31 C
Phnom Penh

ក្រុម​មន្ត្រី​គយ​ចោទ​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន​ថា​កាង​បទល្មើស​ជ័រកៅស៊ូ​ឆ្លងដែន​ទៅ​វៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាង​ថា រាល់ថ្ងៃ​នេះ​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​មិន​ឲ្យ​នាំចេញ​ទៅ​ក្រៅ​ប្រទេស បែរជា​ថ្នាក់​ដឹកនាំ​ប្រចាំ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ស្ថិត​ក្នុង​ឃុំ​រូង ស្រុក​មេមត់ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញ​ជាច្រើន​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។

ប្រភព​ដដែល​បាន​ចោទ​លោក ស៊្រុន ណាត ជា​ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន និង​លោក នូរ និច នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​ថា​ជា​អ្នក​កាង​ការពារ​ឈ្មួញ​ល្មើស​ទាំងនោះ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាំ​ឲ្យ​បាត់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ជា​រៀងរាល់​ឆ្នាំ។

មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ថា ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ មន្ត្រី​គយ​ចល័ត​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ឃាត់​រថយន្ត​ដឹក​ជ័រកៅស៊ូ​ស្អុយ​មួយ​ចំនួន និង​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ខុសច្បាប់​ទាំងនោះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឲ្យ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត​ទេ។

ប៉ុន្តែ​ចំណាត់ការ​នេះ បាន​រង​ប្រតិកម្ម​ជា​ខ្លាំង​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ធ្លាប់​តែ​ទទួល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​នាំចេញ​ជ័រកៅស៊ូ​ខុសច្បាប់​ទាំងនោះ ជាពិសេស​លោក ស៊្រុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន តែម្តង។

ប្រភព​ពី​មន្ត្រី​គយ បាន​ចោទ​លោក ស៊្រុន ណាត ថា​ជា​មេខ្លោង​កាង​ការពារ​ឈ្មួញ​ល្មើស​នាំ​កៅស៊ូ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ដូនរ័ត្ន ជា​ថ្នូរ​ទទួល​សំណូក​ពុករលួយ​ពី​ឈ្មួញ​ជា​ប្រចាំ​ថ្ងៃ ដែល​នាំ​ឲ្យ​បាត់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​ពន្ធ​នាំចេញ​កៅស៊ូ​កែច្នៃ​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​ខាងលើ​នេះ។

ឈ្មួញ​ម្នាក់​ឈ្មោះ ចឹម ចា រស់នៅ​ឃុំ​ស្រែចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្ថិត​ក្នុង​ចំណោម​ឈ្មួញ​ច្រើន​ទៀត​ដែល​រកស៊ី​ដឹក​ជ័រកៅស៊ូ​ស្អុយ​ឆ្លងដែន​ទៅ​លក់​នៅ​វៀតណាម តាម​ច្រក​ទ្វារ​ទ្វេភាគី​ដូនរ័ត្ន ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រុក​ដកស្រង់​សម្ដី​មក​ចុះផ្សាយ​ថា ឈ្មួញ​នាំចេញ​ជ័រកៅស៊ូ​ស្អុយ​ភាគច្រើន​មកពី​ខេត្ត​ផ្សេងៗ​គ្នា​មាន​ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​កំពង់ចាម ជាដើម។ ហើយ​ថា​ក្រោយ​រូប​គាត់​ដើរ​ប្រមូល​ទិញ​ជ័រកៅស៊ូ​ស្អុយ​គ្រប់​ចំនួន​ហើយ ក៏​ដឹក​បន្ត​ចេញ​ទៅ​លក់​នៅ​វៀតណាម ជា​រៀងរាល់​ថ្ងៃ ដោយ​មិន​ដឹង​ថា​ជា​ទង្វើ​ល្មើស​ច្បាប់​ទេ។ ព្រោះ​ពេល​ដឹក​ឆ្លង​ច្រក​ទ្វារ​ព្រំដែន​ម្តងៗ គឺ​រូប​លោក​បាន​បង់​លុយ​ទៅ​ឲ្យ​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន​ជា​ប្រចាំ ហើយ​សមត្ថកិច្ច​ប្រចាំការ​នៅ​ច្រក​ព្រំដែន​នោះ តែង​បើក​ផ្លូវ​ឲ្យ​រថយន្ត​របស់​លោក​ឆ្លងដែន​ចូល​ទៅកាន់​ប្រទេស​វៀតណាម យ៉ាង​រលូន​ដោយ​មិន​បាន​សួរនាំ​យក​លិខិត​ស្នាម​អ្វី​ទេ។

ចំណែក​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្បែរ​ច្រក​ទ្វារ​ទេ្វភាគី​ដូនរ័ត្ន បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគាត់​តែង​ឃើញ​ទំនិញ​ជាច្រើន​ប្រភេទ​រួម​មាន ឈើ​ប្រណិត ធ្យូង ជ័រកៅស៊ូ​ស្អុយ និង​ឧស​កៅស៊ូ​ជាដើម ត្រូវ​ក្រុម​ឈ្មួញ​សម្រុក​ដឹក​ឆ្លងដែន​តាម​រថយន្ត​ទាំង​តូច​ធំ និង​ទាំង​យប់​ទាំង​ថ្ងៃ​ចេញ​ទៅ​លក់​នៅ​វៀតណាម។ ហើយ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹក​ទំនិញ​ចេញ​តាម​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន ដែល​ល្បី​ឈ្មោះ​ជាងគេ​រួម​មាន ឈ្មោះ ថៃ គា ជា​មន្ត្រី​យោធា ​លោក យ៉ាន់ ឃុនមុនី និង​ឈ្មួញ​ឈ្មោះ ឌី ជា​មេ​ឈ្មួញ​រកស៊ី​ធំ​នាំចេញ​ជ័រកៅស៊ូ​ស្អុយ​ឆ្លងដែន​ទៅ​លក់​នៅ​វៀតណាម​ដុះស្លែ​តាម​ច្រក​ព្រំដែន​នេះ។

ប្រភព​ពី​ម្ចាស់​រថយន្ត​ស៊ីឈ្នួល​ដឹក​ធ្យូង​ឆ្លងដែន​តាម​ច្រក​ព្រំដែន​ខាងលើ បាន​អះអាង​ថា ចំពោះ​រថយន្ត​ប្រភេទ​សាំយ៉ុង ១​គ្រឿង​ដែល​ដឹក​ធ្យូង​ឆ្លងដែន​ទៅកាន់​ប្រទេស​វៀតណាម ត្រូវ​ចំណាយ​លុយ​ចាប់ពី ៣០​ម៉ឺន​រៀល​ទៅ ៦០​ម៉ឺន​រៀល។ រថយន្ត​កូរ៉េ​កង់ ១០​ឡើង​ទៅ គឺ​ត្រូវ​បង់​លុយ​ចាប់ពី ១​លាន​រៀល​ទៅ ១​លាន ៦០​ម៉ឺន​រៀល​ក្នុង ១​គ្រឿង ហើយ​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ដែល​ប្រចាំការ​នៅ​ច្រក​ព្រំដែន​ដូនរ័ត្ន​នេះ។

ដោយឡែក​សម្រាប់​ការ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ឆ្លងដែន​វិញ ប្រភព​បន្ត​ថា ពួកគាត់​ត្រូវ​បង់​លុយ​ជូន​មន្ត្រី​គ្រប់​ស្ថាប័ន​នៅ​ស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​ដូនរ័ត្ន ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​ស្ថាប័ន​នីមួយៗ​ចាប់ពី ២​ម៉ឺន​រៀល​ទៅ ២០​ម៉ឺន​រៀល​តាម​ប្រភេទ​រថយន្ត​តូច ឬ​រថយន្ត​ធំ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​មាន​ប្រភព​ទាក់ទង​លោក ស៊្រុន ណាត ប្រធាន​ស្នាក់ការ​ច្រក​ទ្វារ​ដូនរ័ត្ន និង​លោក នូរ និច នាយ​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​នេះ​ដើម្បី​បំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស