38.1 C
Phnom Penh

ចលនា​និស្សិត​ក្រៅ​ប្រទេស៖ លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំៗ​ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ប្រេះ​បែក​ជា​ពីរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ព្រមាន​ថា លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំ​៣ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ទី​១ គឺ​ទំនាក់ទំនង​ការបរទេស​មិន​បាន​ល្អ ទី​២ បញ្ហា​បែកបាក់​ផ្ទៃក្នុង​ជាតិ និង​ទី​៣ បញ្ហា​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ផ្ទាល់​ផង​ដែរ។

ក្រុម​នេះ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ដើម្បី​បន្ត​អំណាច​វង្ស​ត្រកូល​របស់​ខ្លួន មិន​គិត​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​ឡើយ។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១ ថា វៀតណាម​នឹង​បង្កើន​សកម្មភាព​យាយី​មក​លើ​អធិបតេយ្យភាព និង​នយោបាយ​របស់​កម្ពុជា​កាន់តែ​ខ្លាំង​ឡើងៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អំណាច​របស់​លោក ហ៊ុន សែន ទាំង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​របស់​លោក។

ជាង​នេះ​ទៀត ប្រទេស​ចិន នឹង​ចម្រាញ់​យក​ផល​ចំណេញ​ពី​ការ​វិនិយោគទុន​របស់​ខ្លួន​ពី​កម្ពុជា ប៉ុន្តែ​ប្រសិនបើ​ចិន​ជួប​ឧបសគ្គ​ចំពោះ​ផល​ចំណេញ​របស់​គេ ឬ​មើលឃើញ​ថា កម្ពុជា​ពុំ​មាន​សក្ដានុពល​ដល់​សន្តិសុខ​ជាតិ និង​ពាណិជ្ជកម្ម​របស់​ខ្លួន ពួកគេ​នឹង​ពិចារណា​ដក​ខ្លួន​ចំពោះ​ការ​គាំទ្រ​លោក ហ៊ុន សែន ជាមិនខាន។

ដោយឡែក​ប្រទេស​លោកសេរី​នឹង​បន្ត​ដាក់​សម្ពាធ​តាមរយៈ​នៃ​ការ​កាត់បន្ថយ​ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម និង​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ការ​ទប់ស្កាត់​ការ​បង្វិល​សាច់ប្រាក់​ចេញ​ចូល​ជាមួយ​កម្ពុជា​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា នៅ​ពេល​ដែល​មហាអំណាច​ចិន​ដក​ខ្លួន ប្រទេស​លោកសេរី​ក៏​ដាក់​ទណ្ឌកម្ម ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ជួប​វិបត្តិ​ផ្ទៃក្នុង​ជាតិ​ធ្ងន់ធ្ងរ​មិន​ខាន ដូចជា៖

  • គ្មាន​ប្រាក់ខែ​បើក​ជូន​មន្ត្រី​រាជការ
  • បំណុល​បរទេស​កាន់តែ​កើន​ទ្បើង
  • ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស
  • អត្រា​ការប្រាក់​នៃ​បំណុល​បរទេស​កាន់តែ​ទ្បើង​ខ្ពស់​ថែមទៀត។

ជាង​នេះ​ទៀត៖

  • ភាព​អត់​ការងារ​ធ្វើ​នឹង​កាន់តែ​កើន​ទ្បើង
  • ការ​បង្វិល​លុយ​ពី​ប្រទេស​លោកសេរី​មាន​ការ​រឹតត្បិត
  • ពលករ​ចំណាកស្រុក​នឹង​វិល​ទៅ​ស្រុកកំណើត​វិញ​ដោយសារ​បញ្ហា Covid-19
  • ការ​បង្ក្រាប​ទៅលើ​សកម្មជន​ប្រជាធិបតេយ្យ​នឹង​កើន​ទ្បើង
  • ហើយ​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ក្រុម​ឧកញ៉ា​ដើម្បី​ដោះស្រាយ​បំណុល​បរទេស ឬ​សម្រាប់​បើក​ប្រាក់ខែ​ជូន​មន្ត្រី​រាជការ និង​ការ​ចំណាយ​ចាំបាច់​ថ្នាក់​ជាតិ​នានា ច្បាស់​ជា​នឹង​ត្រូវ​អនុវត្ត​ជាមិនខាន។

ក្រុម​នេះ​បញ្ជាក់​ថា នៅ​ពេល​ដែល​បញ្ហា​ធំៗ​ទាំង​ពីរ​ខាងលើ​បាន​កើតឡើង នឹង​ធ្វើ​ឱ្យ​អ្នក​ដែល​មាន​អំណាច​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ចៀស​មិន​ផុត​នោះ​ទេ ដូច្នេះ​ផែនការ​ផ្ទេរ​អំណាច​របស់​លោក ហ៊ុន សែន ទៅ​ឲ្យ​កូនប្រុស​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត នឹង​ជួប​ឧបសគ្គ​កាន់តែ​ខ្លាំង។

លើស​ពី​នេះ ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​កាន់តែ​កើន​ទ្បើង ហើយ​បញ្ហា​ស្មុគស្មាញ​ទាំងនេះ​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈាន​ដល់​ដំណាក់កាល​ប្រេះ​បែក​ជា​ពីរ ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​ទាន់​ពេល​ទេ​នោះ។

SMD គូស​បញ្ជាក់​ថា នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា បែក​ជា​ពីរ លោក ស ខេង នឹង​ក្លាយ​ជា​មេដឹកនាំ​ប្រឆាំង​មួយ​រូប​ដ៏​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត ប្រសិនបើ​គាត់​សម្រេច​ចិត្ត​តទល់​នយោបាយ​ជាមួយ​នឹង​លោក ហ៊ុន សែន ទៅ​ថ្ងៃ​មុខ។

យ៉ាងណាក៏ដោយ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​អួត​ថា គ្មាន​អ្នក​ណា​អាច​មក​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​បាន​ឡើយ ដូច្នេះ​លោក​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​២០៣០ ឯណោះ។

លោក ហ៊ុន សែន ក៏​បាន​បង្ហាញ​មោទកភាព​ផង​ដែរ​ថា ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​លោក​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធន៍​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​ការ​កសាង អភិវឌ្ឍ មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​យ៉ាង​ច្រើន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ធ្លាប់​បាន​រិះគន់​ថា វប្បធម៌​ក្រាញ​អំណាច​នេះ​មិន​មាន​ផលប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា​នោះ​ទេ តែ​ផ្ទុយទៅវិញ​វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​របស់​កម្ពុជា​ក្លាយ​ជា​ប្រព័ន្ធ​ផ្ដាច់ការ ប្រព័ន្ធ​ដែល​បង្កើត​នូវ​អំពើ​ពុករលួយ អយុត្តិធម៌​សង្គម បង្កើត​បក្ខពួក គ្រួសារ​និយម និង​ឈាន​ទៅ​រក​ការ​បន្ត​អំណាច​ដល់​វង្ស​ត្រកូល​ថែមទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ដើម​ឆ្នាំ​២០២១ គេហទំព័រ List of current longest-ruling Leaders បាន​ចេញ​ផ្សាយ​ថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ផ្ដាច់ការ​ទាំង​៥ ដែល​កាន់កាប់​អំណាច​យូរ​ជាងគេ​នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស