36 C
Phnom Penh

មន្ត្រី​និង​ពលរដ្ឋ​ស្រុក​មុខកំពូល​ស្នើ​ស៊ើប​អង្កេត​អំពើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត លើ​គម្រោង​ស្ដារ​បឹងបែកក្អម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ស្នើ​ស្ថាប័ន​ជាតិ​ដែល​ពាក់ព័ន្ធ​ស៊ើប​អង្កេត​ការងារ និង​ទង្វើ​ពុករលួយ​របស់​លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ដែល​ជា​អ្នក​កាន់​កម្មវិធី​គម្រោង «ស្ដារ​បឹងបែកក្អម»។

ពលរដ្ឋ​ភាគច្រើន​នៅ​ឃុំ​ព្រែកអញ្ចាញ ទទូច​ដល់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​លោក ចាន់ ស៊ីណាត ដែល​បាន​យក​ទីតាំង​បង្កបង្កើនផល​កសិកម្ម​របស់​ពួកគាត់​យក​លក់​ឲ្យ​ឈ្មួញ​ជីក​យក​ដី​ក្នុង​មួយ​ហិកតារ​ចំនួន ៣​ម៉ឺន​ដុល្លារ​អាមេរិក ក្រោម​ហេតុផល​គម្រោង «ស្ដារ​បឹងបែកក្អម» ដែល​ជា​គម្រោង​គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

មន្ត្រី​មាន​ឋានៈ​ខ្ពស់​ម្នាក់​នៅ​ក្រសួង​ធនធាន​ទឹក ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា គម្រោង​ស្ដារ​បឹងបែកក្អម​នៅ​ស្រុក​មុខកំពូល នេះ គឺ​ពិតជា​អ្នក​កាន់​គម្រោង និង​បក្ខពួក​បាន​បង្កើត​ឲ្យ​មាន​អំពើ​ពុករលួយ និង​ប៉ះពាល់​ដល់​ដី​បង្កបង្កើនផល​កសិកម្ម​របស់​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ឃុំ​ព្រែកអញ្ចាញ ពិត​មែន។ ជាពិសេស អ្នក​កាន់​គម្រោង​ស្ដារ​បឹងបែកក្អម ដែល​ជា​គម្រោង​គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​របស់​រាជរដ្ឋាភិបាល គឺ​អ្នក​កាន់​គម្រោង​នេះ​ថែមទាំង​បាន​កិប​កេង​ថវិកា​រដ្ឋ​អស់​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ថែមទៀត​ផង។ ចំណែក​អ្នក​កាន់​គម្រោង​ស្ដារ​បឹងបែកក្អម នេះ គឺ​មិន​បាន​អនុវត្ត​តាម​ការ​ចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ។

ប្រភព​ដដែល​បន្ត​ថា គោល​នយោបាយ​សាច់ប្រាក់​ពលកម្ម​នេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​រាប់​រយ​លាន​ដុល្លារ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ក្រីក្រ​អត់​ការងារ​ធ្វើ​ដោយ​រងគ្រោះ​ពី​វិបត្តិ​ជំងឺ Covid-19 ប្រែ​ក្លាយ​ទៅជា «មាន​ការងារ​ធ្វើ» តាមរយៈ «គម្រោង​សាច់ប្រាក់​ពលកម្ម» នេះ។ ប៉ុន្តែ​ជាក់ស្តែង​បែរជា​លោក ចាន់ ស៊ីណាត ដែល​ជា​អ្នក​កាន់​គម្រោង​ស្ដារ​បឹងបែកក្អម នេះ បាន​ងាក​ទៅ​វាស់​បរិវេណ​ដី​នៅ​ក្នុង​បឹង​នេះ​សម្រាប់​លក់​ឲ្យ​ឈ្មួញ​ក្នុង​មួយ​ហិកតារ ៣​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំ​យក​គ្រឿងចក្រ​មក​ជីកកកាយ​យក​ដី ដើម្បី​ដឹក​ចាក់​បំពេញ​ឲ្យ​ក្រុមហ៊ុន​បុរី ផ្ទះល្វែង ដើម្បី​ប្រមូល​លុយ​ចែក​បក្ខពួក​ខ្លួន​ចាយ​ទៅវិញ។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក ចាន់ ស៊ីណាត បាន​យក​ទីតាំង​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ ទៅ​វាស់​លក់​ឲ្យ​ឈ្មួញ​ជីក​យក​ដី​លក់​បន្ថែម​ទៀត។

ប្រភព​ពី​មន្ត្រី​ក្រសួង​ធនធាន​ទឹក បន្ត​ថា ក្រោយ​ពេល​ពលរដ្ឋ​នាំគ្នា​តវ៉ា លោក ចាន់ ស៊ីណាត បាន​ស្នើ​ទៅ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ឲ្យ​ចេញ​អនុក្រឹត្យ​ដាក់​បឹង​នេះ​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ រាជរដ្ឋាភិបាល​ក៏​បាន​ចេញ ស.ជ.ណ ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ចុះ​ដោះស្រាយ​វិវាទ​ផ្សេងៗ​ជាមួយ​ប្រជាពលរដ្ឋ។

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​បញ្ជាក់​ថា ដី​បឹងបែកក្អម ពិតជា​ត្រូវ​បាន​អ្នក​គ្រប់គ្រង​គម្រោង​ស្ដារ​បឹង​នេះ ក៏ដូចជា​មន្ត្រី​មន្ទីរ​ធនធាន​ទឹក​ខេត្ត​កណ្ដាល បាន​កំណត់​តម្លៃ​លក់​អាចម៍ដី​ទៅ​ថៅកែ​គ្រឿងចក្រ​ប្រមាណ ៥​ក្រុមហ៊ុន​ផ្សេងៗ​គ្នា។ ក្នុង​នោះ ថៅកែ​គ្រឿងចក្រ​នីមួយៗ​ទិញ​ដី​ក្នុង​បឹង​នេះ​ចន្លោះ​ពី ៣​ហិកតារ​ទៅ ២០​ហិកតារ​តាម​មន្ត្រី​កាន់​គម្រោង​បាន​កំណត់។

អភិបាល​ស្រុក​មុខកំពូល លោក តុង ស៊ីវមី បញ្ជាក់​ថា ការ​ស្ដារ​ដី​បឹង​នេះ​ជា​គម្រោង​ថ្នាក់​ជាតិ និង​ត្រូវ​ចំណាយ​លុយ​ជាតិ ប៉ុន្តែ​លោក​មិន​ដឹង​ខ្ទង់​ចំណាយ​នោះ​ទេ។ ចំណែក​លោក អ៊ុក វណ្ណា ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​កណ្ដាល បាន​បដិសេធ​ថា មិន​បាន​ដឹង​រឿង​លក់ដូរ​អាចម៍ដី និង​ប៉ះពាល់​ដី​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពី​គម្រោង​ស្ដារ​បឹង​នេះ​ឡើយ។

ទោះ​ជា​បែប​នេះ​ក្តី សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ចាន់ ស៊ីណាត ដែល​ជា​អ្នក​កាន់​គម្រោង​ស្ដារ​បឹងបែកក្អម បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ជា​រដ្ឋលេខាធិការ ក៏​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​នៅ​រសៀល​ដដែល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស