35 C
Phnom Penh

ភាគ​២៖ តើ​ទិដ្ឋភាព​នៅ​ភ្នំពេញ សៃហ្គន និង​អាហ្វហ្គានីស្ថាន មាន​ភាព​ខុសគ្នា និង​ដូចគ្នា​បែប​ណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នេះ​ជា​កិច្ចសម្ភាសន៍​ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាមួយ​អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ (Elizabeth Becker) ជា​អ្នក​កាសែត និង​ជា​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ (ថ្ងៃ​អង្គារ ទី​២៤ ខែ​សីហា ឆ្នាំ​២០២១)។

លោក ហាស់ សាន៖ ខ្ញុំ​សូម​ធ្វើការ​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​បន្តិច! ប្រវត្តិសាស្ត្រ​លោកស្រី​បាន​ចូលរួម​សរសេរ​សៀវភៅ។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ លោកស្រី​បាន​ចូលរួម​ជាមួយ​មិត្ត​រួម​ការងារ​មាន​ឈ្មោះ Malcolm Caldwell និង Richard Dudman ដើម្បី​ជួប​សម្ភាស ប៉ុល ពត។

តើ​លោកស្រី​អាច​ប្រាប់​យើង​បាន​ទេ​អំពី​បទពិសោធន៍​លោកស្រី​ពេល​នោះ​នៅ​ភ្នំពេញ បន្ទាប់ពី​ការ​កាន់កាប់​របស់​ខ្មែរក្រហម? លោកស្រី​បាន​ប្រាប់​ខ្ញុំ​អំពី​អ្នក​បកប្រែ​លោកស្រី​ដែល​បាន​ប្រាប់​លោកស្រី​ថា អ្វីៗ​នឹង​មិន​អី​ទេ​នៅ​ពេល​សង្គ្រាម​ចប់?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ គាត់​មិនមែន​ជា​អ្នក​បកប្រែ​របស់​ខ្ញុំ​ទេ។ គាត់​គឺជា​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ។ គាត់​ជា​ធនាគារិក Campu ជនជាតិ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ពីរ​បី​នាក់​ដែល​បដិសេធ​មិន​ចូលរួម​ក្នុង​នយោបាយ ប៉ុន្តែ​គាត់​ស្នេហា​ជាតិ និង​ចាប់អារម្មណ៍​តាមដាន​នយោបាយ​ខ្លាំង។ គាត់​បាន​នៅ​កម្ពុជា គាត់​បាន​រួច​ជីវិត​ពី​របប​ខ្មែរក្រហម។ គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​កាណាដា វិញ ក្លាយ​ជា​ធនាគារិក។ ខ្ញុំ​សរសេរ​អំពី​គាត់។ គាត់​គឺជា​មនុស្ស​ដំបូង​ដែល​ខ្ញុំ​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​ខ្ញុំ។

លោក ហាស់ សាន៖ តើ​គាត់​ជា​នរណា?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ Mey Campu គាត់​ជា​តួអង្គ​យ៉ាង​សំខាន់​នៅ​ក្នុង​សៀវភៅ​ខ្ញុំ។ គាត់​តំណាង​ឱ្យ​ខ្មែរ​ទាំងអស់​គ្នា។ សង្ឃឹម​ថា​គាត់​ក្លាយ​ជា​អ្នក​ដឹកនាំ។ គាត់​សាទរ​ចំពោះ​គំនិត​ទាំងអស់​ពី​គ្រប់​ភាគី និង​មាន​ភាព​ប្រាកដ​និយម​គ្រប់​បញ្ហា។ គួរ​ឱ្យ​ស្តាយ គាត់​គិត​ខុស​ដែល​ថា​ខ្មែរក្រហម​មិន​អី​ទេ។

លោក ហាស់ សាន៖ លោកស្រី​ស្នាក់​នៅ​សណ្ឋាគារ​បាន​ឮ​ស្នូរ​កាំភ្លើង​នៅ​ខាងក្រៅ​សណ្ឋាគារ​ដែរ​ទេ?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ យើង​ទាំង​បី​នាក់​ជា​មនុស្ស​ដំបូង និង​ចុងក្រោយ​គេ​ដែល​បាន​អញ្ជើញ​ឱ្យ​មក​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម ព្រោះតែ​យើង​ជា​អ្នកកាសែត​លោក​ខាងលិច។ ខ្មែរក្រហម​ដឹង​ថា​ខ្លួន​បាន​បង្ក​ហេតុ​ដល់​វៀតណាម​ច្រើន​ណាស់ ហើយ​ថា​វៀតណាម​នឹង​ឆ្លើយតប​វិញ។ យើង​បាន​ទៅ​ពាសពេញ​ប្រទេស ប្រើ​ពេល​មិន​ច្រើន​ទេ។ យើង​មាន​ពេល​ពីរ​សប្តាហ៍​នៅ​កម្ពុជា។

នៅ​ថ្ងៃ​ចុងក្រោយ មាន​ការ​ជូនដំណឹង​ជា​មុន​ត្រឹមតែ​មួយ​ម៉ោង​ប៉ុណ្ណោះ យើង​ត្រូវ​បាន​គេ​ប្រាប់​ថា យើង​ត្រូវ​ជួប​សម្ភាស ប៉ុល ពត។ យើង​ស្នាក់​នៅ​ផ្ទះសំណាក់​រដ្ឋាភិបាល ធ្លាប់​ជា​ទីស្នាក់ការ​កណ្តាល​សម័យ​អាណានិគម​បារាំង នៅ​តាម​ដងទន្លេ ហើយ​ឥឡូវ​នេះ​ជា​កន្លែង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស្រេច​តែ​លើ​ពួកគេ។ ទីនោះ​ជា​កន្លែង​ដែល​យើង​សម្ភាស។

ដំបូង​មាន​តែ​លោក Dudman និង​ខ្ញុំ​ផ្ទាល់។ យើង​បាន​ព្រាង​សំណួរ​មុន​ចាប់តាំង​ពី​ដំបូង​នៃ​ដំណើរ​រយៈពេល​ពីរ​សប្តាហ៍​របស់​យើង ព្រោះ​យើង​មិន​ដែល​គិត​ថា យើង​នឹង​បាន​ទៅ​ជួប​គាត់​ទេ។ គាត់​មាន​អំណោយទាន​ជាង​ការ​គិត​របស់​ខ្ញុំ។ ជា​របៀប​ដែល​គាត់​ក្លាយ​ជា​អ្នក​ដឹកនាំ។ ប៉ុន្តែ​នៅ​ពេល​គាត់​ចាប់ផ្តើម​និយាយ គាត់​គឺជា​មនុស្ស​លទ្ធិ​និយម។ គាត់​ដឹង​ថា​វៀតណាម​នឹង​វាយលុក ព្រោះ​គាត់​បាន​រម្លឹក​ម្តង​ហើយ​ម្តង​ទៀត ប្រសិនបើ​លោក​នៅ​ចងចាំ ខ្មែរក្រហម​បាន​បង្ក​ឱ្យ​មាន​សង្គ្រាម​ព្រំដែន​ជាមួយ​កុម្មុយនីស្ត​វៀតណាម​ខាងត្បូង ដោយសារតែ​ពួកគេ​ចង់​យក​កម្ពុជា​ក្រោម​មក​វិញ។ ពិតជា​ឆ្កួត​មែន គាត់​ព្យាយាម​ស្ដីបន្ទោស​វៀតណាម ចំពោះ​បញ្ហា​ទាំងអស់​នៅ​ក្នុង​ប្រទេស ជំនួស​ការ​ឆ្លើយ​សំណួរ។ អ្វី​ដែល​គាត់​បាន​ធ្វើ គឺ​ចំណាយ​ពេល​មួយ​ម៉ោង​កន្លះ​ប្រាប់​យើង​ពី​មូលហេតុ​ដែល​អាមេរិក និង​អង្គការ​ណាតូ គួរតែ​មក​ជួយ​សង្គ្រោះ​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ពេល​វៀតណាម​ឈ្លានពាន។

គាត់​ព្យាករ​ថា វៀតណាម​នឹង​មិន​អាច​ឈ្លានពាន​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​បណ្តា​ប្រទេស​ទាំងអស់​នៃ​សន្ធិសញ្ញា Warsaw ដែល​មាន​សម្ពន្ធភាព​ជាមួយ​សហភាព​សូវៀត។ ខ្ញុំ​មិន​ជឿ​អ្វី​ដែល​គាត់​បាន​និយាយ​ទេ។ គាត់​និយាយ​ច្រើន​ហូរហែ។ បន្ទាប់មក គាត់​បាន​ដើរ​ចេញ​បាត់​ទៅ។ នៅ​យប់​នោះ យើង​សប្បាយចិត្ត​ដែល​បាន​ធ្វើ​វា​ចប់ ព្រោះ​វា​ដូចជា​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​អស់​រយៈពេល​ពីរ​សប្តាហ៍។ យើង​មិន​អាច​ទៅ​ណា​បាន​ទេ បើ​ពួកគេ​មិន​អនុញ្ញាត។ ពួកគេ​ជា​អ្នក​សម្រេច​ចិត្ត​ឲ្យ​យើង​សម្ភាស ឬ​មិន​ឲ្យ។ ពួកគេ​រំខាន​ខ្ញុំ ប្រសិនបើ​ពួកគេ​មិន​ចូលចិត្ត​សំណួរ​របស់​ខ្ញុំ។ យើង​បាន​ដឹង​ថា វៀតណាម​នឹង​ចូល​ឈ្លានពាន។ យើង​បាន​ឮ​ពី​សារព័ត៌មាន BBC យើង​ដឹង​ថា​ការ​លុកលុយ​បាន​ចាប់ផ្តើម រួច​ទៅ យើង​ឮ​ស្នូរ​កាំភ្លើងធំ​ផ្លោង​ដាក់​គ្នា។

លោក ហាស់ សាន៖ ការលុកលុយ​បាន​ចាប់ផ្តើម​នៅ​ខែ​ធ្នូ។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ភ្លាមៗ​បន្ទាប់ពី​យើង​បាន​ចាកចេញ​ផុត។

លោក ហាស់ សាន៖ តើ ប៉ុល ពត បាន​ប្រាប់​លោកស្រី​អំពី​យុត្តិកម្ម ឬ​ហេតុផល​ចម្បង​របស់​គាត់​អ្វី​ខ្លះ​ដែល​ចង់​ផ្លាស់ប្ដូរ​ប្រទេស​ទៅជា​រដ្ឋ​កសិកម្ម?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ គាត់​មិន​បាន​ប្រាប់​យើង​អ្វី​ទេ។ ប្រជាជន​គាត់​បាន​ប្រាប់។ រយៈពេល ២​សប្តាហ៍ គឺជា​សិក្ខាសាលា​ធំ​មួយ ពួកគេ​ចង់​កម្ចាត់​ឥទ្ធិពល​បារាំង ចង់​កម្ចាត់​ឥទ្ធិពល​សក្ដិភូមិ ចង់​បោស​សម្អាត​ស្លាកស្នាម និង​មិន​ជឿ​ទុកចិត្ត​លើ​គុណូធិបតេយ្យ មិន​ទុកចិត្ត​អ្នកជំនាញ មនុស្ស​មកពី​តំបន់​ផ្សេង។ ពួកគេ​ទុកចិត្ត​តែ​អ្នក​ស្រែ​ចម្ការ និង​កសិករ ជា​រឿង​ឆ្កួត​លីលា ពីព្រោះ​ពួកគេ​មាន​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ធ្វើ​កិច្ចការ​ធំៗ និង​បង្ក​ឱ្យ​មាន​មហន្តរាយ។

កម្ពុជា​អាច​ចិញ្ចឹម​ខ្លួន​ឯង​បាន​នៅ​ពេល​យើង​អាច​ធ្វើ​បាន ព្រោះ​ប្រជាជន​បាន​គេ​ចាត់ទុក​ថា​ស្មើ​នឹង​ជំរំ​ប្រមូល​ផ្តុំ។ ប្រាកដ​ណាស់ គ្មាន​អាហារ​ទេ នៅ​ពេល​ខ្ញុំ​លើក​សំណួរ​ទាំងនេះ ពួកគេ​និយាយ​ថា ខ្ញុំ​ជា CIA។ វា​មិនមែន​ជា​ការសន្ទនា​ដូច​លោក​សង្ឃឹម​ថា​ខ្ញុំ​អាច​ប្រាប់​លោក​បាន​ទេ មិនមែន​ជា​ការសន្ទនា​ទាល់តែសោះ។ វា​ជា​ការ​ឃោសនា។ ចំណាប់អារម្មណ៍​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ក្នុង​ការឃោសនា​នោះ គឺ​មាន​ភាព​ឃោរឃៅ។

ឥឡូវ​នេះ ខ្ញុំ​មិន​បាន​ឃើញ​ការ​ប្រហារ​ជីវិត ឬ​អ្វី​ដូច​នោះ​ទេ។ ពួកគេ​មិន​ដែល​អនុញ្ញាត​ឱ្យ​ខ្ញុំ​ទេ ប៉ុន្តែ​ភាព​ឃោរឃៅ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​វិធី​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​មនុស្ស គ្មាន​សាលារៀន គ្មាន​ព្រះវិហារ គ្មាន​វិហារ​អ៊ីស្លាម គ្មាន​វត្តអារាម គ្មាន​ទីផ្សារ ប្រជាជន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​អ្វី​ក្រៅពី​ធ្វើការ​ជា​ទម្ងន់ និង​រស់នៅ​ក្នុង​ជំរំ​ប្រមូល​ផ្តុំ។ អ្វី​ដែល​ខ្ញុំ​បាន​ឃើញ គឺ​ភាព​ឃោរឃៅ គ្មាន​សមត្ថភាព​មិន​គួរ​ឱ្យ​ជឿ។ ពួកគេ​មិន​ដឹង​ថា ពួកគេ​កំពុង​ធ្វើ​អ្វី នៅ​ពេល​ពួកគេ​បរាជ័យ ពួកគេ​សម្លាប់​មនុស្ស។

លោក ហាស់ សាន៖ ឥឡូវ​នេះ មិត្តភ័ក្ដិ និង​សម្ពន្ធមិត្ត​របស់​យើង​មាន​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ភ័យខ្លាច បន្ទាប់ពី​បាន​ចូលរួម​ជាមួយ​អាមេរិក ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​មួយ។ ខ្ញុំ​ជា​ផ្នែក​មួយ​នៃ​សង្គ្រាម​ដែល​បាន​កើតឡើង​នៅ​ប្រទេស​កម្ពុជា។ បើ​តាម​យោបល់​របស់​លោកស្រី តើ​អ្វី​ជា​វិធី​ល្អ​បំផុត​ដើម្បី​ជៀស​ផុត​ពី​មហន្តរាយ​នា​ពេល​អនាគត ដូច​យើង​បាន​ឃើញ​កន្លងមក?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ លោក​គិត​ថា​លោក​កំពុង​ជួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ឬ?

លោក ហាស់ សាន៖ អត់ទេ យើង​កំពុង​ប្រយុទ្ធ​ប្រឆាំង​កុម្មុយនីស្ត ផ្ដោត​សំខាន់ យើង​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ កុម្មុយនីស្ត​អ្វី?

លោក ហាស់ សាន៖ យើង​បាន​ដឹង​ថា នៅ​ពេល​ពួក​កុម្មុយនីស្ត​កាន់កាប់​ប្រទេស យើង​ត្រូវ​បាន​សម្លាប់​រង្គាល។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ លោក​គិត​ថា លោក​កំពុង​ប្រយុទ្ធ​ជាមួយ​កុម្មុយនីស្ត​វៀតណាម​ឬ?

លោក ហាស់ សាន៖ នោះ​គឺជា​ឥទ្ធិពល​ចម្បង ខ្មែរក្រហម​គ្មាន​នរណា​រក​ឃើញ​ទេ​ក្នុង​រយៈពេល​សង្គ្រាម​ពីរ​បី​ឆ្នាំ​ដំបូង។

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ ហេតុផល​ដែល​ខ្ញុំ​ចង់​គូស​បញ្ជាក់​នោះ គឺ​ថា​ប្រទេស​របស់​លោក​ធ្លាក់​ចូល​ក្នុង​សង្គ្រាម ទោះបី​កម្ពុជា​មាន​សំណាង មិន​ថា​លោក​គិត​យ៉ាង​ណា​ទេ​ចំពោះ​សម្តេច សីហនុ យ៉ាងហោចណាស់​ព្រះអង្គ​បាន​ការពារ​កម្ពុជា​ចេញពី​សង្គ្រាម​រហូត​ដល់​ឆ្នាំ​១៩៧០ បន្ទាប់មក​ព្រះអង្គ​ត្រូវ​បាន​ផ្តួល​រំលំ។ ខ្ញុំ​ប្រាកដ​ថា មូលហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​ព្រះអង្គ​ត្រូវ​ផ្តួល​រំលំ គឺ​ដោយសារ​អ្នក​ធ្វើ​រដ្ឋប្រហារ​ជឿ​ថា​ព្រះអង្គ​ស្និទ្ធ​ជាមួយ​កុម្មុយនីស្ត​ខ្លាំង​ពេក ទោះបី​ព្រះអង្គ​អាច​ការពារ​ប្រទេស​ចេញពី​សង្គ្រាម​ក៏ដោយ។ ពួកគេ​ជឿ​ថា តាម​វិធី​នេះ ពួកគេ​អាច​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ។ ពួកគេ​ដឹង​ថា​សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​ពួកគេ​ធ្វើ​វា ព្រោះ​សហរដ្ឋ​អាមេរិក​បាន​ព្យាយាម​ឱ្យ​ពួកគេ​ប្រយុទ្ធ។ នោះ​ជា​រឿង​ដំបូង​ដែល​ការ​អញ្ជើញ ឬ​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិក​នាំ​យក​យោធា​របស់​ខ្លួន​ចូល​មក​ក្នុង​ប្រទេស​លោក គឺជា​សំណើ​ដ៏​គ្រោះថ្នាក់ ប្រសិនបើ​លោក​មិន​ដឹង​ថា​លោក​កំពុង​ធ្វើ​អ្វី។

ខ្ញុំ​គ្រាន់តែ​និយាយ​ពី​ទស្សនៈ​កម្ពុជា។ ដូច្នេះ​មិន​ថា​វា​ជា​ការ​អញ្ជើញ​សហរដ្ឋ​អាមេរិក ឬ​ស្ថានភាព​បច្ចុប្បន្ន​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឱ្យ​មាន​ឥទ្ធិពល​ចិន នោះ​ទេ។ វា​ក្លាយ​ជា​អំណាច​ពេញលេញ​មួយ​ដែល​លោក​ឃើញ និង​ព្យាយាម​ធ្វើ​នៅ​កម្ពុជា។ ឱ​ព្រះ​អើយ! ចិន​ជា​ម្ចាស់​ក្រុង​ព្រះសីហនុ កំពុង​លាង​លុយ​តាមរយៈ​ការ​សាងសង់​ទាំងអស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ។ កម្ពុជា​មាន​កងទ័ព​ធំ​គួរ​ឱ្យ​អស់​សំណើច មួយ​ផ្នែក​ដោយសារ​តែ ហ៊ុន សែន ស្វែងរក​ភាព​ស្និទ្ធស្នាល​ជាមួយ​ចិន ដែល​បន្ត​គាំទ្រ​រឿង​នោះ។

កម្ពុជា​មិន​បាន​រៀនសូត្រ​ទេ យើង​ឃើញ​នៅ​អាហ្វហ្គានីស្ថាន សហរដ្ឋ​អាមេរិក​មិន​បាន​រៀនសូត្រ​ពី​មេរៀន​នេះ​ទេ។ នៅ​ពេល​ធ្វើ​សង្គ្រាម គួរតែ​ប្រយ័ត្ន​ជាង​មុន សង្គ្រាម​ដឹកនាំ​ដោយ​យោធា។ សូម​មើល​លើ​ថវិកា​យោធា​របស់​ប្រទេស​យើង គឺ​ច្រើន​សន្ធឹកសន្ធាប់​ណាស់ គួរតែ​បន្ត​បង្កើន​ថវិកា​សម្រាប់​ផ្នែក​ការទូត ជា​វិធី​ដែល​យើង​ចូលរួម​ជាមួយ​ពិភពលោក។ ថវិកា​យើង​សម្រាប់​ការទូត​បន្ត​ធ្លាក់​ចុះ យើង​លែង​មាន​កម្មវិធី​វប្បធម៌​មួយ​ចំនួន​ដែល​យើង​ធ្លាប់​មាន​នោះ​ទៀត​ហើយ។ យើង​គួរតែ​ពង្រីក​ថវិកា​ការទូត​របស់​យើង និង​ទប់ស្កាត់​ថវិកា​យោធា។ ថវិកា​គួរតែ​ប្រើ​សម្រាប់​ការទូត​មុន​គេ​បង្អស់។ នោះ​គឺជា​រឿង​មួយ​ដែល​ខ្ញុំ​គិត ជា​ទស្សនៈ​សម្រាប់​កម្ពុជា និង​អាមេរិក​ដែល​ត្រូវ​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស។

លោក ហាស់ សាន៖ តើ​លោកស្រី​គិត​ថា ប្រទេស​ចិន បាន​លេច​ឡើង​មាន​ឥទ្ធិពល​ជាង​មុន ធ្វើ​ឱ្យ​អាមេរិក​ភ័យ​ដែរ​ឬ​ទេ? តើ​លោកស្រី​គិត​ថា នោះ​ជា​មូលហេតុ​ដែល​យើង​ត្រៀម​ខ្លួន​ក្រែង​មាន​ករណី​បែប​នេះ​ដែរ​ឬ​ទេ?

អ្នកស្រី អេលីហ្សាប៊ែត ប៊ែកឃឺ៖ តាម​គំនិត​ខ្ញុំ មិន​បញ្ហា​ទេ នេះ​មិនមែន​ជា​អ្វី​ដែល​អ្នក​បង្កើត​គោលនយោបាយ​និយាយ​ជាមួយ​អ្នកជំនួញ ឬ​ជា​យោធា​ទេ ទោះ​លោក​ស្ថិត​ក្នុង​រដ្ឋាភិបាល នៅ​ក្នុង​វិស័យ​សិក្សា គ្រប់​គ្នា​កំពុង​និយាយ​អំពី​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នៃ​ការ​មកដល់​របស់​ចិន។ តើ​ចិន​ជា​សត្រូវ​មែន​ឬ? ប្រធានបទ​ទាំងអស់​នោះ គឺជា​ប្រធានបទ A របស់​ក្រុង​វ៉ាស៊ីនតោន៕

ចុច​ត្រង់​នេះ ដើម្បី​អាន​បទសម្ភាសន៍​ភាគ​៣ ឬ ចុច​ត្រង់​នេះ ដើម្បី​អាន​បទសម្ភាសន៍​ភាគ​១ ឬ ​ចុច​ត្រង់​នេះ ដើម្បី​ទស្សនា​វីដេអូ​ទាំងស្រុង!

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស