38 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម​បង្ហាញ​ល្បិច ៤​យ៉ាង​មើល​ឃើញ​ជន​ផ្ដាច់ការ​លាក់ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ពី​លក្ខណៈ​កត់សម្គាល់​វិធី ៤​យ៉ាង ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពិនិត្យ​មើល​បុគ្គលិក​លក្ខណៈ​ជន​ផ្ដាច់ការ​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១ ថា លក្ខណៈ​របស់​ជន​ផ្ដាច់ការ គឺ​ធ្វើ​អ្វីៗ​ដើម្បី​តែ​អំណាច​ក្រុម​បក្ខពួក​របស់​ពួកគេ​តែប៉ុណ្ណោះ ដូច្នេះ​ដើម្បី​ក្តោប​ក្តាប់​អំណាច​បាន​រឹងមាំ ពួកគេ​បាន​ប្រើ​វិធី​ដាក់​ពង្រាយ​ខ្សែ​បណ្ដាញ​របស់​ពួកគេ​ឲ្យ​ចូល​ទៅ​គ្រប់គ្រង​ស្ថាប័ន​អំណាច​ធំៗ​របស់​ជាតិ​ទាំងអស់ ដូចជា៖

  • គ្រប់គ្រង​ស្ថាប័នរដ្ឋ​សភា
  • គ្រប់គ្រង​ស្ថាប័ន​រដ្ឋាភិបាល
  • និង​គ្រប់គ្រង​ស្ថាប័ន​តុលាការ ជាដើម។

លោក​អះអាង​ថា ក្រោយពេល​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ​បាន​ពេញដៃ​ហើយ ពួកគេ​បាន​រៀបចំ​ការ​គ្រប់គ្រង​លើ​ក្បាលម៉ាស៊ីន​រដ្ឋបាល​ជាតិ​ថែមទៀត នោះ​គឺ​ការ​ក្តោប​ក្តាប់​មន្ត្រី​រាជការ​ជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់ បន្ទាប់មក​ពួកគេ​ចាប់ផ្តើម​ប្រើ​មន្ត្រី​រាជការ​តាម​ក្រសួង​ទាំងនោះ​ឲ្យ​ដើរ​គាបសង្កត់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ឲ្យ​បោះឆ្នោត​ប្រគល់​អំណាច​ឲ្យ​ពួកគេ​បន្ត​ទៀត។

បណ្ឌិត សេង សារី បញ្ជាក់​ថា បន្ទាប់ពី​ក្រសួង និង​ស្ថាប័ន​ជាតិ​ស្ថិតនៅ​ក្នុង​ដៃ​ពួកគេ​ពេញ​ទំហឹង​ហើយ​នោះ ជន​ផ្ដាច់ការ​នឹង​រៀប​ឧបាយកល​កម្ចាត់​ដៃគូ​នយោបាយ​ដែល​មាន​កម្លាំង​ស្មើ​នឹង​ខ្លួន​តាមរយៈ​នៃ​ការ​បញ្ចូល​មនុស្ស​ដែល​គេ​ចាត់តាំង ឲ្យ​ទៅ​គ្រប់គ្រង​ស្ថាប័ន​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គ.ជ.ប ដើម្បី​ឲ្យ​កាន់តែ​ធានា​ការ​ពង្រឹង​អំណាច​របស់​ពួកគេ​ចាក់ឫស​កាន់តែ​ជ្រៅ​បន្ថែម​ទៀត។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ធ្លាក់​ពី​អំណាច ពួកគេ​បាន​ប្រើ​គ្រប់​មធ្យោបាយ​គ្រប់​បែបយ៉ាង​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​ខ្វល់​ពី​រឿង​នយោបាយ និង​វិបត្តិ​សង្គម​ជាដើម។ ជាង​នេះ​ទៀត ពួកគេ​បង្ខំ​ឲ្យ​ក្រសួង​អប់រំ​ដាក់​បម្រាម​មិន​ឲ្យ​និស្សិត​បញ្ញវន្ត​និយាយ​រឿង​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ផង​ដែរ ដើម្បី​កុំ​ឲ្យ​កូនខ្មែរ​ជំនាន់​ថ្មី​ដឹង​ពី​ល្បិច​កល​នយោបាយ​របស់​ពួកគេ។

បើ​ទោះបីជា​បណ្ឌិត សេង សារី មិន​បាន​សំដៅ​ទៅ​ប្រទេស​ណាមួយ​ក្នុង​ការ​លើកឡើង​របស់​លោក ប៉ុន្តែ​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា សម្គាល់​ថា ការ​លើកឡើង​របស់​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ។

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី

មាត្រា​១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ប៉ុន្តែ​ក្រោយ​កម្ពុជា​ទទួល​យក​ធម្មនុញ្ញ​មក​អនុវត្ត​ពី​ឆ្នាំ​១៩៩៣ មក ត្រូវ​គេ​មើលឃើញ​ថា មេដឹកនាំ​នយោបាយ​បក្ស​កាន់​អំណាច​បាន​ប្រើ​អំណាច​ដឹកនាំ​ប្រទេស ជាជាង​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស។

រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​អនុវត្ត​ផែនការ​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ដែល​ផ្ទុយ​ទៅ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ទាំងស្រុង។

ក្នុង​នោះ មេដឹកនាំ​នយោបាយ​បក្ស​កាន់​អំណាច​បាន​រៀបចំ​សមាជិក​បក្ស​នយោបាយ​របស់​ខ្លួន​ឲ្យ​ចូល​ទៅ​កាន់កាប់​ស្ថាប័ន​ជាតិ​កំពូល ដូចជា​លោក ហេង សំរិន ដើរ​តួនាទី​ប្រធាន​រដ្ឋសភា​ជាតិ​ផង និង​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​ផង។

ខណៈ​លោក សាយ ឈុំ កាន់កាប់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​ផង និង​ជា​អគ្គលេខាធិការ​បក្ស​កាន់​អំណាច​ផង ចំណែក​លោក ឌិត មុន្ទី មាន​តួនាទី​ជា​ប្រធាន​តុលាការ​កំពូល​ផង និង​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​ផង​ដែរ។

លើស​ពី​នេះ អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ជាដើម និង​រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន នាយកដ្ឋាន និង​អង្គភាព​របស់​រដ្ឋ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ជា​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច ដែល​ពួកគេ​មាន​តួនាទី​ក្នុង​ការ​អូសទាញ​មន្ត្រី​រាជការ​ផ្សេងទៀត​តាម​អង្គភាព​នីមួយៗ ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ពួកគេ រាប់​ទាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​មន្ត្រី​សាធារណៈ​នៅ​ថ្នាក់​មូលដ្ឋាន។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ដើម្បី​អនាគត​អំណាច​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ទៅ​ថ្ងៃ​មុខ លោក ហ៊ុន សែន បាន​ពង្រាយ​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​ចូល​គ្រប់គ្រង​តាម​ស្ថាប័ន​អំណាច​ធំៗ​ទាំងអស់​បាត់​ទៅ​ហើយ ក្នុង​នោះ៖

  • ស្ថាប័ន​នីតិប្បញ្ញត្តិ លោក ហេង សំរិន ជា​អ្នក​គ្រប់គ្រង
  • ស្ថាប័ន​នីតិប្រតិបត្តិ លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង
  • និង​ស្ថាប័ន​តុលាការ លោក ឌិត មុន្ទី ជា​អ្នក​គ្រប់គ្រង
  • ខណៈ​ស្ថាប័ន​ផ្សេង​ទៀត គឺ​ត្រូវ​ខ្សែ​បណ្ដាញ​បក្ស​កាន់​អំណាច​គ្រប់គ្រង​គ្មាន​សល់។

ជុំវិញ​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៨ មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​ប្រើ​អំណាច​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល​ចូលរួម​ជា​សមាជិក​បក្ស​នយោបាយ​របស់​ខ្លួន។

របាយការណ៍​ដដែល​បញ្ជាក់​ថា រយៈពេល​នៃ​ការ​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​របស់​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពឹង​ទៅលើ​កម្លាំង​មន្ត្រី​រាជការ​ទាំង​ស៊ីវិល និង​យោធា​ជា​ចម្បង​ក្នុង​ការ​គាបសង្កត់ និង​ការឃោសនា​រក​សំឡេង​ឆ្នោត បើ​ទោះបីជា​គណបក្ស​កាន់​អំណាច​តែង​អះអាង​ថា ពួកគេ​មាន​សមាជិក​បក្ស​ដល់​ទៅ​ជាង ៥​លាន​នាក់​ដើម្បី​ប្រកួតប្រជែង​យក​ឈ្នះ​ការបោះឆ្នោត​ម្តងៗ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស