34 C
Phnom Penh

ស្ថានទូត​ឥណ្ឌា​ស្នើ​ឱ្យ​កម្ពុជា​ពិនិត្យ​លើ​សាច់​ក្របី​ដែល​រក​ឃើញ​មាន Covid-19 ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​កម្ពុជា ត្រៀម​យក​សាច់​ក្របី​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​អាជ្ញាធរ​កម្ពុជា​រក​ឃើញ​មាន​ផ្ទុក​មេរោគ Covid-19 និង​យក​ទៅ​ដុត​ចោល​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មក​ពិនិត្យ​ឡើងវិញ ដោយសារតែ​ឥណ្ឌា ហាក់​មិន​អស់ចិត្ត​ថា​សាច់​ក្របី​ដែល​ចេញពី​ឥណ្ឌា មក​កម្ពុជា មាន​វីរុស Covid-19 នោះ​ទេ។

សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​ខ្លឹមសារ​លិខិត​ដែល​ស្ថានទូត​ឥណ្ឌា បាន​ផ្ញើ​ទៅកាន់​អង្គភាព​ខ្លួន​ថា សាច់​ក្របី​ដែល​កម្ពុជា​រក​ឃើញ Covid-19 នេះ គឺ​មាន​ការ​ត្រួតពិនិត្យ​ពី​មន្ទីរពិសោធន៍​ឥណ្ឌា ស្របតាម​ស្តង់ដារ ISO ត្រឹមត្រូវ ហើយ​មុន​នាំចេញ​មក​កម្ពុជា គឺ​សាច់​ក្របី​ទាំងនោះ​ត្រូវ​បាន​រក​ឃើញ​អវិជ្ជមាន Covid-19 គឺ​មានន័យ​ថា​មិន​មាន​ផ្ទុក​មេរោគ Covid-19 ឡើយ។

ប្រភព​ដដែល​បាន​ដកស្រង់​ខ្លឹមសារ​លិខិត​របស់​ស្ថានទូត​ឥណ្ឌា ទៀត​ថា នៅ​ក្នុង​ទិដ្ឋភាព​នៃ​លទ្ធផល (សាច់​ក្របី) ផ្ទុយគ្នា​រវាង​ឥណ្ឌា និង​កម្ពុជា នេះ អ្នកជំនាញ​ឥណ្ឌា តាមរយៈ​ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា និង​អ្នក​នាំ​ចូល​សាច់​ក្របី​មក​កម្ពុជា បាន​ស្នើសុំ​ឱ្យ​ក្រសួង​សុខាភិបាល និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ធ្វើ​តេស្ដ​លើ​សាច់​ថ្មីៗ​ពី​កុងតឺន័រ​តែ​មួយ ដើម្បី​បញ្ជាក់​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ។ ប្រសិនបើ​អាច យក​សាច់​ក្របី​នោះ​ធ្វើ​តេស្ដ​នៅ​ក្នុង​មន្ទីរពិសោធន៍​ទំនើប​មួយ​នៅ​ប្រទេស​សិង្ហបុរី។

បន្ថែម​ពី​នេះ ស្ថានទូត​ឥណ្ឌា បាន​ពន្យល់​ទៀត​ថា សាច់​ក្របី​នេះ​ត្រូវ​បាន​នាំចេញ​ពី​ប្រទេស​ឥណ្ឌា តាំងពី​ខែ​មេសា ហើយ​នាំមក​ដល់​កម្ពុជា នៅ​ខែ​កក្កដា។ ដូច្នេះ វា​គ្មាន​ភស្តុតាង​វិទ្យាសាស្ត្រ​បង្ហាញ​ថា វីរុស Covid-19 អាច​រស់​បាន​លើ​សម្ភារ​វេច​ខ្ចប់​អាហារ និង​ចំណីអាហារ​ក្នុង​រយៈពេល​ជិត ៣​ខែ​នេះ​ទេ។

ទោះ​យ៉ាងណា អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដឹង​ថា សាច់​ក្របី​ទាំងនោះ​នឹង​ត្រូវ​នាំ​យក​ទៅ​ដុត​បំផ្លាញ​ចោល​នៅ​មូលដ្ឋាន​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​ទៀត​នេះ ហើយ​លោក​ណែ​នាំ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នេះ​ផង​ដែរ។

កាលពី​ពេល​ថ្មីៗ​នេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​នៃ​ការ​ផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​កម្ពុជា​ក៏​បាន​នាំចូល​សាច់​ក្របី​ពី​ឥណ្ឌា ក្នុង​តម្លៃ ១៧,៧​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០២០ គឺ​កើន​ឡើង​ពី ៦,៤​លាន​ដុល្លារ​ធៀប​ឆ្នាំ​២០១៩។

កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់​មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​មាន​ប្រភព​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ Covid-19 ដោយសារ​ប្រទេស​ឥណ្ឌា ផ្ទុះ​ឆ្លង​ជំងឺ Covid-19 ធ្ងន់ធ្ងរ​ជា​ថ្មី​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស