31 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង៖ កម្ពុជា​បច្ចុប្បន្ន​ក្លាយ​ជា​ទីលាន​ប្រជែង​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​ពី​មេដឹកនាំ​នយោបាយ​ធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រិះគន់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីលាន​ប្រជែង​ផ្នែក​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់​នោះ​ទេ ព្រោះ​តែ​ការ​កេង​ចំណេញ​នយោបាយ​រៀងៗ​ខ្លួន បាន​ធ្វើ​ឲ្យ​បាត់បង់​នូវ​សីលធម៌ និង​គុណធម៌​របស់​មេដឹកនាំ​នយោបាយ​ទាំង​ភាគី​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី និង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ថា មេដឹកនាំ​នយោបាយ​កាន់​អំណាច​អាង​កម្លាំង​កម្ទេច ខណៈ​មេដឹកនាំ​ខាង​ប្រឆាំង​អាង​ឆ្កឹះឆ្កៀល​ឲ្យ​អ្នក​កាន់​អំណាច​លោត​តាម​ការ​ចង់​បាន​របស់​ខ្លួន ប៉ុន្តែ​ល្បែង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ​បាន​បង្ក​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ជាតិ ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី​យ៉ាង​ធ្ងន់ធ្ងរ។

លោក​អះអាង​ថា ការ​ធ្វើ​នយោបាយ​បែប​ឆ្កឹះឆ្កៀល​របស់​លោក សម រង្ស៊ី និង​ការ​តាម​បង្ក្រាប​កម្ទេច​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ គឺ​ជា​ល្បែង​នយោបាយ​បង្កើត​សត្រូវ​រវាង​ខ្មែរ និង​ខ្មែរ ដែល​ធ្វើ​ឲ្យ​បាត់បង់​គុណ​តម្លៃ​នៃ​ការផ្សះផ្សា ការ​បង្រួបបង្រួម។ ជាង​នេះ​ទៀត នយោបាយ​បែប​នេះ គឺជា​ឧបសគ្គ​យ៉ាង​ធំ​ដល់​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ទាំងមូល។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម​នេះ​គួរតែ​បញ្ឈប់​ល្បែង​នយោបាយ​ផ្ដួល​រំលំ និង​តាម​បង្ក្រាប​បន្ត​ទៀត​ទៅ ដោយ​ងាក​ទៅ​រក​ការផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ឲ្យ​ពលរដ្ឋ​ម្ចាស់​ប្រទេស​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្រេច​ជោគវាសនា​របស់​ខ្លួន​តាមរយៈ​រដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ​ជំនួស​វិញ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវ​គេ​មើលឃើញ​ថា មេដឹកនាំ​នយោបាយ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន តាម​បង្ក្រាប​សកម្មភាព​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​គ្រប់​រូបភាព ក្នុង​នោះ​ក៏​មាន​ការចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​អស់​ជាច្រើន​នាក់​ផង​ដែរ ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ឧបាយកល​នយោបាយ​របស់​លោក សម រង្ស៊ី។

កាល​អំឡុង​ខែ​សីហា ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ថា អ្នក​ដែល​ប្រឆាំង ឬ​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា លោក​នឹង​មិន​ឲ្យ​រួច​ខ្លួន​ជាដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ គឺ​ត្រូវតែ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​ម៉ឺងម៉ាត់​ជាទីបំផុត បើ​ចេញ​មួយ វ៉ៃ​មួយ ចេញ​ពីរ វ៉ៃ​ពីរ ព្រោះ​សន្តិភាព​ដែល​កម្ពុជា​មាន​សព្វថ្ងៃ គឺ​លោក​ប្រឹងប្រែង​រក​បាន​ដោយ​លំបាក​ណាស់។

ដោយឡែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី តែង​ប្រកាស​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​តាមរយៈ​ផែនការ​ផ្សេងៗ​ដូចជា​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​កាលពី​ឆ្នាំ​២០១៩ ជាដើម ដោយ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​នាំគ្នា​ចូលរួម​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ប៉ុន្តែ​ផែនការ​នេះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់ និង​តាម​បង្ក្រាប​ដោយ​ប្រើ​យុទ្ធវិធី​គ្រប់​បែបយ៉ាង ក្នុង​នោះ​សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​របស់​លោក សម រង្ស៊ី ក៏​ត្រូវ​អាជ្ញាធរ​កម្ពុជា​ប្រកាស​ចាប់ខ្លួន​ជាបន្តបន្ទាប់ ដោយឡែក​អ្នក​ខ្លះ​ទៀត​បាន​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា មេដឹកនាំ​នយោបាយ​ធំៗ​គ្រប់​ភាគី​ទាំងអស់ រួម​មាន​លោក ហ៊ុន សែន លោក ស ខេង លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​វិល​ទៅ​រក​ការចរចា​ដើម្បី​សម្រុះសម្រួល​ទាំង​ទំនាស់​នយោបាយ និង​ទំនាស់​បុគ្គល​ផ្ទាល់ខ្លួន​របស់​ពួកគេ​ឡើងវិញ ជាជាង​នៅ​បន្ត​លេង​ល្បែង​នយោបាយ​បោះ​បាល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដូច​សព្វថ្ងៃ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២១ ថា ទោះបីជា​លោក​ស្ថិត​ក្នុង​ការ​រឹតត្បិត​សេរីភាព​បែប​នេះ​ក្តី ក៏​លោក​នៅតែ​រក្សា​ឧត្តមគតិ​មិន​ក្បត់​ប្រទេស​ជាតិ មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​មិន​រត់ចោល​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ជាដាច់ខាត ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ។

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ការផ្លាស់ប្ដូរ​អំណាច​របស់​លោក ហ៊ុន សែន តាមរយៈ​នៃ​ការបោះឆ្នោត​ដ៏​ត្រឹមត្រូវ គឺ​ជា​គោលដៅ​ដែល​អាច​នាំ​ប្រទេស​កម្ពុជា​ទៅកាន់​សេចក្ដី​សុខ​ចម្រើន ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស និង​នាំ​ទៅ​រក​យុត្តិធម៌​សង្គម​ពិតប្រាកដ​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស