ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ បង្គាប់ឱ្យលោក ដួង ស្រួច ចូលបំភ្លឺនៅតុលាការនាខែកញ្ញា ខាងមុខនេះ ដើម្បីធ្វើការសាកសួរពីបទកាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ក្នុងដីកាបង្គាប់របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដែលសារព័ត៌មាន Cambodia Daily ទើបទទួលបានឱ្យដឹងថា នគរបាលយុត្តិធម៌ត្រូវបង្ខំឱ្យលោក ដួង ស្រួច រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បង្ហាញខ្លួននៅអយ្យការអមសាលាដំបូងឱ្យបានមុនថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
លោក ទី សុវិនថាល់ បញ្ជាក់ថា ការបង្គាប់ឱ្យចូលខ្លួននេះ ដើម្បីធ្វើការសាកសួរពីបទ «កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅចំណុចត្រពាំងឈើទាលពេន និងអូរអាចម៍ដែក២ ក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឃុំរៀបរយ ស្រុករវៀង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ បានសាទរចំពោះការចេញដីការបស់សាលាដំបូងខេត្តព្រះវិហារ ប៉ុន្តែលោកជំរុញឱ្យតុលាការចាត់វិធានការច្បាប់ទៅលើឧក្រិដ្ឋជនដែលបានបំផ្លាញព្រៃឈើ កុំឱ្យដូចពេលកន្លងមក គ្រាន់តែចេញដីកាឱ្យតែល្អមើលនោះ។
លោកបន្តថា បើតាមការចុះស៊ើបអង្កេតរបស់លោកកន្លងមក អ្នកជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ មានលោក ដួង ស្រួច លោក ឡេង រិទ្ធី និងលោក យស សុផង់ ជាដើម។
ក្រៅពីបុគ្គលខាងលើ លោកថាបច្ចុប្បន្ននេះក៏មានក្រុមហ៊ុន PNT ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក និងក្រុមហ៊ុន ធីង៉ា ក្រុមហ៊ុន ស៊ីងបាយអូថិច និងក្រុមអង្គរផ្លាយវូដ ដែលកំពុងសកម្មក្នុងការកាប់ និងដឹកជញ្ជូនព្រៃឈើក្នុងតំបន់ព្រៃឡង់។
លោក ហេង ស្រស់ បន្តថា អ្នកដែលរកស៊ីកាប់បំផ្លាញព្រៃឈើបច្ចុប្បន្នមិនមែនជាប្រជាពលរដ្ឋធម្មតាទេ ពួកគេទាំងនោះសុទ្ធតែមានងារជាឧកញ៉ា និងមន្ត្រីធំៗនៅក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន។ ជាក់ស្ដែងដូចជាលោក ចាប សារ៉ន ដែលអះអាងថាខ្លួនជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសពាក់ស័ក្តិ៥ ហើយបច្ចុប្បន្នលោកកំពុងរកស៊ីកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ជាមួយក្រុមហ៊ុន PNT ដើម្បីយកទៅលក់ឱ្យប្រទេសវៀតណាម។
សកម្មជនបរិស្ថានដដែលនេះនិយាយថា ព្រៃឈើនៅកម្ពុជាអាចនឹងនៅសល់លុះត្រាតែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់ ដោយចាប់ផ្ដើមពីការលុបបំបាត់អំពើពុករលួយ បិទរោងចក្រអារឈើនៅជាប់តំបន់ព្រៃឡង់ និងនៅតំបន់ការពារតាមខេត្តផ្សេងៗទៀត។ មួយវិញទៀត ត្រូវបញ្ឈប់ការចេញលិខិតឱ្យមានការដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេសជាដើម បើមិនដូច្នោះទេ លោកថាព្រៃឈើនៅកម្ពុជានឹងវិនាសអស់ក្នុងពេលឆាប់ៗនេះ។
កាលពីឆ្នាំ២០១៩ សាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាឱ្យចាប់ខ្លួនឧកញ៉ា វន់ ប៊ុនថៃ ឧកញ៉ា ស្រ៊ុន ម៉េងលាង និងឧកញ៉ា តុប វីរដា បន្ទាប់ពីរកឃើញពាក់ព័ន្ធនឹងការប្រមូល ដឹកជញ្ជូន និងសន្និធិផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការមិនទាន់ចាប់ខ្លួនឧកញ៉ាទាំង ៣នាក់បាននៅឡើយ៕