36 C
Phnom Penh

ជនជាតិ​ចិន​៤​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ករណី​ចាប់​ជំរិត​ជនជាតិ​ចិន​ដូចគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​របស់​លោក បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ជនជាតិ​ចិន ៤​នាក់ និង​ភស្តុតាង​ទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ដន្ទាទោស​ពាក់ព័ន្ធ​បទល្មើស​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់។

លោក ជួន ណារិន បាន​បន្ត​ថា កម្លាំង​ជំនាញ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ៤​នាក់​កាលពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ដែល​បាន​ធ្វើ​សកម្មភាព​ចាប់​ជនជាតិ​ចិន​ម្នាក់​ញាត់​បញ្ចូល​ក្នុង​រថយន្ត រួច​ក៏​បើក​បម្រុង​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​កម្លាំង​ជំនាញ​ដេញ​តាម និង​ឈាន​ទៅ​ឃាត់​ខ្លួន​ជនល្មើស​ទាំង ៤​នាក់ ហើយ​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព។

លោក ជួន ណារិន បន្ត​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ដកហូត​ភស្តុតាង​រថយន្ត ១​គ្រឿង​ម៉ាក LAND CRUISER PRADO ចំណែក​ឯ​ជន​សង្ស័យ​ទាំង ៤​នាក់​បាន​បញ្ជូន​ទៅកាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី។

ទោះ​យ៉ាងណា ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​កត់សម្គាល់​ដែរ​ថា បទល្មើស​ចាប់​ជំរិត​មនុស្ស​ទារ​ប្រាក់ និង​បទល្មើស​គ្រឿងញៀន​ដែល​មាន​ជនល្មើស​ជា​ជនជាតិ​ចិន បាន​កម្រើក​ជា​បណ្តើរៗ​វិញ​ហើយ​នៅ​ក្នុង​ក្រុង​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ ក្រោយ​បទល្មើស​ទាំងនេះ​បាន​ស្ងប់ស្ងាត់​ក្រោយ​មូលដ្ឋាន​នេះ​ផ្ទុះ​រាតត្បាត​ជំងឺ Covid-19 ធ្ងន់ធ្ងរ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២១ មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស