25 C
Phnom Penh

អង់គ្លេស​ប្រកាស​ពង្រាយ​នាវា​ចម្បាំង​ពីរ​គ្រឿង​នៅ​សមុទ្រ​អាស៊ី​ទប់ទល់​នឹង​ការ​វាតទី​របស់​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាអំណាច​ជើងទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចក្រភព​អង់គ្លេស នៅ​ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​អាស៊ី គឺ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។

ការប្រកាស​នេះ ធ្វើឡើង​ខណៈ​នាវា​ដឹក​យន្តហោះ HMS Queen Elisabeth នឹង​មក​ដល់​សមុទ្រ​ប្រទេស​ជប៉ុន ក្នុង​ខែ​កញ្ញា នេះ​ហើយ ក្នុង​នោះ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​របស់​ប្រទេស​មហាអំណាច​នេះ​ដែល​នឹង​ពង្រាយ​នៅ​សមុទ្រ​អាស៊ី នឹង​មក​ដល់​ទន្ទឹម​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ធ្លាប់​បាន​ទទូច​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឱ្យ​មាន​ការចូលរួម​ផ្នែក​យោធា​កាន់តែ​សកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺ​លោក Nobuo Kishi។ លោក​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ពង្រឹង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​លោក​ថា ចិន​បាន​បង្កើន​កម្លាំង​យោធា​យ៉ាង​រហ័ស ហើយ​មិន​ប្រាកដ​ថា​ចេតនា​របស់​ចិន គឺជា​អ្វី​នោះ​ទេ តែ​ពិតជា​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ។ លោក​រដ្ឋមន្ត្រី​បាន​ទទូច​ថា គ្រប់​ភាគី​ទាំងអស់​ដូចជា​ជប៉ុន និង​សហភាព​អឺរ៉ុប ត្រូវ​ចូលរួម​ដោះស្រាយ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​កម្លាំង​វាតទី​និយម។

កាលពី​ខែ​មេសា បន្ទាប់ពី​ជំនួប​ទល់មុខ​គ្នា​លើកដំបូង​នៅ​ទីក្រុង​វ៉ាស៊ីនតោន នាយករដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga និង​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​សមុទ្រ​ចិន​ខាងកើត សមុទ្រ​ចិន​ខាងត្បូង និង​ច្រកសមុទ្រ​តៃវ៉ាន់។ ប៉ុន្តែ​គេ​ដឹង​ថា ចិន និង​ជប៉ុន មាន​ជម្លោះ​ដែន​កោះ​ជា​ប្រវត្តិសាស្ត្រ​ទៅ​ហើយ។ ជប៉ុន​អះអាង​ប្រាប់​អង់គ្លេស អាមេរិក និង​មហាអំណាច​ដទៃ​ទៀត​ថា ខ្លួន​នឹង​បន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​ផ្លាស់ប្ដូរ​តុល្យភាព​យោធា​របស់​ចិន ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់ ហើយ​ថា​ស្ថិរភាព​ជុំវិញ​កោះ​តៃវ៉ាន់​មាន​សារសំខាន់​សម្រាប់​សន្តិសុខ​របស់​ជប៉ុន ហើយ​ក៏​មាន​សារសំខាន់​ផង​ដែរ​សម្រាប់​សហគមន៍​អន្តរជាតិ។

ខណៈ​នេះ ក្រុម​នាវាចរ​នៃ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចក្រភព​អង់គ្លេស គ្រោង​ធ្វើ​សមយុទ្ធ​ជាមួយ​កងកម្លាំង​មកពី​ប្រទេស​ជប៉ុន អូស្ត្រាលី កាណាដា កូរ៉េ​ខាងត្បូង នូវែលហ្សេឡង់ និង​រដ្ឋ​មួយ​ចំនួន​នៅ​អឺរ៉ុប រួម​មាន​បារាំង ដាណឺម៉ាក ក្រិក និង​អ៊ីតាលី នៅ​ក្នុង​ខែ​កញ្ញា ខាងមុខ​នេះ។

ផែនការ​នៃ​ការ​ធ្វើ​ទស្សនកិច្ច​ដ៏​កម្រ​របស់​ក្រុម​ផ្ទុក​យន្តហោះ​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ចក្រភព​អង់គ្លេស​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​ទីក្រុង​តូក្យូ ហើយ​ក៏​ក្នុង​ពេល​ដែល​ទីក្រុង​ឡុងដ៍ សម្ដែង​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ជុំវិញ​មហិច្ឆតា​របស់​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង និង​ទៅលើ​ដែន​កោះ​តៃវ៉ាន់។

រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស លោក Robert Ben Wallace បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​នៅ​ទីក្រុង​តូក្យូ ជាមួយ​សមភាគី​ជប៉ុន​ថា ដោយ​ផ្អែកលើ​ការ​មក​ដល់​របស់​កងនាវា Queen Elisabeth គឺ​អង់គ្លេស​នឹង​ចាត់តាំង​នាវា​ចំនួន​ពីរ​គ្រឿង​ឱ្យ​ឈរ​ជើង​នៅ​ក្នុង​តំបន់​អាស៊ី​ជា​អចិន្ត្រៃយ៍​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។ បន្ទាប់​មក រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក Kishi បាន​សាទរ​លោក Wallace។ លោក Kishi បាន​បញ្ជាក់​អំពី​ជំហរ​រួម​របស់​ជប៉ុន​ថា ត្រូវ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការប៉ុនប៉ង​ផ្លាស់ប្ដូរ​ស្ថានភាព​បច្ចុប្បន្ន​ដោយ​ការ​បង្ខិតបង្ខំ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ឆ្ពោះ​ទៅ​រក​លំហសមុទ្រ​សេរី និង​បើកចំហ។

លោក គីស៊ី បាន​បន្ត​ថា បន្ទាប់ពី​ការ​មក​ដល់​របស់​កងនាវា​អង់គ្លេស​នៅ​សមុទ្រ​ជប៉ុន គឺ​នាវា​អម​ដំណើរ​ដទៃ​ទៀត​នឹង​ទៅកាន់​មូលដ្ឋាន​កងទ័ព​ជើងទឹក​អាមេរិក និង​ជប៉ុន នៅ​តាម​ប្រជុំកោះ​ជប៉ុន។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ដាក់​ពង្រាយ​កងនាវា​ទាំងនោះ អ្នក​នាំពាក្យ​មន្ទីរ​ប៉ង់តាហ្គោន បាន​អបអរ​សាទរ​ប្រទេស​អង់គ្លេស ចំពោះ​ការ​ប្ដេជ្ញាចិត្ត​ពង្រឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​ដែល​មាន​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​ក្នុង​ឥណ្ឌូ​ប៉ាស៊ីហ្វិក។ សម្រាប់​អាមេរិក អរគុណ​ចំពោះ​ការ​សហការ​គ្នា​ទៅវិញ​ទៅមក និង​គាំទ្រ​ដល់​សេរីភាព​នាវាចរណ៍​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

សម្ព័ន្ធមិត្ត​អាមេរិក​ដ៏​ជិតស្និទ្ធ គឺ​ជប៉ុន ក៏​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រមូល​ផ្តុំ​កម្លាំង​យោធា​នៅ​ខាងក្រៅ​តំបន់​លើ​ទឹកដី​អាស៊ី​នេះ។

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អង់គ្លេស​ដែល​ដឹក​យន្តហោះ​បំបាំង​កាយ F-35B របស់​សហរដ្ឋ​អាមេរិក នឹង​មក​ជួប​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald Reagan របស់​អាមេរិក នៅ​ក្នុង​លំហសមុទ្រ​អាស៊ី។

តែ​នៅ​នៅ​ពេល​នេះ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អង់គ្លេស​នោះ គឺ​កំពុង​ល្បាត​ជាមួយ​នាវាពិឃាត​ពីរ​គ្រឿង នាវាចរ​ជំនួយការ ២​គ្រឿង​នឹង​មក​ដល់​សមុទ្រ​ចិន​ខាងត្បូង​ហើយ​មុន​ទៅកាន់​សមុទ្រ​ជប៉ុន គឺ​កងនាវា​នេះ​ត្រូវ​រួម​ដំណើរ​ជាមួយ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក USS Ronald Reagan បើក​ក្នុង​លំហសមុទ្រ​ចិន​ខាងត្បូង​មួយ​រយៈ។

លោក​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Wallace មាន​ប្រសាសន៍​ថា ចក្រភព​អង់គ្លេស​មាន​កាតព្វកិច្ច​ការពារ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ទៅកាន់​សមុទ្រ​ប្រទេស​ជប៉ុន ដោយ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង។ តែ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នាវា​ចម្បាំង​អង់គ្លេស​ដែល​ត្រូវ​មក​ល្បាត​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត គឺ​នាវា HMS Spey និង HMS Tamar នឹង​ចាប់ផ្តើម​ដាក់​ពង្រាយ​ជា​អចិន្ត្រៃយ៍​នៅ​សមុទ្រ​អាស៊ី​នៅ​ខែ​កញ្ញា ខាងមុខ​នេះ​តទៅ។

តាម Aljazeera កា​រដាក់​ពង្រាយ​នាវា​ពីរ​គ្រឿង​របស់​អង់គ្លេស​នេះ នឹង​មាន​ការ​គាំទ្រ​ពី​នាវា​មកពី​អូស្ត្រាលី ជប៉ុន និង​សិង្ហបុរី។

តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស គឺ​នាវា​ពីរ​គ្រឿង​របស់​អង់គ្លេស នឹង​មក​ជាមួយ​ដោយ​កង​ម៉ារីន​មួយ​ក្រុម ដើម្បី​អនុវត្ត​បេសកកម្ម​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​នេះ​ទៀត​ផង។

ចិន ទាមទារ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរតែ​ទាំងអស់។ ការ​ទាមទារ​នេះ បាន​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​ក្នុង​តំបន់​របស់​ខ្លួន​ខឹងសម្បា ដោយ​ពួកគេ​បាន​សុំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក។

លោក Wallace បាន​បន្ត​ថា ប្រទេស​ចិន​មិន​គួរ​ក្លាយ​ជា​ឧបសគ្គ​ចំពោះ​ការ​ឆ្លងកាត់​ដែនទឹក​អន្តរជាតិ​ឡើយ។ លោក​សង្ឃឹម​ថា ប្រទេស​ចិន​គោរព​ច្បាប់​អន្តរជាតិ ព្រោះ​នាវា​អង់គ្លេស​ត្រូវ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែល​ច្បាប់​សមុទ្រ​អន្តរជាតិ​អនុញ្ញាត។

គេ​មិនទាន់​អាច​ដឹង​ថា តើ​ជំហរ​របស់​ចិន​ចំពោះ​មុខ​អង់គ្លេស យក​នាវា​ចម្បាំង​មក​ដាក់​ពង្រាយ​លើ​ដែនទឹក​អាស៊ី​មាន​ប្រតិកម្ម​ដូចម្ដេច​នោះ​ទេ។ ប៉ុន្តែ​អ្នកជំនាញ​យោធា​ចិន ចាត់ទុក​សកម្មភាព​នាវា​ចម្បាំង​របស់​អង់គ្លេស គឺជា​សកម្មភាព​គំរាមកំហែង​ដល់​ប្រទេស​ចិន ហើយ​ថា​ចិន​ពិតជា​មាន​សមត្ថភាព​រំលាយ​ការ​គំរាមកំហែង​នេះ​វិញ​បាន​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស