31 C
Phnom Penh

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ងាក​មក​ប្រើ​វ៉ាក់សាំង​អាមេរិក ខណៈ​វ៉ាក់សាំង​ចិន​ចាក់​ហើយ​នៅតែ​ឆ្លង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​លើ​ការ​ស្វះស្វែង​រក​ការ​អភិវឌ្ឍ​ពី​ប្រទេស​ចិន​ជា​ខ្លាំង។ សូម្បីតែ​វ៉ាក់សាំង ក៏​ប្រទេស​ទាំងអស់​នោះ​ប្រើប្រាស់​របស់​ចិន​ភាគច្រើន​ដែរ។ ក៏ប៉ុន្ដែ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ស្បើយ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​របស់​គេ ហើយ​បង្កើន​ការ​នាំចេញ​មក​ក្រៅ​ប្រទេស ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​បង្កើន​ការ​ស្វះស្វែង​រក​វ៉ាក់សាំង​របស់​អាមេរិក​ទៅវិញ។

ការណ៍​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ការ​ប្រែប្រួល​ការប្រើប្រាស់​វ៉ាក់សាំង​ចិន ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១ នេះ។

ក្នុង​រយៈពេល​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី វៀតណាម និង​ម៉ាឡេស៊ី ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​ដូស​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech។

ចំណែក​ហ្វីលីពីន វិញ បាន​ទទួល​វ៉ាក់សាំង​អាមេរិក Moderna និង Pfizer ជា​បណ្ដើរៗ ហើយ​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​វ៉ាក់សាំង​បន្ថែម​ជាច្រើន​ទៀត​ផង​ដែរ។ ពី​មុន​មក វ៉ាក់សាំង​ដែល​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ប្រើ​គឺជា​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់​នៃ​ប្រទេស​ចិន ហើយ​ម៉ាឡេស៊ី ក៏​បាន​ប្រើ​វ៉ាក់សាំង​ប្រភេទ​នេះ​ដែរ។

ប្រទេស​ជាច្រើន​មិន​បាន​និយាយ​អំពី​ការ​ព្រួយបារម្ភ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នោះ​ទេ ប៉ុន្តែ​ឥណ្ឌូនេស៊ី អះអាង​ថា ខ្លួន​មាន​ផែនការ​ក្នុង​ការ​ជំរុញ​ឱ្យ​បុគ្គលិក​សុខាភិបាល​ចាក់​វ៉ាក់សាំង​លោក​ខាងលិច បើ​ទោះបី​ពួកគេ​ទទួល​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ពីរ​ដូស​មក​ហើយ​ក្ដី។ ការ​ងាក​មក​ប្រើ​វ៉ាក់សាំង​លោក​ខាងលិច​នេះ ស្រប​ពេល​ដែល​ករណី​ឆ្លង​កូវីដ-១៩ នៅ​ក្នុង​ប្រទេស​ទាំងនោះ​កើន​ឡើង​ជា​លំដាប់ ជាពិសេស​គឺ​មេរោគ​បំប្លែង​ថ្មី​របស់​កូវីដ-១៩ ឈ្មោះ Delta កំពុង​រីក​រាលដាល​ជុំវិញ​ពិភពលោក។ អាមេរិក​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដំបូង​ដល់​ឥណ្ឌូនេស៊ី ចំនួន ៤​លាន​ដូស។

បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​សុខាភិបាល​ភាគច្រើន​ជាមួយ​នឹង​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ដើម​ឆ្នាំ​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឥណ្ឌូនេស៊ី បាន​ឱ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​ប្រើ​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង Moderna ដែល​ខ្លួន​ទើប​បាន​ទទួល​ពី​សហរដ្ឋ​អាមេរិក​ដើម្បី​ចាក់​លើក​ទី​៣ ដល់​បុគ្គលិក​ពេទ្យ។

ការ​សម្រេច​ចិត្ត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ពី​អង្គការ​វេជ្ជសាស្ត្រ​ក្នុង​ស្រុក​មួយ​ដែល​ថា គ្រូពេទ្យ​ឥណ្ឌូនេស៊ី​យ៉ាង​តិច ២០​នាក់​បាន​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់ បាន​ស្លាប់​ដោយ​ជំងឺ Covid-19។ ទំហំ​ជំនួយ ៤​លាន​ដូស​នេះ គឺ​ស្មើ​នឹង​អាមេរិក​ប្រគល់​ជូន​ប្រទេស​ចំនួន​បី​ទៀត គឺ​ម៉ាឡេស៊ី ប៉ាគីស្ថាន និង​ណេប៉ាល់។

វ៉ាក់សាំង Pfizer និង BioNTech ត្រូវ​គេ​ដឹង​ថា នឹង​បញ្ជូន​នៅ​ត្រឹម​ឆ្នាំ​នេះ​ដល់​ទៅ ៥០​លាន​ដូស​ទៅ​កាន់​ឥណ្ឌូនេស៊ី ខណៈ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​តំបន់ គឺ​ដល់​ទៅ ២៧០​លាន​នាក់​ឯណោះ ហើយ​បច្ចុប្បន្ន​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ចិន។ កាលពី​ខែ​មុន អាមេរិក​បាន​សន្យា​ថា​នឹង​ជំនួយ​វ៉ាក់សាំង ៥០០​លាន​ដូស គឺ​វ៉ាក់សាំង Pfizer ទៅ​កាន់​ប្រទេស​ក្រីក្រ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២២ ជាមួយ​នឹង ២០០​លាន​ដូស​បាន​ដល់​ត្រឹម​ឆ្នាំ​នេះ។

ចំណែក​ម៉ាឡេស៊ី​ឯណោះ​វិញ ក៏​កំពុង​ចាប់ផ្ដើម​ចេញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា គឺ​ទាំង​ចិន និង​អាមេរិក គឺ​ទាំង Pfizer និង Sinovac។ ខណៈ​ប្រទេស​នេះ​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ដល់​ទៅ ៤៦​លាន​ដូស គឺ​រំពឹង​ចាក់​បាន​មនុស្ស​ហោច​ណាស់ ៣៣​លាន​នាក់។

ម៉ាឡេស៊ី​ថា ជំហរ​មួយ​នេះ​មិនមែន​និយាយ​ថា​ប្រទេស​នេះ​បារម្ភ​លើ​ប្រសិទ្ធភាព​ស៊ីណូវ៉ាក់​នោះ​ទេ ប៉ុន្តែ​ចុងក្រោយ គឺ​ម៉ាឡេស៊ី​បាន​ជំនួយ​វ៉ាក់សាំង​របស់​អាមេរិក ហើយ​នឹង​មក​ដល់​ខែ​សីហា ថែមទៀត។ រីឯ​ហ្វីលីពីន ដែល​ទុកចិត្ត​លើ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចិន កាលពី​ខែ​មុន​ក៏​បាន​នាំចូល Pfizer ដល់​ទៅ ៤០​លាន​ដូស​ផង​ដែរ។

ការ​ចាក់​វ៉ាក់សាំង Moderna ត្រូវ​បាន​ធ្វើឡើង​នូវ​យុទ្ធនាការ​នៅ​ខែ​មិថុនា មុន​នេះ ក្រោយ​ពី​បាន​បញ្ជា​ទិញ​នៅ​ខែ​មីនា ហើយ​ទើប​ទទួល​បាន​ជុំ​ទី​ពីរ​មួយ​លាន​ដូស​ថ្មីៗ​នេះ​សម្រាប់​ម៉ាឡេស៊ី។

យោង​តាម​របាយការណ៍​ពិភពលោក​របស់​សាកលវិទ្យាល័យ Oxford ប្រទេស​ដែល​កំពុង​ត្រឡប់​ទៅ​ចាក់​វ៉ាក់សាំង​លោក​ខាងលិច​មាន​អត្រា​ចាក់​ទាប​នៅឡើយ តែ​មាន​ការ​កើន​ឡើង​ជំងឺ​ឆ្លង​ខ្លាំង​ដូចជា​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទើប​ចាក់​បាន ៦% នៃ​ប្រជាជន​សរុប ហើយ​ឆ្លង​ម្ដង​រាប់​ពាន់​នាក់។ ចំណែក​ម៉ាឡេស៊ី ទើប​ចាក់​បាន ១៣% ហើយ​ហ្វីលីពីន ចាក់​បាន ៤% ដែល​ប្រទេស​ទាំងនេះ​ចាក់​វ៉ាក់សាំង​ចិន។

យោង​តាម​ការសិក្សា​របស់​ប្រេស៊ីល ក្នុង​ការ​បង្ហាញ​ប្រសិទ្ធភាព​វ៉ាក់សាំង​ស៊ីណូវ៉ាក់​មាន​ត្រឹម ៥០% ក្នុង​ការ​បង្ការ​ការ​ឆ្លង​កូវីដ-១៩។ ស៊ីណូវ៉ាក់ នៅ​ពេល​នេះ​កំពុង​ត្រូវ​បាន​គេ​សិក្សា​ក្នុង​ការ​ការពារ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​បំប្លែង​ខ្លួន Delta ដែល​កំពុង​រីក​រាលដាល​ពេញ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ដទៃ​ទៀត។

ការ​សិក្សា​ស្រាវជ្រាវ​ពីរ​របស់​អង់គ្លេស​មួយ និង​អ៊ីស្រាអែល​មួយ រក​ឃើញ​ថា ក្នុង​ចំណោម​វ៉ាក់សាំង​ទាំងអស់ Pfizer មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​ឆ្លង​បំប្លែង​ខ្លួន​ជាងគេ។

ក្រសួង​សុខាភិបាល​ប្រទេស​ថៃ ក៏​បាន​លើកឡើង​ថា នឹង​ផ្ដល់​ការ​ចាក់​ថ្នាំបង្ការ​បន្ថែម​ដល់​បុគ្គលិក​សុខាភិបាល​របស់​ខ្លួន​ដែល​បាន​ទទួល​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ពីរ​ដូស​ដោយ​ប្រើ Pfizer ឬ AstraZeneca។ បុគ្គលិក​សុខាភិបាល​ដែល​បាន​ទទួល​តែ​មួយ​ដូស នឹង​ទទួល​បាន​ថ្នាំ AstraZeneca ជា​លើក​ទី​២។ សេចក្តី​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​បង្ហាញ​របស់​រដ្ឋាភិបាល​ថា បុគ្គលិក​ពេទ្យ​ថៃ​រាប់​រយ​នាក់​បាន​ឆ្លង​ជំងឺ​នេះ​នៅ​ចន្លោះ​ខែ​មេសា និង​កក្កដា ដែរ ទោះបី​ពួកគេ​ចាក់​វ៉ាក់សាំង​របស់​ចិន​ហើយ​ក៏ដោយ។

សហរដ្ឋ​អាមេរិក​កាលពី​សប្ដាហ៍​មុន បាន​បញ្ជូន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ចំនួន ២​លាន​ដូស​ដល់​ប្រទេស​វៀតណាម ដែល​ជា​ជំនួយ​ថ្មីៗ​បំផុត​របស់​សហរដ្ឋ​អាមេរិក​ដល់​ប្រទេស​នានា​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩។ នៅ​ក្នុង​សប្ដាហ៍​នេះ​ទៀត វៀតណាម​នឹង​ទទួល​បាន​វ៉ាក់សាំង​ពី​អាមេរិក ៣​លាន​ដូស​ថែមទៀត។

ប្រទេស​កុម្មុយនីស្ត​វៀតណាម ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ប្រទេស​គំរូ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវីដ-១៩។ ទោះ​ជា​យ៉ាងនេះ​ក្តី អត្រា​អ្នក​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​នេះ​នៅ​មាន​ចំនួន​ទាប​នៅឡើយ ក្នុង​ចំណោម​ពលរដ្ឋ​វៀតណាម​សរុប​ដែល​មាន​ចំនួន ៩៧​លាន​នាក់ ហើយ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។

ក្នុង​ចំណោម​វ៉ាក់សាំង​ចាក់​មួយ​ដូស​នៃ​វ៉ាក់សាំង Johnson & Johnson ទាំង ២,៦​លាន​ដូស​របស់​អាមេរិក គឺ​ប្រទេស​ឡាវ ទទួល​បាន​វ៉ាក់សាំង​ចំនួន ១​លាន ៨​ពាន់​ដូស ហើយ​ហ្វីលីពីន ទទួល​បាន​ជាង ១​លាន ៦​សែន​ដូស​ម្ដង​រួចមក​ហើយ។ ប្រទេស​ដែល​មេដឹកនាំ​និយម​ចិន​ខ្លាំង​ទាំងនេះ នឹង​ទទួល​បាន​វ៉ាក់សាំង ១​លាន ៦​សែន​ដូស​ម្ដង​ទៀត​ពី​អាមេរិក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។

ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​ដែល​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​អាមេរិក​ក្នុង​ចំណោម ៨០​លាន​ដូស​នៃ​ជំនួយ​ដំបូង​របស់​រដ្ឋការ​លោក ចូ បៃដិន រួម​កម្ពុជា ឡាវ ប៉ាពូញូហ្គីណេ ហ្វីលីពីន និង​ប្រទេស​ថៃ។

សម្រាប់​រដ្ឋាភិបាល​ថៃ កំពុង​ស្នើសុំ​ទិញ​វ៉ាក់សាំង​ពី​អាមេរិក​រាប់​សិប​លាន​ដូស​ដើម្បី​ចែកចាយ​ដល់​គ្លីនិក​ឯកជន។ មាន​តែ​ប្រទេស​កម្ពុជា​មួយ​គត់​នៅ​អាស៊ី​អាគ្នេយ៍ ដែល​មេដឹកនាំ​និយម​ចិន មិនទាន់​ឮ​ថា​ចង់​ទិញ​វ៉ាក់សាំង​ពី​អាមេរិក ឬ​ពី​ប្រទេស​នៅ​អឺរ៉ុប​ដើម្បី​យក​មក​ចាក់​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​នៅឡើយ​ទេ ខណៈ​ប្រទេស​នេះ​កំពុង​ប្រើ​វ៉ាក់សាំង​ចិន​យ៉ាង​សកម្ម ហើយ​ការ​ឆ្លង​កាន់តែ​រីក​រាលដាល​ទោះ​ជា​មនុស្ស​បាន​ចាក់​ចំនួន ២​ដូស​ក៏ដោយ។

វ៉ាក់សាំង​ចិន ដែល​កម្ពុជា​ទទួល​បាន​ទាំង​ក្នុង​ការ​ផ្ដល់​ជំនួយ និង​ស្នើ​ទិញ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់។ តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ឲ្យ​ដឹង​ថា ប្រជាជន​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន ទាំង​ពីរ​នេះ​ចំនួន​ជាង ៥​លាន​នាក់​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស