29 C
Phnom Penh

មន្ត្រី​ជាន់ខ្ពស់​បក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ជជែក​គ្នា​ដើម្បី​រួម​កម្លាំង​តែ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ អំពាវនាវ​ឲ្យ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ថ្មីៗ ឲ្យ​ចូល​តុ​ជជែក​គ្នា​រក​ការ​រួបរួម​ជា​កម្លាំង​នយោបាយ​ដ៏​ស្មោះត្រង់​ធំ​មួយ ដើម្បី​ទៅ​យក​តួនាទី​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​ត្រូវ​គេ​រំលាយ​កាលពី​ពេល​កន្លង​ទៅ​ជូន​ប្រជាពលរដ្ឋ​វិញ។

អគ្គហេរញ្ញិក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ថា មកដល់​ពេល​នេះ គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ បាន​សាង​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​តាមរយៈ​នៃ​ការ​ចងក្រង​បណ្ដាញ​សកម្មជន​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្ទើរតែ​គ្រប់​ខេត្ត-ក្រុង​ទៅ​ហើយ។

លោក​អះអាង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​តែ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប៉ុណ្ណោះ ដែល​មាន​ការចូលរួម​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូលដ្ឋាន ខណៈ​គណបក្ស​ដែល​បាន​បង្កើត​ថ្មីៗ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​នៅ​មិនទាន់​មាន​កម្លាំង​ចូលរួម​គ្រប់គ្រាន់​នៅឡើយ។

លោក សៀវ វិសុទ្ធ បញ្ជាក់​ថា មន្ត្រី​បក្ស​ប្រឆាំង​ដែល​ចេញ​ទៅ​បើក​បក្ស​នយោបាយ​ទាំងអស់ គួរតែ​សហការ​គ្នា​ក្រោម​ដំបូល​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ជាមួយ​គ្នា ដើម្បី​បន្ត​ស្មារតី​ដើម និង​ដួង​ព្រលឹង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​កសាង​ប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។

ការ​លើកឡើង​របស់​លោក គឺ​បន្ទាប់ពី​សង្កេត​ឃើញ​ថា អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ដោយ​ខ្លួនឯង​ជាបន្តបន្ទាប់។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ កក្កដា ដែរ​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ច្រើន​ទាំង​ចាស់​ទាំង​ថ្មី​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ថា​គណបក្ស​នយោបាយ​នីមួយៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស និង​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នីមួយៗ​ត្រូវ​ចៀសវាង​ការ​ប្រកាន់​ជំហរ​នយោបាយ​ជ្រុល​និយម​រហូត​បណ្តាល​ឲ្យ​មាន​ការ​បែកបាក់​ជាតិ។

លោក​អះអាង​ថា ប្រវត្តិ​នៃ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប៉ូល​ធំៗ​ពីរ គឺ​គណបក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ក​ឲ្យ​មាន​ហានិភ័យ​វិបត្តិ​នយោបាយ​យ៉ាង​ខ្លាំង​សម្រាប់​កម្ពុជា ជាពិសេស​ការ​ធ្វើ​នយោបាយ​ដែល​មាន​លក្ខណៈ​បុគ្គល​និយម និង​ផ្ដាច់មុខ​និយម ដែល​ប្រកាន់​គំនិត​មាន​មួយ​អត់​មួយ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ការ​បង្កើត​ឡើង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​ក្នុង​គោលបំណង​កសាង​ជម្រើស​ថ្មី​មួយ​ក្នុង​ការ​កសាង​សង្គម​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដោយ​លើកស្ទួយ​គោលការណ៍​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស និង​ប្រជាធិបតេយ្យ​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ ដោយ​ការ​ចាប់ផ្តើម​កសាង​ភូមិ​ឃុំ​គំរូ​ជា​ជំហានៗ ដែល​ធ្វើ​ឲ្យ​ភូមិ​ឃុំ​សម្បូរ​សប្បាយ​រហូត​ដល់​ប្រទេស​ជាតិ​សម្បូរ​សប្បាយ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស GDP រូប​នេះ ស្វាគមន៍​ការប្រកួតប្រជែង​នយោបាយ​ដោយ​ឈរ​លើ​ស្មារតី​សហការ​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​លើកស្ទួយ​គុណ​តម្លៃ «សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ» ក្នុង​សង្គម​សេរី​ពហុ​បក្ស ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ឯកភាព​ជាតិ និង​វឌ្ឍនភាព​ជាតិ​របស់​កម្ពុជា​ទាំងមូល។

ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ហាមប្រាម​សិទ្ធិ​នយោបាយ​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​នោះ ត្រូវ​គេ​មើល​ឃើញ​ថា មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​បាន​បែកខ្ញែក​គ្នា​ជាបន្តបន្ទាប់ ក្នុង​នោះ​មន្ត្រី​ខ្លះ​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស អ្នក​ខ្លះ​ទៀត​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ចំណែក​មួយ​ចំនួន​ទៀត​បាន​នាំគ្នា​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ និង​បង្កើត​គណបក្ស​ថ្មី​ដោយ​ខ្លួនឯង​ផង​ដែរ។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ បក្ស​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន ៦​គណបក្ស​ហើយ ក្នុង​នោះ​រួម​មាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​កម្ពុជា​និយម ដែល​បាន​បង្កើត​ឡើង​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ចុង​ឆ្នាំ​២០២០ ក្រសួង​មហាផ្ទៃ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា កម្ពុជា​មាន​គណបក្ស​នយោបាយ​ជាង ៤០​គណបក្ស​ហើយ​ដែល​បាន​ចុះបញ្ជី​ជា​ផ្លូវការ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មួយ​ចំនួន​កំពុងតែ​ស្វះស្វែង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​បក្ស​នយោបាយ​ជាបន្តបន្ទាប់​នៅ​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស