27.5 C
Phnom Penh

ព្រះអង្គ សាន សុជា ទូន្មាន​កូនខ្មែរ​ឱ្យ​ការពារ​និង​ថែរក្សា​អរិយធម៌​របស់​ខ្លួន ជាជាង​ការ​ជេរប្រមាថ​ជាតិសាសន៍​ដទៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម មាន​សង្ឃដីកា​ថា ប្រទេស​ជាតិ វប្បធម៌ អរិយធម៌​របស់​ខ្មែរ​ដែល​មាន​ភាព​ខ្លាំងក្លា​ល្បីល្បាញ​លើ​សកលលោក ឬ​ចុះ​អន់​រលាយ​សាបសូន្យ គឺ​ដោយសារ​ជនជាតិ​ខ្មែរ​ទាំងស្រុង ព្រោះ​ថា​ប្រសិនបើ​កូនខ្មែរ​ចង់​ការពារ​អរិយធម៌​របស់​ខ្លួន​ដោយ​គ្រាន់តែ​ការ​ជេរប្រមាថ តែ​គ្មាន​ការ​យល់ដឹង នោះ​មិនមែន​ជា​វិធី​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​នោះ​ទេ។

ព្រះគ្រូចៅអធិការ​វត្ត​មុនីរតនារាម ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ក្នុង​ការ​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដើម្បី​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន កូនខ្មែរ​គ្រប់​រូប​ត្រូវតែ​នាំគ្នា​សិក្សា​ស្រាវជ្រាវ​ឲ្យ​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ នោះ​ទើប​ស័ក្តិសម​ជា​អ្នក​ស្រឡាញ់ និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ពិតប្រាកដ​មែន។

សង្ឃដីកា​នេះ ធ្វើឡើង​ដើម្បី​ផ្តល់​ការណែនាំ​ដល់​កូនខ្មែរ​មួយ​ចំនួន​ដែល​មាន​ការ​ប្រតិកម្ម​ខ្លាំងៗ​ដោយ​ការ​ជេរប្រមាថ​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​សិប្បនិមិត្ត​មួយ​ដែល​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ​កាលពី​ពេល​ថ្មីៗ​នេះ។

ព្រះអង្គ សាន សុជា លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​សម្បត្តិ​វប្បធម៌​អរិយធម៌​ដ៏​រុងរឿង និង​ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មហាសាល ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​នោះ​ជា​ជនជាតិ​ដែល​គ្មាន​ការ​យល់ដឹង គ្មាន​សមត្ថភាព​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន ដូច្នេះ​អរិយធម៌​ដ៏​រុងរឿង និង​ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មហាសាល​ទាំងនោះ គង់តែ​ត្រូវ​គេ​លួច​យក​ទាល់តែ​អស់​នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន​ឡើយ។

ព្រះ​ភិក្ខុ សាន សុជា ចោទ​ជា​សំណួរ​ថា ប្រសិនបើ​គេ​តម្រូវ​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​មួយ​ដោយ​លើក​ភស្តុតាង​ដើម្បី​ការពារ​ថា​វប្បធម៌ និង​អរិយធម៌​ទាំងនោះ​ជា​របស់​ខ្លួន តើ​ការ​ជេរប្រមាថ​ពិតជា​អាច​បង្ហាញ​ពី​តឹកតាង ឬ​ជា​ហេតុផល​ថា​សម្បត្តិ​វប្បធម៌​ទាំងនោះ​គឺជា​របស់​ខ្លួន​ដោយ​ពិតប្រាកដ​ដែរ​ឬ​ទេ? ដូច្នេះ ដើម្បី​ការពារ​សម្បត្តិ​ជាតិ កូនខ្មែរ​ត្រូវតែ​សិក្សា​ឲ្យ​ស្គាល់​ច្បាស់​នូវ​ប្រវត្តិ​នៃ​វប្បធម៌ អរិយធម៌​របស់​ខ្លួន ដូចជា​ថា​តើ​ប្រាសាទ​អង្គរវត្ត​កសាង​នៅ​ឆ្នាំ​ណា ដោយ​ស្តេច​អង្គ​ណា តើ​មាន​អាយុកាល​ប៉ុន្មាន​ឆ្នាំ​ហើយ មូលហេតុ​អ្វី​ទើប​មាន​ការ​សាងសង់​ប្រាសាទ​ទាំងនេះ​ឡើង​ជាដើម។

ព្រះ​ចៅអធិការ​អង្គ​នេះ​បញ្ជាក់​ថា សម័យកាល​បែក​បន្ទាយលង្វែក និង​ការ​ជញ្ជូន​វត្ថុបុរាណ​ខ្លួនឯង​យក​ទៅ​លក់​ឲ្យ​បរទេស​ជិតខាង គឺ​ដោយសារ​កូនខ្មែរ​ខ្វះ​ការ​យល់ដឹង មិន​ស្គាល់​តម្លៃ​សម្បត្តិ​វប្បធម៌​ជាតិ​របស់​ខ្លួន មិន​ស្គាល់​ពី​ល្បិច​កល​របស់​សត្រូវ ទើប​ធ្វើ​ឲ្យ​កូនខ្មែរ​មួយ​ចំនួន​ស្ទើរតែ​បាត់បង់​នូវ​មោទកភាព​ជាតិ​របស់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ។

ព្រះអង្គ​បន្ថែម​ថា ជនជាតិ​ដែល​បាត់បង់​នូវ​មោទកភាព​ជាតិ​របស់​ខ្លួន ហើយ​ប្រឹង​លើក​ដំឡើង​វប្បធម៌​ជាតិសាសន៍​ដទៃ​នោះ គេ​ហៅ​ជា​ជនជាតិ​អកតញ្ញូ គឺ​ដោយសារ​ពួកគេ​ជា​មនុស្ស​ដែល​មិន​ដឹងគុណ​វីរបុរស និង​បុព្វបុរស​ខ្លួនឯង។

ដោយឡែក​សិល្បករ​ជើងចាស់​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​កម្ពុជា លោក សុះ ម៉ាច ធ្លាប់​បាន​លើកឡើង​ដែរ​ថា មក​ទល់​នឹង​ពេល​នេះ បរទេស​ជិតខាង​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ដី ចង់​បាន​សម្បត្តិ​វប្បធម៌ និង​ផលប្រយោជន៍​របស់​ខ្មែរ និង​មិន​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដើម្បី​សុភមង្គល​របស់​ជាតិ​នោះ​ឡើយ។

លោក​អះអាង​ថា ក្នុង​នាម​ជា​ខ្មែរ ត្រូវតែ​ចងចាំ​រឿង​ជាតិ ទឹកដី និង​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ហើយ​កូនខ្មែរ​គ្រប់​គ្នា​ត្រូវតែ​ឈឺឆ្អាល និង​រក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​បន្ត​ទៀត ព្រោះ​ថា​បរទេស​ខាងកើត​កំពុងតែ​សម្រួច​ចង្កូម​ចាំ​លេប​ត្របាក់​ដី បរទេស​ខាងលិច​អប្រិយ​រង់ចាំ​លេប​ទាំង​ដី និង​វប្បធម៌ ចំណែក​មហាយក្ស​ដ៏​ធំ​សម្បើម​មួយ​ទៀត ព្យាយាម​អូស​ខ្មែរ​ឲ្យ​ជំពាក់​បំណុល​វ័ណ្ឌក ខណៈ​ខ្មែរ​ខ្លះ​កំពុងតែ​ឈ្លក់​វង្វេង​នឹង​លាភសក្ការៈ លែង​ខ្វល់​ពី​ការ​ឯកភាព​ជាតិ និង​កិត្តិយស​ជាតិ​អ្វី​ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២០ សណ្ឋាគារ​មួយ​ដែល​មាន​ឈ្មោះ​ថា Le palais Hotel ដែល​មាន​ទីតាំង​នៅ​កោះ​ផាង៉ាន ខេត្ត​សុរ៉ាត់ថានី ប្រទេស​ថៃ បាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​ពី​សេវា និង​រូបរាង​សណ្ឋាគារ បន្ទប់​ស្នាក់នៅ អាហារដ្ឋាន និង​អាងហែលទឹក ជាដើម ដែល​ជា​ការ​ចម្លង​រចនាបថ​ប្រាសាទ​អង្គរវត្ត អង្គរធំ ប្រាសាទ​បន្ទាយស្រី និង​ប្រាសាទ​បាយ័ន​របស់​កម្ពុជា​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស