បើទោះបីជាកន្លងមក ក្រសួងធនធានទឹក និងឧតុនិយម ធ្លាប់ព្រមានពីគ្រោះមហន្តរាយដោយសារការចាក់ដីលុបបិទផ្លូវទឹក ការរំលោភច្រាំងទន្លេ អូរ ប្រឡាយ និងបឹងធម្មជាតិក្ដី ប៉ុន្តែលិខិតព្រមានក្រសួងនេះមិនមានប្រសិទ្ធភាពឡើយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រុមហ៊ុនឧកញ៉ាមួយកំពុងចាក់ដីលុបចូលទន្លេ និងបឹង ក្រោយពីលោក ហ៊ុន សែន ផ្ដល់សិទ្ធិឱ្យអភិវឌ្ឍ។
សកម្មជនបរិស្ថានលើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយចាក់ដី និងថ្មលុបចូលបឹងទន្លេនោះ វាផ្ដល់ប្រយោជន៍តែក្រុមអ្នកមានលុយ និងមានអំណាចប៉ុណ្ណោះ ហើយក៏បង្កផលប៉ះពាល់ខ្លាំងដល់ចរន្តទឹកហូរ និងបរិស្ថាន រួមទាំងប្រជាពលរដ្ឋផងដែរ។
ការលើកឡើងរបស់សកម្មជនបរិស្ថាននេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានជួលដីចំនួន ៣កន្លែងដែលមានទំហំជិត ១៦០០ហិកតារឱ្យទៅក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងធ្វើសកម្មភាពចាក់ខ្សាច់ និងថ្មចូលទន្លេ ស្ថិតនៅត្រើយអរិយក្សត្រនៃភូមិសាស្ត្រស្រុកល្វាឯម ខេត្តកណ្តាល។
មន្ត្រីគម្រោងតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា លើកឡើងថា ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍដោយចាក់ថ្ម និងដីលុបបឹងទន្លេនេះ បានផ្ដល់ផលប្រយោជន៍ដល់តែក្រុមអ្នកមានលុយ និងមានអំណាចតែប៉ុណ្ណោះ ក្រៅពីនេះ គឺមិនបានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋឡើយ។
លោកថា ការអភិវឌ្ឍនេះក៏បានបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសង្គមជាតិ។ ជាក់ស្ដែង គឺនៅពេលមានភ្លៀងធ្លាក់ម្ដងៗ ទីក្រុងភ្នំពេញជន់លិចដោយជំនន់ទឹកភ្លៀង ខណៈបឹងធំៗនៅរាជធានីភ្នំពេញ ត្រូវបានចាក់ដីលុបអស់ ហើយបច្ចុប្បន្ន រដ្ឋាភិបាលក៏បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយចាក់ថ្មលុបចូលទន្លេបន្ថែមទៀត។
សកម្មជនបរិស្ថានម្នាក់ទៀត លោក ឆឺយ ឧត្ដមរស្មី ជំរុញឱ្យរដ្ឋាភិបាលសិក្សាឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដោយថាការអភិវឌ្ឍដោយចាក់ថ្ម និងដីលុបចូលទន្លេនេះ បានបង្កផលប៉ះពាល់ចរន្តទឹកហូរ មច្ឆជាតិ និងប្រជាពលរដ្ឋខ្លាំង។
លោកបន្តថា ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញបច្ចុប្បន្នរស់នៅអាស្រ័យលើប្រភពទឹកនៅទន្លេចតុមុខ ប៉ុន្តែប្រសិនទន្លេនេះត្រូវបានបង្ហូរទឹកស្អុយចូល និងចាក់ដី ឬថ្មលុបជាបន្តបន្ទាប់នោះ វានឹងកាន់តែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ករណីនេះ លោកថាក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ គួរតែសិក្សាឱ្យច្បាស់លាស់ដើម្បីដាក់សារមួយទៅលោក ហ៊ុន សែន ឱ្យពិចារណាក្នុងការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន ឃុន សៀ ធ្វើការអភិវឌ្ឍដោយចាក់ថ្ម ឬដីលុបចូលទន្លេបែបនេះ។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានប្រាប់សារព័ត៌មាន វីអូឌី (VOD) ថា លោកមានក្តីបារម្ភចំពោះករណីចាក់ថ្មលុបចូលទន្លេ ប៉ុន្តែករណីនេះលោកថាមិនមែនជាសមត្ថកិច្ចរបស់លោកតែម្នាក់នោះទេ។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយដោយសម្រេចជួលផ្ទៃដីទំហំជាង ១១៦១ហិកតារ ដែលជាដីបឹងវាលសំណាប ស្ថិតនៅឃុំព្រែកលួង ឃុំព្រែកតាកូវ ឃុំស្វាយជ្រុំ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ឱ្យទៅក្រុមហ៊ុន ឃុន សៀ Import Export។
ជាងនេះទៅទៀត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានចេញអនុក្រឹត្យមួយទៀតដោយជួលដីកោះមាសជាង ៣៤០ហិកតារ ស្ថិតក្នុងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ឱ្យទៅក្រុមហ៊ុន ឃុន សៀ Import Export ដើម្បីអភិវឌ្ឍក្នុងរយៈពេល ៥០ឆ្នាំ ខណៈដី ៧០ហិកតារទៀត ក៏ត្រូវបានជួលឱ្យក្រុមហ៊ុននេះសម្រាប់ធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចតាមដងទន្លេផងដែរ។
ក្រៅពីបានដីចំនួន ៣កន្លែងខាងលើ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រុមហ៊ុន ឃុន សៀ Import Export របស់ឧកញ៉ា ឃុន សៀ ក៏ទទួលបានសិទ្ធិបូមខ្សាច់តាមដងទន្លេក្រោម ស្ថិតនៅក្នុងភូមិចំនួន២ នៃឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល លើផ្ទៃដី ៩៥,៧៦ហិកតារ។
ការអនុញ្ញាតនេះ ដើម្បីឱ្យក្រុមហ៊ុនយកខ្សាច់ទៅចាក់បំពេញតំបន់អភិវឌ្ឍន៍លើដីដុះតាមឆ្នេរទន្លេមេគង្គ ចាប់ពីកំពង់ដអរិយក្សត្រ ដល់មណ្ឌលសុខភាពភូមិខ្សាច់ ក្នុងភូមិចំនួន២ នៃឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
ក្រុមហ៊ុន ឃុន សៀ ទទួលបានដីសម្បទានសេដ្ឋកិច្ចបន្តបន្ទាប់ពីរដ្ឋាភិបាលនេះ ក្រោយពីឧកញ៉ា ឃុន សៀ បានបរិច្ចាគថវិកាចំនួន ២សែនដុល្លារដល់លោក ហ៊ុន សែន សម្រាប់សង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងប្រយុទ្ធប្រឆាំងជំងឺ Covid-19 ខណៈទឹកប្រាក់ ៥០ម៉ឺនដុល្លារទៀត ត្រូវបានបរិច្ចាគឱ្យលោក ហ៊ុន សែន ទិញវ៉ាក់សាំងប្រឆាំងជំងឺ Covid-19។
ក្រៅពីបរិច្ចាគចំនួន ៧សែនដុល្លារខាងលើហើយ ឧកញ៉ា ឃុន សៀ ដែលមានប្រវត្តិក្ដីក្ដាំរឿងជម្លោះដីធ្លីជាមួយពលរដ្ឋនៅបឹងកក់ និងពលរដ្ឋស្ថិតនៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល គឺនៅខែមីនា ឆ្នាំ២០២១ ឧកញ៉ា ឃុន សៀ ក៏បានបរិច្ចាគថវិកា ៥០ម៉ឺនដុល្លារបន្ថែមទៀតឱ្យលោក ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព» ផងដែរ។
ទាក់ទងនឹងការចាក់ដីលុបបឹង លុបទន្លេនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ កាលពីខែឧសភា ឆ្នាំ២០២០ បានចេញលិខិតមួយដោយព្រមានអំពីគ្រោះមហន្តរាយដោយសារទឹកជំនន់ ក្រោយពីក្រសួងមើលឃើញថា មានការចាក់ដីលុប និងការសាងសង់បិទផ្លូវទឹកនានាជាបន្តបន្ទាប់។
បញ្ហានេះ លោកក៏បានជំរុញឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវជួយទប់ស្កាត់ ដើម្បីកុំឱ្យមានការចាក់ដីលុបរំលោភចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និងបឹងបួបន្តទៀត៕