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា ក.ប.ប. របស់​លោក ផាន អូន នៅតែ​អាច​រក្សា​បាន បើ​ទោះបីជា​មន្ត្រី​រូប​នេះ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ណា​ក្តី គឺ​ដោយសារ​មន្ត្រី​ពុករលួយ​រូប​នេះ​តែង​សូកប៉ាន់​លុយកាក់​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជា​ប្រចាំ​រហូត​មក។

លោក ផាន អូន ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លងទៅ។ ក្រោយ​ទទួល​កាន់​តំណែង​នេះ លោក ផាន អូន បាន​រៀបចំ​ខ្សែ​បណ្ដាញ​បក្ខពួក​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​ក្នុង​មុខ​នាទី​សំខាន់ៗ ដែល​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​មាន​បាន​ក្នុង​គ្រួសារ​របស់​ពួកគេ​រៀងៗ​ខ្លួន។

ទាក់ទិន​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​លាតត្រដាង​កាល​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ហានិភ័យ​កាន់តែ​ខ្ពស់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រហូត​ដល់​ការ​បំពាន​នីតិរដ្ឋ​ថែម​ទៀត ក្នុង​នោះ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​កម្ពុជា​បាន​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​រូបភាព​ផ្សេងៗ​យ៉ាង​អនាធិបតេយ្យ​ស្ទើរតែ​ពេញ​ស្ថាប័ន​របស់​រដ្ឋ​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស