31 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ការ​ចាប់​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា​ជា​រឿង​អយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ខាង​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ​នៅ​កម្ពុជា ព្រមាន​ថា ការ​ចាប់​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺជា​រឿង​អយុត្តិធម៌ បើ​ទោះបីជា​អាជ្ញាធរ​កម្ពុជា​ព្យាយាម​បិទបាំង និង​បកស្រាយ​បំភ្លៃ​ការពិត​យ៉ាងណាក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល និង​សមាគម​ជាច្រើន​នៅ​កម្ពុជា​បន្ត​អំពាវនាវ​បន្ត​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន និង​សកម្មជន​ដទៃ​ទៀត​នៅ​ដើម​សប្តាហ៍​នេះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ គឺជា​រឿង​ត្រឹមត្រូវ និង​ជា​រឿង​ដែល​គួរតែ​ធ្វើ ព្រោះ​ថា​សកម្មជន​ទាំងនោះ​ធ្វើ​សកម្មភាព​កន្លងមក​ស្រប​ទៅ​នឹង​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ មិន​បាន​បង្ក​ចលាចល​ដល់​សន្តិសុខ​សង្គម​ឲ្យ​មាន​ភាព​វឹកវរ​នោះ​ទេ។

លោក​អះអាង​ថា ការ​ចាប់​សកម្មជន​បរិស្ថាន និង​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​អនុវត្ត​ច្បាប់​បញ្ច្រាស​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​អាជ្ញាធរ​ខ្មែរ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​ទទួលស្គាល់​កិច្ចព្រមព្រៀង​នេះ​តាំងពី​ឆ្នាំ​១៩៩១ មក។

លោក មឿន តុលា បញ្ជាក់​ថា ដោយសារតែ​ការ​អនុវត្ត​ច្បាប់​ដែល​ផ្ទុយពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជាច្រើនលើក​ច្រើនសា​បែប​នេះ​ហើយ ទើប​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​ដូចជា​សហរដ្ឋ​អាមេរិក ជាដើម ចេះតែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​ក្នុង​បំណង​ជំរុញ​ឲ្យ​មាន​ការ​គោរព​នូវ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​នេះ ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​ពលរដ្ឋ​ដោយ​គ្មាន​ការ​រំលោភ​បំពាន​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក មឿន តុលា

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជាច្រើន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស បាន​ធ្វើ​យុទ្ធនាការ​ជា​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស ជាពិសេស​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដើម្បី​ឲ្យ​ពួកគេ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

អង្គការ​សមាគម​ដែល​បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដើម្បី​សង្គម​ទាំងនោះ រួម​មាន​អង្គការ​តម្លាភាព​កម្ពុជា សមាគម​បណ្ដាញ​យុវជន​កម្ពុជា និង​សមាគម​សម្ព័ន្ធ​សហគមន៍​ស្រូវ​អង្ករ​កម្ពុជា ជាដើម ស្រប​ពេល​ដែល​អ្នកទោស​មនសិការ​ទាំងអស់​នោះ​ត្រូវ​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​តាំងពី​អំឡុង​ឆ្នាំ​២០២០ ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ពួកគេ​បាន​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​រងគ្រោះ​នៅ​ពេល​នោះ។

កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​អះអាង​ថា យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​សកម្មជន​ដើម្បី​សង្គម​ទាំងនោះ នឹង​ធ្វើ​រហូត​មុន​នឹង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ​២០២១ បាន​មកដល់ ស្រប​ពេល​ដែល​តុលាការ​បាន​សម្រេច​ថា​នឹង​បើក​សវនាការ​របស់​ពួកគេ​នៅ​ចុង​ខែ​សីហា ឆ្នាំ​២០២១ នេះ។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន ធ្លាប់​បាន​រិះគន់​ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លើក​ទី​៤៥ កាលពី​ចុង​ឆ្នាំ​២០២០ ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា​លើ​សកម្មជន​សិទ្ធិមនុស្ស​ទាំងនោះ គឺជា​ការប្រើប្រាស់​បទបញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​មិន​ត្រឹមត្រូវ ដើម្បី​តែ​ការពារ​រដ្ឋាភិបាល ជាជាង​ការ​ធានា​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស