36 C
Phnom Penh

សកម្មជន​បរិស្ថាន​៣​នាក់​ដែល​កាត់ទោស​រួច​និង​កំពុង​ជាប់​ឃុំ ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន​ចំនួន ៣​នាក់​ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស និង​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ប្រឈម​នឹង​បទ​ចោទ​ថ្មី​ក្នុង​សំណុំរឿង «រួម​គំនិត​ក្បត់»។

យុវជន​មាតា​ធម្មជាតិ ៣​នាក់​រួម​មាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​ផ្ដន្ទាទោស​ចន្លោះ​ពី ១៨​ខែ​ទៅ ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន ៤​លាន​រៀល ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ប៉ុន្តែ​បើ​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​លីកាដូ (Licadho) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឱ្យ​ដឹង​ថា សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ ៣​នាក់​មាន​ដូចជា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ដែល​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស និង​កំពុង​ជាប់​ពន្ធនាគារ​ក្រោម​បទ «ញុះញង់» នោះ ពេល​នេះ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ថ្មី​ទៀត។

អង្គការ​លីកាដូ បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​ពី​បទ «រួម​គំនិត​ក្បត់» ក្នុង​សំណុំរឿង​ថ្មី​នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​សកម្មជន ៤​នាក់​ទៀត​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ ក្រោម​បទ​ចោទ​ប្រកាន់ «រួម​គំនិត​ក្បត់» និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ»។

សកម្មជន​បរិស្ថាន​ទាំង ៤​នាក់​នោះ ក្នុង​នោះ​រួម​មាន កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុទ្ធ លោក យឹម លាងហ៊ី ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ អំឡុង​ពេល​ពួកគេ​ចុះ​ថត​ វីដេអូ​ការ​បង្ហូរ​ទឹកស្អុយ​ចូល​ទន្លេ​នៅ​ម្ដុំ​ព្រះបរមរាជវាំង ខណៈ​បុរស​ជនជាតិ​អេស្ប៉ាញ ឈ្មោះ Alejandro Gonzalez-Davidson កំពុង​នៅ​ក្រៅ​ប្រទេស។

អង្គការ​លីកាដូ លើកឡើង​ថា បើ​តាម​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្វើ​ការសាកសួរ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​សំណុំរឿង «រួម​គំនិត​ក្បត់» ដែល​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស។

លើស​ពី​នេះ ការ​ដែល​តុលាការ​បង្គាប់​ឱ្យ​មន្ត្រី​ពន្ធនាគារ​យក​ពួកគេ​មក​សាកសួរ​នៅ​តុលាការ​នេះ មិន​មាន​វត្តមាន​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់ចោទ​នៅ​ក្នុង​ដំណើរការ​នៃ​ការសាកសួរ​នេះ​ទេ ដោយ​ថា​ក្រុម​មេធាវី​ដែល​ការពារ​ក្ដី​ឱ្យ​ពួកគេ​លើក​មុន មិន​បាន​ដឹង​ពី​ការ​បញ្ជូន។

នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស និង​បរិស្ថាន បង្ហាញ​កង្វល់​អំពី​ការ​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ធានា​សិទ្ធិ​សេរីភាព​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​បរិស្ថាន។

គិត​ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០២០ មក មាន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៦​នាក់​ហើយ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ខណៈ​ពួកគេ​បាន​ចូលរួម​សកម្មភាព​ជាច្រើន​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

យ៉ាងនេះ​ក្តី ក្រោយ​ពី​មាន​ការចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ជាបន្តបន្ទាប់ ក៏​មាន​ប្រតិកម្ម​ជាច្រើន​ពី​សាធារណជន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា ក្នុង​នោះ​ស្ថានទូត​អាមេរិក ស្ថានទូត​ស៊ុយអែត និង​អូស្ត្រាលី ជាដើម ដោយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង ព្រមទាំង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅលើ​យុវជន​បរិស្ថាន​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស