ក្រុមអ្នកឃ្លាំមើលខាងវិស័យកសិកម្ម អះអាងថា បញ្ហាចម្បងដែលពលរដ្ឋកំពុងប្រឈមក្នុងអំឡុងពេលនៃការរីករាលដាលវិបត្តិជំងឺ Covid-19 នេះ គឺការបាត់បង់នូវប្រាក់ចំណូល ជាពិសេសគឺមិនមានលទ្ធភាពសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុតែម្តង។
ការអះអាងនេះ ស្របពេលដែលពលរដ្ឋខ្មែរកំពុងតែរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារជំងឺ Covid-19 ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ដែលបណ្តាលឲ្យពួកគាត់បាត់បង់នូវប្រាក់ចំណូលក្នុងគ្រួសារស្ទើរតែទាំងស្រុង។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា ដើម្បីជួយស្រោចស្រង់ជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងតែធ្លាក់ដុនដាបនៅពេលនេះ រដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធត្រូវតែផ្តល់ជំនួយសង្គមដល់ពលរដ្ឋរងគ្រោះទាំងនោះជាបន្ទាន់ ដើម្បីជួយសម្រាលវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគេ។
លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលអាចដាក់ចេញនូវផែនការកញ្ចប់ថវិកាដើម្បីជួយបង្កើតមុខរបរដល់ពលរដ្ឋរងគ្រោះ និងជួយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួនទៀតទាក់ទងនឹងការចិញ្ចឹមសត្វជាដើម ដែលជាមធ្យោបាយអាចជួយស្ដារជីវភាពរបស់ពលរដ្ឋឲ្យងើបឡើងវិញ នោះជីវភាពពលរដ្ឋរងគ្រោះទាំងនោះនឹងមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានផ្សព្វផ្សាយវីដេអូឯកសារនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ស្ដីពីជីវភាពរបស់ពលរដ្ឋដែលរងនូវផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលនៃវិបត្តិ Covid-19 ដែលបានកើតមានទៅលើកម្មករ អាជីវករ កសិករនៅតាមសហគមន៍ជនបទយ៉ាងធ្ងន់ធ្ងរនាពេលកន្លងមក។
ប្រភពដដែលអះអាងថា ការចេញផ្សាយវីដេអូនេះ គឺមានគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីបង្ហាញពីទុក្ខកង្វល់ និងស្វែងរកដំណោះស្រាយក្នុងការស្ដារសេដ្ឋកិច្ចជីវភាពរស់នៅរបស់ពលរដ្ឋដែលកំពុងរងផលប៉ះពាល់ចំពោះសេដ្ឋកិច្ចគ្រួសារពីវិបត្តិសកលនេះ។
ចំណែកអគ្គហេរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ វិសុទ្ធ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា ពលរដ្ឋដែលរស់នៅសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រមាណជា ៣០គ្រួសារ ដែលតំណាងឱ្យពលរដ្ឋរាប់រយគ្រួសារទៀតបាននាំគ្នាទៅសួរនាំប្រធានភូមិទួលសង្កែ អំពីប្រាក់ឧបត្ថម្ភ ១គ្រួសារ ៣០ម៉ឺនរៀលដែលរដ្ឋាភិបាលសន្យាផ្តល់ឲ្យពលរដ្ឋរងគ្រោះក្នុងតំបន់បិទខ្ទប់ ឬតំបន់ក្រហមនាពេលកន្លងមក។
លោកត្អូញត្អែរថា តើរដ្ឋាភិបាលសព្វថ្ងៃនេះបម្រើបក្ស ឬបម្រើប្រជាជនទូទៅ? តើពលរដ្ឋប្រភេទណា និងមានស្ថានភាពដូចម្តេច ទើបទទួលបានប្រាក់ឧបត្ថម្ភនេះ? លោកបន្តថា ពេលបិទខ្ទប់ គឺបិទទាំងអស់គ្នា សូម្បីស្រមោចមួយក្បាលមិនឱ្យវារចេញផង ចុះប្រាក់ឧបត្ថម្ភហេតុអ្វីមានការរើសអើងបក្ខពួកបែបនេះ?
កាលពីដើមខែឧសភា ឆ្នាំ២០២១ អង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានបញ្ចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនថា វិធានការទប់ស្កាត់ជំងឺ Covid-19 របស់រដ្ឋាភិបាលកម្ពុជាដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋទាំងបញ្ហាសុខភាព និងសេដ្ឋកិច្ច ហាក់មិនទាន់អាចអនុវត្តបានល្អប្រសើរនៅឡើយទេ។
ប្រភពដដែលអះអាងថា របាយការណ៍ស្រាវជ្រាវដដែលនេះបានរកឃើញថា ក្នុងចំណោមមនុស្ស ១០០គ្រួសារបានរងផលប៉ះពាល់ដោយសារជំងឺ Covid-19 មានកម្រិតខ្ពស់ជាទីបំផុត ជាពិសេសគឺការប្រឈមមុខទៅនឹងបំណុលធនាគារតែម្តង។ ក្នុងនោះ សម្រាប់ក្រុងភ្នំពេញ បានរងផលប៉ះពាល់ខ្លាំងបំផុតរហូតដល់ទៅ ៨៩% ឯណោះ។
បញ្ហានេះ បានបណ្តាលពលរដ្ឋរងគ្រោះខ្លះត្រូវបង្ខំចិត្តលក់ដីធ្លី និងអចលនទ្រព្យផ្សេងៗដែលពួកគេខំសន្សំទុកកន្លងមក ដើម្បីសងបំណុលរបស់ខ្លួនដែលបានជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាម្ចាស់បំណុល។
ជុំវិញបញ្ហានេះ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីពេលថ្មីៗនេះថា ការឆ្លងវីរុស Covid-19 បានធ្វើឱ្យប៉ះពាល់ដល់សុខភាព ជីវភាពរស់នៅ និងប្រព័ន្ធផ្គត់ផ្គង់អាហាររបស់ប្រជាជនយ៉ាងខ្លាំង ដែលធ្វើឲ្យជីវភាពរបស់ពលរដ្ឋធ្លាក់ចុះក្រោមបន្ទាត់នៃភាពក្រីក្រកម្រិតធ្ងន់ ហើយប្រជាជនជាង ៦៩០លាននាក់ជុំវិញពិភពលោក នឹងស្ថិតនៅក្រោមការខ្វះខាតអាហារផ្គត់ផ្គង់នៅចុងឆ្នាំ២០២១ នេះ។
ក្រុមអ្នកឃ្លាំមើលសង្គមរិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តក្នុងការផ្តល់ជំនួយសង្គម និងសាច់ប្រាក់ទៅដល់ពលរដ្ឋដែលកំពុងតែជួបការលំបាកឲ្យបានសមរម្យនោះឡើយ ផ្ទុយទៅវិញ លោក ហ៊ុន សែន ឆ្លៀតឱកាសឃោសនារកសន្លឹកឆ្នោតជាចំហផង និងលាក់លៀមផង ដោយប្រើការឧបត្ថម្ភស្បៀងបន្តិចបន្តួចដល់ពលរដ្ឋរងគ្រោះ ស្របពេលដែលពលរដ្ឋរងគ្រោះទាំងនោះកំពុងតែត្រូវការស្បៀងយ៉ាងខ្លាំងដើម្បីដោះស្រាយជីវភាពរបស់ពួកគេ៕