គ្រឿងញៀនជិត ៨តោន ត្រូវបានអាជ្ញាធរបង្ក្រាបបានក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ ដែលចំនួននេះកើនឡើងខ្លាំងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទោះបីជារដ្ឋាភិបាលដាក់ចេញវិធានការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងម៉ឺងម៉ាត់បែបណាក្ដី។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែកក្កដា បានដុតកម្ទេចចោលគ្រឿងញៀនជិត ៨តោន ឬស្មើនឹង ៧៦២៤,៣១គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេល ៦ខែឆ្នាំ២០២១។ មន្ត្រីជំនាញបានអះអាងថា ចំនួននេះមានការកើនឡើងជិត ១០% បើធៀបទៅនឹងរយៈពេល ៦ខែដូចគ្នាកាលពីឆ្នាំ២០២០។
បើតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យដឹងថា គ្រឿងញៀនជិត ៨តោនដែលសមត្ថកិច្ចដុតបំផ្លាញនៅថ្ងៃនេះ គឺទទួលបានពីសាលាដំបូងរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង និងខេត្តតាកែវ។
របាយការណ៍ដដែលបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖
- ហេរ៉ូអ៊ីន អឹមដេអឹមអា (ថ្នាំគ្រវី)
- កញ្ឆា
- កាទីណូន
- មេតំហ្វេតាមីន
- កេតាមីន
- និងនីមេតាហ្សេប៉ាម ដែលជាសារធាតុគីមីផ្សំជាដើម។
អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ជួន សុវណ្ណ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងដុតកម្ទេចគ្រឿងញៀន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថា ការបង្ក្រាបបានគ្រឿងញៀនច្រើនបែបនេះ ដោយសារសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្លាំងចំពោះការបង្ក្រាប និងរឹបអូសបានពីជនល្មើស។ លោកបន្តថា គ្រប់ជនល្មើសដែលសមត្ថកិច្ចចាប់បាននោះ ត្រូវបានផ្ដន្ទាទោសទៅតាមច្បាប់។
កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រកាសធ្វើយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន និងចាប់មេខ្លោងគ្រឿងញៀនមកដាក់ទោសឲ្យខាងតែបាន ប៉ុន្តែយុទ្ធនាការនេះត្រូវគេមើលឃើញថាបរាជ័យ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ ជួញដូរ ផលិត និងចែកចាយគ្រឿងញៀនបានរីករាលដាលកាន់តែខ្លាំងឡើងទាំងនៅទីក្រុងភ្នំពេញ និងនៅតាមជនបទ។
ការកើនឡើងអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការព្រួយបារម្ភចំពោះការចរាចរគ្រឿងញៀន ដោយលើកឡើងថា បើមិនស្រុះគ្នាធ្វើកិច្ចការនេះទេ ថ្ងៃណាមួយគ្រឿងញៀននឹងត្រួតត្រាកម្ពុជា។
បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះផ្សាយអំពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនរាល់ថ្ងៃ បង្ហាញថា សមត្ថកិច្ចឃាត់បានខ្លួនអ្នកប្រើប្រាស់ និងលក់ដូរគ្រឿងញៀនចន្លោះពី ១០ ទៅ ២០នាក់ក្នុងមួយថ្ងៃនៅទូទាំងប្រទេស ហើយជនល្មើសភាគច្រើនសុទ្ធសឹងតែជាយុវជន។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ការដាក់ចេញវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀននាពេលកន្លងមករហូតដល់បច្ចុប្បន្ន ហាក់មិនមានប្រសិទ្ធភាពនោះឡើយ។ លោកបន្តថា កត្តាដែលនាំឱ្យការប្រើប្រាស់ ជួញដូរ ផលិត និងចែកចាយគ្រឿងញៀនរីករាលសាយភាយកាន់តែខ្លាំងឡើង ដោយសារតែឧក្រិដ្ឋជនធំដែលកំពុងជួញដូរគ្រឿងញៀនមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្ដន្ទាទោសនៅឡើយ។
លោក យង់ គិមអេង បន្តថា ប្រសិនជារដ្ឋាភិបាលមិនអាចទប់ស្កាត់ និងចាប់ខ្លួនឧក្រិដ្ឋជនធំពាក់ព័ន្ធនឹងគ្រឿងញៀនបានទេ នោះពលរដ្ឋនឹងបាត់បង់ជំនឿចំពោះវិធានការរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក។
លោកបន្តថា បើរដ្ឋាភិបាលទប់ស្កាត់បទល្មើសគ្រឿងញៀនមិនបានទេ គ្រឿងញៀននឹងបំផ្លាញអនាគតយុវជន បង្កអសន្តិសុខក្នុងសង្គម ហើយរដ្ឋនឹងខាតបង់ថវិកាកាន់តែច្រើនទៅលើកម្មវិធីស្ដារនីតិសម្បទា។ លោកបន្តថា នាពេលខាងមុន កម្ពុជានឹងក្លាយជាទីតាំងរបស់ក្រុមឧក្រិដ្ឋជនធំៗសម្រាប់ប្រើប្រាស់ ជួញដូរ ផលិត និងចែកចាយគ្រឿងញៀន។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់លើកឡើងដែរថា រដ្ឋាភិបាលពុំមានវិធីកម្ចាត់គ្រឿងញៀននៅកម្ពុជាឡើយ ដោយសារកម្ពុជាមិនបានដាក់គុកមេឈ្មួញគ្រឿងញៀននោះទេ ទោះបីដឹងដែរថា គ្រឿងញៀននេះគឺជាជំនួញកើបផលប្រយោជន៍របស់អ្នកដឹកនាំប្រទេសដែលមានឧកញ៉ាខ្លះ និងមន្ត្រីធំៗមួយចំនួនជាមេបណ្ដាញជួញដូរដោយផ្ទាល់ក៏ដោយ។
លោកបន្តថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជា គ្រាន់តែជាយុទ្ធនាការសិល្បៈរបស់ពួកមន្ត្រីទទួលបន្ទុកកិច្ចការគ្រឿងញៀន ក្នុងការរកប្រយោជន៍ពីគ្រឿងញៀន ពីព្រោះតំណែងរបស់មន្ត្រីទាំងនោះកាន់តែធំក្នុងតួនាទីបង្ក្រាបគ្រឿងញៀន ពួកគេកាន់តែមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ដោយសារតែអ្នកចែកចាយគ្រឿងញៀនជាភ្នាក់ងាររកលុយឱ្យពួកគេ មិនមែនជាជនល្មើសដែលពួកគេត្រូវបង្ក្រាបនោះទេ។
លោក គឹម សុខ បន្តថា នៅកម្ពុជា ឈ្មួញគ្រឿងញៀនកាន់តែធំ គឺកាន់តែមានអំណាចក្នុងការរកស៊ីចែកប្រយោជន៍ជាមួយមន្ត្រី ហើយពួកឈ្មួញគ្រឿងញៀនទាំងនោះមិនដែលខ្លាចគុកឡើយ ដោយពួកគេចាត់ទុកមេគុក និងមន្ត្រីគុក គ្រាន់តែជាអ្នកចាំសុំលុយរបស់ពួកគេចាយប៉ុណ្ណោះ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននឹងកំពុងក្លាយជាឋានសួគ៌របស់ក្រុមឧក្រិដ្ឋជន និងឈ្មួញគ្រឿងញៀនធំៗទៅហើយ។
កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិ បានចេញរបាយការណ៍ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយ បើទោះបីជាកម្ពុជាកំពុងមានការឆ្លងរីករាលដាលនៃជំងឺ Covid-19 ក្តី។
យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ កាលពីខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសគ្រឿងញៀនសរុបជាង ១ម៉ឺនករណី (១០៤៦១ករណី) និងរឹបអូសបានភស្តុតាងគ្រឿងញៀនចំនួនជាង ៣តោន (៣១៨៩គីឡូក្រាម) និងសារធាតុគីមីផ្សំចំនួនជាង ៥តោន (៥០២៥គីឡូក្រាម)។
របាយការណ៍ដដែលបន្តថា ប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចចាប់ខ្លួនមនុស្សដែលពាក់ព័ន្ធគ្រឿងញៀនចំនួនជាង ២ម៉ឺន ១ពាន់នាក់ (២១៥៦៦នាក់) មានជនបរទេស ៣៨៩នាក់ ក្នុងនោះអ្នកដែលពាក់ព័ន្ធនឹងការជួញដូរ កែច្នៃ រក្សាទុក និងដាំដុះចំនួនជាង ១ម៉ឺន ២ពាន់ (១២៧៣៩នាក់) និងអ្នកប្រើប្រាស់ចំនួន ៨៨២៧នាក់៕