37 C
Phnom Penh

របប​រដ្ឋប្រហារ​ភូមា​បន្ត​ទាមទារ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ ទោះ​ជា​ដឹង​ថា​នឹង​បរាជ័យ​ម្ដង​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របប​សឹក​នៅ​ប្រទេស​ភូមា គ្មាន​តម្លៃ​ការទូត​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។ ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ មក របប​សឹក​នេះ​បាន​បណ្ដេញ​មន្ត្រី​ទូត​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី រាប់​សិប​នាក់។ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​ខ្លះ​ទៀត​បាន​សម្រេច​ប្រឆាំង​នឹង​របប​សឹក​នេះ ដោយ​មិន​ដើរ​ចេញ​ពី​តំណែង​នោះ​ទេ ខណៈ​ប្រទេស​ជាច្រើន​មិនព្រម​ទទួល​សារតាំង​ថ្មី​នៃ​របប​សឹក​មួយ​នេះ។

អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ គឺជា​របស់​រដ្ឋាភិបាល​ដែល​ពួក​យោធា​ប្លន់​អំណាច​តាមរយៈ​ការ​លើក​ទ័ព​ចូល​រដ្ឋធានី​យ៉ាំងហ្គន ហើយ​ផ្ដួល​រំលំ​អំណាច​របស់​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន​តែម្ដង​ជាមួយ​នឹង​ការ​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​រដ្ឋាភិបាល គឺ​អ្នកស្រី ស៊ូជី ប្រធានាធិបតី និង​គណៈរដ្ឋមន្ត្រី អ្នក​តំណាងរាស្ត្រ​រាប់​រយ​នាក់។

អ្នកស្រី ស៊ូជី និង​ប្រធានាធិបតី Win Myint កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំ​ខ្លួន ចំណែក​អ្នកស្រី ស៊ូជី ជាប់​ចោទ​ក្នុង​សំណុំរឿង​ចំនួន​១០ ដែល​នាំ​ឱ្យ​អ្នកស្រី​ប្រឈម​នឹង​ការ​ជាប់ទោស​រហូត​ដល់​ទៅ ៧៥​ឆ្នាំ។

អ្នក​អង្គុយ​លើ​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ គឺ​ឯកអគ្គរដ្ឋទូត Kyaw Moe Tun ដែល​ជា​មន្ត្រី​របស់​អ្នកស្រី ស៊ូជី។ ពួក​យោធា​បាន​ដាក់​លិខិត​សុំ​យក​អាសនៈ​នេះ​ម្ដង​ហើយ តែ​បរាជ័យ។

ភ្នាក់ងារ​សារព័ត៌មាន AP បាន​ចុះផ្សាយ​ថា លិខិត​របស់​លោក Wunna Maung Lwin រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​យោធា​នេះ បាន​ផ្ញើ​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​លោក Antonio Guterres ដោយ​សរសេរ​ថា លោក​បាន​តែងតាំង​លោក Aung Thurein ទាហាន​ជើងចាស់​ធ្វើជា​ឯកអគ្គរដ្ឋទូត​ភូមា នៅ​អង្គការ​សហប្រជាជាតិ។

លោក Lwin ថា​លោក Kyaw Moe Tun ឯកអគ្គរដ្ឋទូត​ភូមា​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ចប់​តួនាទី​តាំងពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយសារ​ការរំលោភ​លើ​កាតព្វកិច្ច និង​អាណត្តិ​របស់​ភូមា។

ថ្លែង​ទៅកាន់​មហាសន្និបាត​មួយ​ស្ដីពី​ប្រទេស​ភូមា កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​យោធា​ដណ្តើម​អំណាច​ដោយ​រដ្ឋប្រហារ គឺ​លោក Kyaw Moe Tun បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​សកម្មភាព​ខ្លាំង​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​នៅ​ក្នុង​ប្រទេស​របស់​លោក។

លោក​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋប្រហារ​មិន​ទទួលស្គាល់​របប​យោធា និង​ស្នើ​មេដឹកនាំ​យោធា​ឱ្យ​គោរព​ការបោះឆ្នោត​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូជី បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​នេះ។

លោក Kyaw Moe Tun ថ្លែង​ថា លោក​នៅតែ​បន្ត​តស៊ូ​ដើម្បី​រដ្ឋាភិបាល​របស់​ប្រជាជន​ដែល​ជ្រើសរើស​ដោយ​ប្រជាជន​ដើម្បី​ប្រជាជន។

លោក Kyaw Moe Tun បាន​ឡើង​ថ្លែង​ដោយ​មាន​ការទះដៃ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ពី​អ្នក​ការទូត​នៅ​ក្នុង​អង្គប្រជុំ ដោយ​បាន​ហៅ​ឯកអគ្គរដ្ឋទូត​នេះ​ថា​មាន​ឥទ្ធិពល អង់អាច ក្លាហាន​សម​តំណាង​ឲ្យ​ប្រជាជន​ភូមា ដែល​កំពុង​តស៊ូ​ប្រឆាំង​របប​សឹក។

ការ​ព្យាយាម​លើក​មុន​របស់​ពួក​យោធា ដើម្បី​ដក​លោក Kyaw Moe Tun ទទួល​បរាជ័យ​ដោយ​មហាសន្និបាត​សម្រេច​ទាត់ចោល​សំណើ​របស់​របប​សឹក​នេះ។ មហាសន្និបាត​ដែល​មាន​សមាជិក ១៩៣​រូប​ទទួល​បន្ទុក​សម្រេច​អំពី​សារតាំង​អ្នក​ការទូត​ថ្មី។

សារលិខិត​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​របប​សឹក​លើក​នេះ មុន​នឹង​ដាក់​ចូល​មហាសន្និបាត គឺ​ត្រូវ​ទទួល​ស្គាល់​ជា​ផ្លូវការ​ជា​ដំបូង​ដោយ​គណៈកម្មាធិការ​សារតាំង​ដែល​មាន​សមាជិក ៩​ប្រទេស​គឺ​នៅ​ឆ្នាំ​នេះ​ក៏​មាន​ប្រទេស​ចិន រុស្ស៊ី និង​សហរដ្ឋ​អាមេរិក។

អ្នក​នាំពាក្យ​រង​របស់​អង្គការ​សហប្រជាជាតិ លោក Farhan Haq បាន​និយាយ​ថា បើ​តាម​លោក​យល់ គឺ​គ្មាន​ការប្រជុំ​របស់​គណៈកម្មាធិការ​សារតាំង​ទេ។ លោក​រំឭក​ថា​កាលពី​ខែ​មិថុនា អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា លោក​អគ្គលេខាធិការ​បាន​បង្ហាញ​ថា លទ្ធផល​នៃ​ការបោះឆ្នោត​ខែ​វិច្ឆិកា ដែល​ផ្តល់​អាណត្តិ​ទី​២ យ៉ាង​រឹងមាំ​ដល់​គណបក្ស​របស់​អ្នកស្រី ស៊ូជី បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​គ្រប់គ្រាន់​ហើយ។

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ​ដោយ​ថ្កោលទោស​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ហើយ​ទទួលស្គាល់​រដ្ឋាភិបាល​ជាប់ឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​បាន​ស្ដែង​ឱ្យ​ឃើញ​អំពី​កម្លាំង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​មាន​សំឡេង​រឹងមាំ និង​ច្រើន​លើសលប់​ប្រឆាំង​របប​មួយ​ដែល​ប្លន់​អំណាច​ពី​ម្ចាស់​ឆ្នោត។

ក្នុង​មហាសន្និបាត​នៅ​ចំពោះ​មុខ​វត្តមាន ១៩៣​ប្រទេស​ជា​សមាជិក​របស់​ខ្លួន ដោយ​បាន​សម្រេច​រួម​មួយ​ដោយ​ការបោះឆ្នោត​ទៅលើ​ប្រទេស​ភូមា ដែល​កំពុង​គ្រប់គ្រង​ដោយ​ពួក​យោធា។

សេចក្តី​សម្រេច​ដែល​ថ្កោលទោស​រដ្ឋប្រហារ​យោធា​ភូមា ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី ស៊ូជី បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រទេស​ចំនួន ១១៩ ប្រឆាំង​របប​សឹក ហើយ​គាំទ្រ​រដ្ឋាភិបាល​ជាប់ឆ្នោត។

ចំណែក​ប្រទេស​ចំនួន​៣៧ មិន​បាន​បោះឆ្នោត​ទេ។ ដោយឡែក​ប្រទេស​៣៦​ទៀត បាន​បោះឆ្នោត​អនុប្បវាទ​ក្នុង​នោះ​មាន​ប្រទេស​ធំ​៣ គឺ​ចិន រុស្ស៊ី និង​ឥណ្ឌា។ មាន​តែ​ប្រទេស​មួយ​ប៉ុណ្ណោះ​ឡើង​បោះឆ្នោត​ជំទាស់ គឺ​ប្រទេស​ប៊ែលឡារ៉ុស។ ប្រទេស​នេះ​កំពុង​ដឹកនាំ​ដោយ​ជន​ផ្ដាច់ការ គឺ​លោក Alexander Lukashenko។

ការបោះឆ្នោត​នៅ​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ គឺ​ដោយសារ​មាន​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចាំ​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​របប​សឹក​ភូមា​តាម​ចាប់ខ្លួន​ពី​បទ​ក្បត់​ជាតិ ដែល​គេ​ថា​ក្បត់​ជាតិ ព្រោះ​តែ​មិន​ដើរ​តាម​របប​រដ្ឋប្រហារ។

នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក Kyaw Moe Tun បាន​លើកដៃ​តំណាង​ឱ្យ​ប្រទេស​ភូមា​នៃ​រដ្ឋាភិបាល​ជាប់ឆ្នោត។ លោក Kyaw Moe Tun បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​ដែល​ថ្កោលទោស​របប​រដ្ឋប្រហារ​របស់​ពួក​យោធា​ភូមា។

សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ មិន​ត្រឹមតែ​ថ្កោលទោស​ការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ភូមា​នោះ​ទេ គឺ​បាន​ទាមទារ​ឲ្យ​របប​សឹក​ដោះលែង​អ្នកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី​ភូមា Win Myint និង​អ្នកទោស​នយោបាយ​ផ្សេងទៀត។

សេចក្តី​សម្រេច​នេះ​ក៏​បាន​ប្រាប់​ទៅ​របប​សឹក​ភូមា បើក​ផ្លូវ​ឱ្យ​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ដំណើរ​ទៅ​ភូមា ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ក្នុង​សង្គម​ដែល​របប​សឹក​គ្រប់គ្រង។ តាមរយៈ​សេចក្ដី​សម្រេច​នេះ ទោះ​ជា​របប​រដ្ឋប្រហារ​ភូមា​ព្យាយាម​ច្រើន​ដង​ទៀត​ដើម្បី​បាន​អាសនៈ​ពី​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា គឺ​ទំនង​ទៅ​មិន​រួច​នោះ​ទេ ហើយ​វា​រឹត​តែ​អាម៉ាស់​មុខ​ថែមទៀត​នៅ​លើ​វេទិកា​អន្តរជាតិ​មួយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស