31 C
Phnom Penh

របប​រដ្ឋប្រហារ​ភូមា​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០​ដែល​ជា​ជ័យជម្នះ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីបំផុត របប​រដ្ឋប្រហារ​នៅ​ភូមា សម្រេច​លុបចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) ជា​បក្ស​រងគ្រោះ​ដោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី ហើយ​ទទួលស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​បោះឆ្នោត​ប្រទេស​ភូមា ដែល​ពួក​យោធា​បង្កើត​ឡើង​ក្រោយ​រដ្ឋប្រហារ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​កក្កដា។

ក្រុមប្រឹក្សា​នេះ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ កក្កដា បាន​ប្រកាស​លុបចោល​លទ្ធផល​បោះឆ្នោត​សភា ឆ្នាំ​២០២០ ដែល​គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី ជា​អ្នក​ទទួល​បាន​ជ័យជម្នះ ដោយ​សំអាង​ថា​ការបោះឆ្នោត​នោះ​គ្មាន​ភាព​យុត្តិធម៌ និង​គ្មាន​តម្លាភាព​ឡើយ។

ការប្រកាស​លុបចោល​លទ្ធផល​បោះឆ្នោត ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រធាន​ក្រុមប្រឹក្សា​រៀបចំ​ការបោះឆ្នោត​ប្រទេស​ភូមា លោក Thein Soe។ លោក Thein Soe សំអាង​ថា សន្លឹកឆ្នោត​ជាង ១១​លាន​សន្លឹក​ត្រូវ​បាន​លួច​បន្លំ។ លោក Thein Soe បាន​ចោទ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ថា​បាន​ព្យាយាម​ដណ្ដើម​អំណាច​ពី​គណបក្ស​ផ្សេងៗ​តាមរយៈ​ការ​ធ្វើ​សកម្មភាព​បោក​បញ្ឆោត​នៅ​គ្រា​ប្រទេស​ភូមា កំពុង​រង​ការ​រឹតត្បិត​ប្រឆាំង​ជំងឺ COVID-19។

លោក​ចាត់ទុក​ថា​ជា​ការបោះឆ្នោត​ដែល​គ្មាន​ភាព​យុត្តិធម៌ និង​គ្មាន​តម្លាភាព ហើយ​ថា​នេះ​គឺ​ជា​ហេតុផល​ដែល​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០ ត្រូវ​បាន​លុបចោល និង​ទុក​ជា​មោឃៈ។

ប៉ុន្តែ​ទីភ្នាក់ងារ​សារព័ត៌មាន AFP ចុះផ្សាយ​ថា លោក Thein Soe មិនបាន​អះអាង​ថា​ការបោះឆ្នោត​សភា​ថ្មី​មួយ​នឹង​រៀបចំ​នៅ​ពេល​ណា​នោះ​ទេ ស្រប​ពេល​មេដឹកនាំ​របប​រដ្ឋប្រហារ​ធ្លាប់​បាន​សន្យា​ថា ការបោះឆ្នោត​ជា​ថ្មី​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ទៀត។

ការ​រំលាយ​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០២០ ដែល​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​បន្ទាប់ពី​របប​រដ្ឋប្រហារ​របស់​ពួក​យោធា​បន្ត​ទាមទារ​ជា​លើក​ទី​២ សុំ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ដែល​ជា​អាសនៈ​របស់​រដ្ឋាភិបាល​គណបក្ស NLD កំពុង​កាន់កាប់​ជាង​ប្រាំ​ឆ្នាំ​មក​នេះ។

អ្នក​សង្កេតការណ៍​មើលឃើញ​ថា របប​សឹក​ភូមា នឹង​ពុំ​អាច​មាន​អាសនៈ​របស់​ខ្លួន​ឡើយ​នៅ​អង្គការ​សហប្រជាជាតិ ទោះ​ជា​ចិន និង​សម្ព័ន្ធមិត្ត​របស់​ពួក​យោធា​ថា​ជួយ​ជំរុញ និង​គាំទ្រ​ក៏ដោយ។

តែ​ជា​ការ​កត់សម្គាល់​មួយ​ទៀត​នោះ គឺ​ការបោះឆ្នោត​ឆ្នាំ​២០១៥ គឺ​ពេល​នោះ​ពួក​យោធា​ជា​អ្នក​រៀបចំ​ការបោះឆ្នោត និង​គ្រប់គ្រង​ស្ថានការណ៍​បោះឆ្នោត​ទូទាំង​ប្រទេស ហើយ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នោះ គឺ​បក្ស​របស់​ពួក​យោធា​ចាញ់​យ៉ាង​អាម៉ាស់​ដូច​នឹង​ការបោះឆ្នោត​ឆ្នាំ​២០២០ ដែរ។ ចុះ​ការបោះឆ្នោត​ឆ្នាំ​២០១៥ ម្ដេច​ពួក​យោធា​មិន​បាន​ចោទ​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​បន្លំ​សន្លឹកឆ្នោត? គឺ​ការពិត បក្ស​របស់​ពួក​យោធា​អស់​មាន​ប្រជាជន​ភូមា គាំទ្រ​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស