36 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​និង​យុវវ័យ​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​លើ​កុមារ និង​យុវវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ដល់ ១៧​ឆ្នាំ នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ខាងមុខ​នេះ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News បាន​ដកស្រង់​សម្ដី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា លោក​នឹង​បើក​ពិធី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។ ក្នុង​នោះ លោក​នឹង​នាំ​យក​ចៅៗ​របស់​លោក​ទាំងអស់​ដែល​មាន​អាយុ ១២ ដល់ ១៧​ឆ្នាំ ទៅ​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃ​នោះ​តែម្តង។

លោក ហ៊ុន សែន បញ្ជាក់​ថា ក្រៅពី​ចៅៗ​របស់​លោក ក៏​នៅ​មាន​ចៅៗ​របស់​ថ្នាក់​ដឹកនាំ​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​ទៀត​ដែរ ដែល​នឹង​ទៅ​ទទួល​វ៉ាក់សាំង​នៅ​ថ្ងៃ​នោះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា ជា​រឿង​ល្អ​ដែល​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ផ្តល់​វ៉ាក់សាំង​ដល់​កុមារ ដើម្បី​ធានា​នូវ​ការ​ការពារ​ជីវិត​កុមារ​ពី​ជំងឺ Covid-19។

លោក​អះអាង​ថា ដើម្បី​ធានា​នូវ​ការ​ទប់ស្កាត់​នៃ​ការ​ឆ្លង​វីរុស Covid-19 រដ្ឋាភិបាល​ត្រូវតែ​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ពេញវ័យ​ឲ្យ​បាន​ចប់​សព្វគ្រប់​ទាំង​ពីរ​លើក ដើម្បី​ធានា​ភាព​ស៊ាំ​ទូទាំង​ប្រទេស និង​អាច​បើក​ដំណើរការ​ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ផង​ដែរ។

បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ថា ដើម្បី​ឲ្យ​មាន​ការចូលរួម និង​មាន​ការ​ជឿជាក់​ពី​ប្រជាពលរដ្ឋ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​សុខាភិបាល គួរតែ​បង្ហាញ​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​បាន​ណាមួយ​ពី​កម្រិត​វ៉ាក់សាំង​ដែល​ខ្លួន​ប្រើប្រាស់​កន្លងមក​ថា ពួកវា​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 កម្រិត​ណា​ចំពោះ​មនុស្ស​ដែល​មាន​សុខភាព​ល្អ និង​មនុស្ស​ដែល​មាន​ជំងឺ​ឱកាស​និយម​ផ្សេងៗ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​វ៉ាក់សាំង ឲ្យ​រៀប​ផែនការ​ចាក់​វ៉ាក់សាំង​លើ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​រហូត​ដល់​យុវវ័យ​អាយុ ១៧​ឆ្នាំ ដែល​មាន​ចំនួន ២​លា​នាក់ ដើម្បី​បង្កើត​ភាព​ស៊ាំ​ទូទាំង​ប្រទេស​ឲ្យ​បាន​កាន់តែ​ឆាប់​រហ័ស។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា​អាច​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 លើ​ប្រជាជន​ចំនួន ១២​លាន​នាក់​ហើយ​នោះ កម្ពុជា​នឹង​មាន​ភាព​ស៊ាំ​ពេញ​ផ្ទៃ​ប្រទេស​ដែល​អាច​បើក​ឡើងវិញ​នូវ​សេដ្ឋកិច្ច​សង្គម ជាពិសេស​ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថាន​អប់រំ​នានា​ដែល​បាន​ផ្អាក​ដំណើរការ​មួយ​រយៈពេល​កន្លងមក​នេះ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ធ្លាប់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា កុមារ​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​របស់​ជាតិ ដូច្នេះ​រដ្ឋាភិបាល​ត្រូវតែ​សិក្សា​ពី​ផល​ប៉ះពាល់ គុណសម្បត្តិ និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ដែល​ត្រូវ​ប្រើ​លើ​កុមារ​ទាំងនោះ​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​ណាមួយ​កើត​លើ​ពួកគេ​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​ក្រោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ក្រសួង​សុខាភិបាល បាន​អះអាង​ថា ខ្លួន​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ជាង ៦​លាន ៤​សែន​នាក់​ហើយ ដែល​ស្មើ​នឹង ៦៤,៥៥% ក្នុង​ចំណោម​ប្រជាពលរដ្ឋ​គោលដៅ ១០​លាន​នាក់ ដោយ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស