លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកតំណែងរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា លោក ឌុច សុវណ្ណារី ពីតួនាទីរបស់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ដោយសារមន្ត្រីរូបនោះបានសរសេរឌឺដងលើសពដែលជាអតីតថ្នាក់ដឹកនាំរបស់ខ្លួន។
លោក ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម Facebook របស់លោកនៅថ្ងៃទី១៦ កក្កដា ថា លោកនឹកស្មានមិនដល់ទាល់តែសោះថាលោកមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការ បង្ហោះសារផ្ចាញ់ផ្ចាលចំពោះសព សូម្បីតែអ្នកស្រី ម៉ែន សំអន សុំឲ្យដកចេញក៏មិនព្រមដកដែរ។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា លោកមិនអាចទុកលោក ឌុច សុវណ្ណារី ឲ្យនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោក ឌុច សុវណ្ណារី មិនស័ក្ដិសមជាមន្ត្រីដែលខ្វះគុណធម៌បែបនេះទេ។
លោក ឌុច សុវណ្ណារី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ក្នុងន័យឌឺដងកាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ថា «លោកបានទទួលដំណឹងថា មនុស្សម្នាក់ដែលតែងអគតិចំពោះកូនចៅក៏ដូចជារូបខ្ញុំ បានលាចាកលោកទៅហើយ»។
លោកសរសេរបន្តថា «ដោយសារកូវីដ លោកមិនបានចូលរួមជូនដំណើរទេ ហើយក៏សូមអហោសិកម្មជូនគាត់ ហើយសូមបួងសួង បើជាតិក្រោយគាត់មានសំណាងបានកើតជាមនុស្ស សូមឲ្យមានចិត្តទូលាយ ដឹងខុស ដឹងត្រូវជាងនេះ កុំត្រចៀកស្រាលដូចជាតិនេះទៀត»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានភ្ជាប់សាររំលែកមរណទុក្ខដល់អ្នកស្លាប់ដែលលោក ឌុច សុវណ្ណារី ឌឺដងដាក់នោះ គឺលោក ហុង ថែម ជាទីប្រឹក្សាក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា មានឋានស្មើរដ្ឋលេខាធិការ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ក្នុងអាយុ ៨៦ឆ្នាំដោយជរាពាធ៕