40.3 C
Phnom Penh

ក្រុម​បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​បក្ស​ប្រឆាំង​កញ្ញា កឹម តុលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ថ្កោលទោស​ដាច់អហង្ការ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម តុលា ថា​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិមនុស្ស និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ គឺ​បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បាន​ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​ចាប់ខ្លួន​អតីត​មេឃុំ​ជាប់ឆ្នោត​របស់​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា ការ​ចាប់ខ្លួន​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ កើតឡើង​ដោយសារតែ​នយោបាយ​ខ្វះ​ចក្ខុវិស័យ​ជាតិ​វែងឆ្ងាយ​របស់​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​នូវ​អំពើ​របស់​មេខ្លោង​បង្ក្រាប​ពលរដ្ឋ​ស្លូតត្រង់​ឥត​ក្រែងរអែង​តាម​អាជ្ញា​ទំនើងចិត្ត​ឥត​ឆន្ទៈ​ក្នុង​ការ​កែខ្លួន​របស់​លោក ហ៊ុន សែន យ៉ាង​កម្រោល ខណៈ​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចេះ​តែ​បន្ត​ព្យាយាម​ពន្យុះ​បង្កើត​ព្រឹត្តិការណ៍​ដោយ​គ្មាន​ការទទួល​ខុសត្រូវ​លើ​សុខទុក្ខ​សកម្មជន​របស់​ខ្លួន​ដែរ​នោះ។

SMD ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ​ធំៗ​របស់​ខ្មែរ គឺ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន គួរ​ហ៊ាន​លេង​ល្បែង​នយោបាយ​ទល់មុខ​គ្នា​លើ​សមរភូមិ​ជាក់ស្ដែង ជាជាង​ការ​រុញ​ឲ្យ​សកម្មជន​នៅ​ក្នុង​ស្រុក​រងគ្រោះ ដើម្បី​កំដរ​យុទ្ធនាការ​នយោបាយ​ឥត​គោលដៅ​របស់​ខ្លួន​ត​ទៀត ព្រោះ​ថា​ល្បែង​នយោបាយ​ពួកគេ​នៅ​ពេលនេះ បាន​ត្រឹម​បង្ក​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ដល់​ពលរដ្ឋ​ស្លូតត្រង់​ដែល​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ​តែប៉ុណ្ណោះ។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រក​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត គឺ​ត្រូវ​ទម្លាក់​ចោល​រាល់​បទចោទ​ប្រកាន់​ទាំងឡាយ​ដែល​មាន​ចរិត​នយោបាយ​លើ​សកម្មជន​នយោបាយ​ប្រជាធិបតេយ្យ សកម្មជន​ព្រំដែន សកម្មជន​សង្គម និង​បរិស្ថាន​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ហើយ​ពួក​មេដឹកនាំ​នយោបាយ​ទាំងនោះ​ត្រូវ​នាំគ្នា​ងាក​ទៅ​រក​វិធី​ប្រកួតប្រជែង​នយោបាយ​ដោយ​សេចក្ដី​ថ្លៃថ្នូរ ដើម្បី​បើក​ផ្លូវ​រក​ការផ្សះផ្សា​ជាតិ​ជំនួស​វិញ នោះ​ទើប​ស​កម្ពុជា​មាន​សេចក្តី​សុខ។

អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ដែល​ស្ថិត​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ គឺ​កញ្ញា កឹម តុលា បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​បាន​ត្រឹម​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ។

អ្នកវិភាគ​នយោបាយ​និង​សង្គម លោក គឹម សុខ ធ្លាប់​បាន​អះអាង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily បន្ទាប់ពី​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​មាន​ការចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ភ្លាមៗ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ថា​ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​នេះ គឺ​ហាក់ដូចជា​គោះ​ព្រៃ​បង្អើល​ទន្សាយ ដើម្បី​ឲ្យ​លោក ហ៊ុន សែន ចាប់​ទន្សាយ​តែប៉ុណ្ណោះ ដែល​នាំ​គ្រោះថ្នាក់​ដល់​អ្នក​ចូលរួម​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​មិន​មាន​សង្ឃឹម​ថា​នឹង​អាច​បង្កើត​រដ្ឋាភិបាល​នេះ​បាន​ដែរ។

កាលពី​អំឡុង​ឆ្នាំ​២០១៩ មេឃុំ​ជាប់ឆ្នោត​បក្ស​ប្រឆាំង កញ្ញា កឹម តុលា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ ចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ម្តង​រួចមក​ហើយ តែ​ក្រោយមក​មេឃុំ​រូប​នេះ​បាន​រត់​ភៀស​ខ្លួន​ទៅ​ជ្រកកោន​នៅ​ប្រទេស​ថៃ មួយ​រយៈ។

ជុំវិញ​បញ្ហា​នេះ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩ ធ្លាប់​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​រាជការ ជាពិសេស​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​នាំគ្នា​ចូលរួម​យុទ្ធនាការ «ម្រាម​៩» ក្នុង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុន្តែ​សកម្មជន​បក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​យុទ្ធនាការ​នោះ ត្រូវ​រដ្ឋាភិបាល​កម្ពុជា​ចាប់ខ្លួន​ជាបន្តបន្ទាប់ ខណៈ​គម្រោង​របស់​លោក សម រង្ស៊ី ត្រូវ​បរាជ័យ​ទាំងស្រុង។

គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២១ នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ឃុំ​ខ្លួន​សមាជិក និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជាង ២០​នាក់​ហើយ ដោយ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ ដោយឡែក​សកម្មជន​ជាង ១០០​នាក់​ផ្សេងទៀត កំពុង​រង់ចាំ​សវនាការ ក្នុង​នោះ​សកម្មជន​ខ្លះទៀត​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​រួច​ទៅ​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស