ក្រុមអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ការសម្រេចវះកាត់ព្យាបាលភ្នែកប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ពីសំណាក់អគ្គនាយកដ្ឋានពន្ធនាគារ គឺក្នុងចេតនាដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើអ្នកជាប់ឃុំនៅកម្ពុជា ប៉ុន្តែការយកចិត្តទុកដាក់នេះមិនត្រូវធ្វើឡើងដោយមិនពិគ្រោះយោបល់ជាមួយនឹងសាច់ញាតិរបស់លោកនោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ថា ដើម្បីបង្កើតនូវទំនុកចិត្តក្នុងការព្យាបាលនេះ អគ្គនាយកដ្ឋានពន្ធនាគារគួរតែប្រគល់សិទ្ធិជ្រើសរើសក្រុមគ្រូពេទ្យសម្រាប់ព្យាបាលក្នុងការវះកាត់នេះឱ្យសាច់ញាតិរបស់លោក រ៉ុង ឈុន ជាអ្នកសម្រេចជំនួសវិញ។ លោកបន្តថា ពិតមែនតែលោក រ៉ុង ឈុន ត្រូវបានកាត់ទោសឱ្យជាប់ឃុំ ប៉ុន្តែអាជ្ញាធរមិនគួរបិទសិទ្ធិសេរីភាពរបស់លោកមិនឱ្យជ្រើសរើសក្រុមគ្រូពេទ្យសម្រាប់ការព្យាបាលជំងឺដោយខ្លួនឯងនោះទេ ហើយអាជ្ញាធរក៏គ្មានសិទ្ធិក្នុងការជ្រើសរើសក្រុមគ្រូពេទ្យ ដើម្បីព្យាបាលសុខភាពជំនួសរូបលោកនោះឡើយ។
លោក មឿន តុលា បញ្ជាក់ថា ការចាប់ខ្លួនលោក រ៉ុង ឈុន នេះ ត្រូវគេមើលឃើញថា ធ្វើឡើងដោយអយុត្តិធម៌ពីសំណាក់អាជ្ញាធរកម្ពុជា ដូច្នេះសមត្ថកិច្ចគួរតែដោះលែងលោកឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យលោកអាចជ្រើសរើសគ្រូពេទ្យ និងកន្លែងព្យាបាលដោយខ្លួនលោកផ្ទាល់ ជាជាងឃុំខ្លួនលោកបន្តទៀតទាំងដែលលោកមានជំងឺនៅពេលនេះ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ត្រូវសារព័ត៌មានក្នុងស្រុកឈ្មោះ Switf News បានដកស្រង់សម្ដីចុះផ្សាយកាលពីថ្ងៃទី៦ ខែកញ្ញា ថា អាជ្ញាធរបានបញ្ជូនខ្លួនតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ទៅពិនិត្យសុខភាពភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី ហើយលទ្ធផលបង្ហាញថា ភ្នែកខាងស្តាំរបស់លោកមានបញ្ហាស្រវាំងយ៉ាងខ្លាំង។
មន្ត្រីពន្ធនាគាររូបនេះអះអាងថា ដើម្បីកុំឱ្យប៉ះពាល់ដល់ភ្នែកខាងឆ្វេងរបស់លោកបន្ថែមទៀត ក្រុមគ្រូពេទ្យសម្រេចថានឹងធ្វើការវះកាត់ព្យាបាលភ្នែកដែលមានជំងឺនោះជូនគាត់ឱ្យបានទាន់ពេល ប៉ុន្តែក្រោយការពិនិត្យ ក្រុមគ្រូពេទ្យនៅមិនទាន់កំណត់ថ្ងៃវះកាត់ព្យាបាលជំងឺភ្នែករបស់លោក រ៉ុង ឈុន នៅឡើយទេ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ខ្លួនជុំវិញការធ្វើអត្ថាធិប្បាយទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ កាលពីខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ជុំវិញបញ្ហានេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានសម្រេចផ្ដន្ទាទោសតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ ១៣៥លានរៀលថែមទៀតពីបទញុះញង់ តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ផ្អែកតាមមាត្រានៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិពលរដ្ឋ អាចឆ្លុះបញ្ចាំងឲ្យឃើញថា លោក រ៉ុង ឈុន ជាសកម្មជនល្អ ស្អាតស្អំ និងឈឺឆ្អាលរឿងទឹកដីព្រំដែនដែលគួរតែត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជា ប៉ុន្តែការកាត់ទោសនេះគឺជាការបំបិទសិទ្ធិពលរដ្ឋមិនឲ្យនិយាយ ឬតវ៉ាពីរឿងទឹកដីរបស់ខ្លួនទៅវិញ។
មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ បានចែងថា មនុស្សគ្រប់រូបត្រូវមានសិទ្ធិសេរីភាពនៃការសម្ដែងមតិ ហើយសិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពក្នុងការស្វែងរកព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតយោបល់សព្វបែបយ៉ាង ដោយគ្មានកំណត់ព្រំដែនអ្វីទាំងអស់ ទោះទាំងតាមផ្ទាល់មាត់ក្តី ទាំងតាមការសរសេរ ឬបោះពុម្ពក្តី ក្នុងទម្រង់នៃសិល្បៈ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយដទៃទៀតក្តី៕