42.2 C
Phnom Penh

បទវិភាគ៖ តើ​អ្នកនយោបាយ​ណា​ខ្លះ​ត្រូវ​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​សង្កេតការណ៍​រក​ឃើញ​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ​កាលពី​ពេល​ដែល​លោក​នៅ​មាន​ជីវិត ហើយ​អ្នកនយោបាយ​ធំៗ​ពីរ​រូប​ត្រូវ​មាន​សេចក្តី​ក្លាហាន​ចេញ​មុខ​សុំទោស​បណ្ឌិត កែម ឡី ជា​សាធារណៈ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ក្មេង​ជំនាន់​ក្រោយ និង​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​រួបរួម​ជាតិ។

មរណភាព​របស់​បណ្ឌិត កែម ឡី បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្ទើរ​មួយ​នគរ សោកស្តាយ និង​ទ្រហោយំ​លាយឡំ​ទៅ​ដោយ​ការ​រៀបរាប់​ពី​សេចក្តី​ក្លាហាន គុណធម៌ និង​ឧត្ដមគតិ​របស់​លោក ដែល​ជា​ការ​បង្ហាញ​នូវ​សមានចិត្ត​របស់​អ្នក​ទាំងនោះ​ថា ពួកគេ​ពិត​ជា​មាន​ការ​សោកស្តាយ​ជាទីបំផុត ដូច្នេះ​ការ​បាត់បង់​បណ្ឌិត កែម ឡី អាច​បញ្ជាក់​បាន​ថា ខ្មែរ​បាន​បាត់បង់​នូវ​សសរទ្រូង​របស់​ប្រទេស​ជាតិ​មួយ​យ៉ាង​ធំ។

នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ គឺជា​ថ្ងៃ​ដ៏​រន្ធត់ និង​តក់ស្លុត​បំផុត​សម្រាប់​កូនសិស្ស អ្នក កែម ឡី និយម មិត្តភ័ក្ដិ និង​អ្នក​ដែល​គោរព​ស្រឡាញ់​រាប់អាន​បណ្ឌិត កែម ឡី ដែល​បាន​ទទួល​ដំណឹង​ថា លោក​ត្រូវ​ឃាតក​បាញ់​សម្លាប់។ ឃាតកម្ម​នេះ បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​លាតត្រដាង​ពី​ការ​ក្ដោបក្ដាប់​មុខ​ជំនួញ​ទាំងអស់​នៅ​ស្រុក​ខ្មែរ​ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៃ​សែស្រឡាយ​បក្ខពួក​របស់​លោក ហ៊ុន សែន បាន​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា មរណភាព​បណ្ឌិត កែម ឡី មាន​អ្នក​សប្បាយ​ចិត្ត ក៏​មាន​អ្នក​កើត​ទុក្ខ​ដោយសារ​ការ​បាត់បង់​រូប​លោក​ផង​ដែរ។

អ្នក​ដែល​សប្បាយ​ចិត្ត គឺ​ដោយសារ​ពួកគេ​បាន​ដក​បន្លា​ចេញពី​កែវភ្នែក​របស់​ពួកគេ ព្រោះ​ថា​បណ្ឌិត កែម ឡី កំពុង​បើក​កកាយ​រឿង​អាស្រូវ​ដែល​គេ​ព្យាយាម​លាក់​នូវ​ទង្វើ​ទុច្ចរិត កិបកេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ​អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ។

ដោយឡែក​អ្នក​ដែល​កើត​ទុក្ខ​ក្រៀមក្រំ​ពី​មរណភាព​បណ្ឌិត កែម ឡី ក៏​មាន​អ្នក​ដែល​សោកស្តាយ​ពី​ការ​បាត់បង់​រូប​លោក​ដោយ​ពិតប្រាកដ និង​អ្នក​ធ្វើ​ជា​សោកស្តាយ​ផង​ដែរ ព្រោះ​ថា​ពេល​ដែល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត គាត់​តែង​វិភាគ ឬ​លាតត្រដាង​នូវ​ការពិត​អ្វី​មួយ គឺ​ដើម្បី​តែ​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​សង្គម​ជាតិ​តែប៉ុណ្ណោះ។

ដូច្នេះ ការ​ប៉ះទង្គិច​ជាមួយ​អ្នកនយោបាយ គឺ​ពិតជា​មិន​អាច​ចៀស​ផុត​នោះ​ទេ នៅ​ពេល​ដែល​អ្នក​ទាំងនោះ​មិន​បាន​បម្រើ​ផលប្រយោជន៍​របស់​ពលរដ្ឋ​ពិតប្រាកដ ក្នុង​នោះ​លោក​ក៏​ធ្លាប់​រិះគន់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី អំពី​ការ​ដឹកនាំ​របស់​គាត់​ដែល​នាំ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ ដូចជា​លោក​លើកឡើង​ថា ប្រសិនបើ​លោក សម រង្ស៊ី ឡើង​កាន់​អំណាច​វិញ គឺ​មាន​លក្ខណៈ​ផ្ដាច់ការ​ជាង​លោក ហ៊ុន សែន ១០០​ដង​ទៅ​ទៀត ព្រោះ​ថា​លោក សម រង្ស៊ី មាន​លក្ខណៈ​ផ្ដាច់ការ​មិន​ដែល​ទទួល​យក​ការរិះគន់​របស់​អ្នកដទៃ​ដើម្បី​ធ្វើ​ការ​កែលំអ​លោក សម រង្ស៊ី ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​គិត​មួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ ហើយ​ប្រសិន​លោក សម រង្ស៊ី មិន​កែប្រែ​ឥរិយាបថ​ដឹកនាំ​ទេ នោះ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បែកបាក់​យ៉ាង​ធ្ងន់ធ្ងរ។

ជាង​នេះ​ទៅ​ទៀត បណ្ឌិត កែម ឡី បាន​បន្ទោស​អំពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ មក ៥០% បូក​១ ដែល​ប្រាសចាក​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​អំណាច​អាច​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា នៅ​ពេល​ដែល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត លោក​ធ្លាប់​រិះគន់​ដើម្បី​កែលំអ​ការ​ដឹកនាំ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជា​ញឹកញាប់ ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជ្រុល​ខ្លួន​នឹង​ល្បែង​នយោបាយ ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​លោក សមាជិក​បក្ស​ប្រឆាំង​ដែល​គាំទ្រ​លោក សម រង្ស៊ី តែង​នាំគ្នា​ជេរប្រមាថ​បណ្ឌិត កែម ឡី យ៉ាង​ធ្ងន់ធ្ងរ ដោយ​ពួកគេ​អះអាង​ថា ការ​លើកឡើង​នោះ គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ដឹកនាំ​មេ​បក្ស​របស់​ពួកគេ និង​បាន​លាប​ពណ៌​បណ្ឌិត កែម ឡី ជា​បន្លា​យួន​ថែមទៀត។

ទោះ​ជា​បែប​នេះ​ក្តី ក្រោយ​មរណភាព​បណ្ឌិត កែម ឡី មន្ត្រី​បក្ស​ប្រឆាំង​បាន​នាំគ្នា​ធ្វើ​ពិធី​ខួប​នៃ​មរណភាព​របស់​លោក​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ។ យ៉ាងណាក៏ដោយ ការ​ធ្វើ​ពិធី​បុណ្យ​ខួប​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ ត្រូវ​គេ​មើលឃើញ​ថា គ្រាន់តែ​ជា​ការ​សម្ដែង​ដើម្បី​កេង​ចំណេញ​នយោបាយ​តែប៉ុណ្ណោះ ព្រោះ​ថា​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថា ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី គ្មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​ប្រទេស​ជាតិ​ខ្មែរ​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ មិន​ត្រឹមតែ​លោក សម រង្ស៊ី ទេ​ដែល​ប្រមាថ​លើ​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី សូម្បី​សកម្មជន​របស់​លោក ក៏​បាន​ប្រមាថ​មាក់ងាយ​ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ជាច្រើន​ផង​ដែរ ក្នុង​ពេល​ដែល​អ្នកស្រី​កំពុង​ចូលរួម​ការផ្សាយ​ផ្ទាល់​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ដោយ​ពួកគេ​បាន​នាំគ្នា​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ត្មះតិះដៀល និង​មាក់ងាយ​សព្វ​បែបយ៉ាង​លើ​ការ​បញ្ចេញ​មតិ​យោបល់​របស់​អ្នកស្រី។

ការប្រមាថ​មាក់ងាយ​របស់​សកម្មជន​ប្រឆាំង​ទាំងនោះ ធ្វើឡើង​នៅ​ពេល​ដែល​អ្នកស្រី ប៊ូ រចនា ទម្លាយ​ការពិត​ថា ក្រៅតែ​ពី​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី គឺ​អ្នកស្រី​មិន​ដែល​បាន​ទទួល​ជំនួយ​ពី​គណបក្ស​នយោបាយ ឬ​បក្ស​ប្រឆាំង​ណាមួយ​នោះ​ទេ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ជាមួយ​កូនៗ​ទាំង ៥​នាក់​របស់​អ្នកស្រី ដែល​កំពុង​ត្រូវការ​ថវិកា​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ។

អ្នក​សង្កេតការណ៍​រិះគន់​ថា ទង្វើ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​មួយ​ចំនួន ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​យំសោក​រៀបរាប់​ពី​ការ​ស្តាយស្រណោះ​នៃ​ការ​បាត់បង់​បណ្ឌិត កែម ឡី គ្រាន់តែ​ជា​លេស​ដើម្បី​កេង​ចំណេញ​នយោបាយ​ទាញ​រក​ការ​គាំទ្រ​ពី​មហាជន​ដែល​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី តែប៉ុណ្ណោះ។

ប៉ុន្តែ​ការពិត ពួកគេ​មិន​ដែល​ស្តាយស្រណោះ​ពី​ការ​បាត់បង់​បណ្ឌិត កែម ឡី នោះ​ទេ ព្រោះ​ថា​បើ​ពួកគេ​ពិតជា​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី មែន មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​គួរតែ​ជួយ​ទំនុក​បម្រុង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ដែល​កំពុង​រស់នៅ​តែលតោល​គ្មាន​ទីពឹង​ឲ្យ​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ នៅ​ពេល​ដែល​ពួកគេ​មក​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​សព្វថ្ងៃ​នេះ ដែល​មិន​គួរ​នាំគ្នា​ប្រមាថ​មាក់ងាយ​គាត់​បែប​នេះ​ទេ។

អ្នកវិភាគ​នយោបាយ និង​សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ចន្ទ ថា បើ​ពួក​អ្នក​នយោបាយ​នានា​មិន​យក​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ទៅ​ប្រើ​គ្រាន់តែ​ទាញ​ប្រយោជន៍​នយោបាយ​សម្រាប់​ក្រុម​ខ្លួន ហើយ​ប្រើ​ឈ្មោះ​ពលីកម្ម​របស់​គាត់​ដើម្បី​ជំរុញ​ចលនា​នយោបាយ​ប្រជាធិបតេយ្យ​ជាតិ​រួម​វិញ ពួក​អ្នក​នយោបាយ​អស់​នោះ​ត្រូវ​ណែនាំ​សកម្មជន និង​អ្នកគាំទ្រ​របស់​ពួកគេ​បញ្ឈប់​ការ​ស្ដីបន្ទោស​អ្នកស្រី ប៊ូ រចនា ហើយ​ក៏​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ជា​បំណង​មិន​ល្អ បង្ខំ​អ្នកស្រី​ឲ្យ​សុំទោស​អ្នក​ណាៗ​នោះ​ដែរ។

លោក​បន្ត​ថា អ្នកស្រី ប៊ូ រចនា ភរិយា​លោក​បណ្ឌិត កែម ឡី និយាយ​មិន​ខុស​ទេ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​នយោបាយ និង​សកម្មជន​នៃ​ពួកគេ​មិន​សប្បាយ​ចិត្ត។

អ្នកវិភាគ​នយោបាយ​រូប​នេះ​អះអាង​ថា អ្នក​ដែល​ត្រូវ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ គឺ​ពួក​អ្នក​នយោបាយ​ពីរ​ប្រភេទ៖

  • ទី​១ គឺ​អ្នកនយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ អ្នកនយោបាយ​ប្រភេទ​នេះ ត្រូវ​សុំទោស​ដាច់ខាត​មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​តាម​ច្បាប់​យុត្តិធម៌។
  • ទី​២ គឺ​អ្នកនយោបាយ​ដែល​ប្រមាថ​ពលីកម្ម​ដ៏​ធំធេង​របស់​លោក​បណ្ឌិត កែម ឡី។ អ្នក​នយោបាយ​ប្រភេទ​នេះ ក៏​ត្រូវ​សុំទោស​ដាច់ខាត​ដែរ ហើយ​បន្ទាប់មក​អាច​លុបលាង​កំហុស​ដោយ​នាំគ្នា​ប្រមូល​ទស្សនៈ​យោបល់​របស់​បណ្ឌិត កែម ឡី ទៅ​រៀប​ជា​ក្បួន​ឲ្យ​ចេញ​ជា​សកម្មភាព​ប្រតិបត្តិ​រួម ដោយ​សេចក្ដី​ក្លាហាន ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រយោជន៍​ប្រជារាស្ត្រ។

លោក​បន្ត​ថា ការ​បំភ្លឺ​របស់​អ្នកស្រី ប៊ូ រចនា នៅ​កម្មវិធី The Cambodia Daily កាលពី​សប្ដាហ៍​មុន គឺជា​ការ​បង្ហាញ​អំពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​គ្រួសារ​ជនរងគ្រោះ​ដែល​បាត់បង់​ស្វាមី និង​ឪពុក​ដ៏​អស្ចារ្យ។ ឈ្មោះ «វីរជន កែម ឡី» ត្រូវ​បាន​ចារ​ជាប់​បេះដូង​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស​លើសលប់​រួច​ហើយ។

លោក​បន្ត​ថា វា​គឺជា​ការពិត​ដែល​ពុំ​មាន​នរណា​ម្នាក់​អាច​ទាញ​ទម្លាក់​ឈ្មោះ​លោក​បណ្ឌិត កែម ឡី បាន​ទេ សូម្បីតែ​កន្លងមក​មាន​មេៗ​នយោបាយ​ខ្លះ​បាន​ព្យាយាម​ជំរុញ​ចលនា​បង្អាប់​គាត់​ជា​ចំហ​ម្ដង​ហើយ​ម្ដង​ទៀត​ក៏ដោយ។ ហើយ​ពួកគេ​ទាំងនោះ ប្រឹង​បន្ទាប​គាត់​ហើយ នៅតែ​ទៅ​មិន​រួច ហើយ​ក៏​ងាក​ទៅ​សរសើរ​វីរភាព​របស់​គាត់ ដើម្បី​ទាញ​យក​ផលប្រយោជន៍​វិញ។

លោក គឹម សុខ លាតត្រដាង​ថា បណ្ឌិត កែម ឡី ត្រូវ​គេ​រៀបចំ​ផែនការ​សម្លាប់​ពីរ​លើក​ធំៗ៖

  • លើក​ទី​១ គឺ​ការ​ព្យាយាម​សម្លាប់​កិត្តិយស​របស់​លោក កាល​ពេល​លោក​នៅ​មាន​ជីវិត ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​មនុស្ស​របស់​លោក ហ៊ុន សែន និង​ក្រុម​អ្នក​ស្មោះស្ម័គ្រ​មួយ​ភាគ​ខ្លះ​របស់​លោក សម រង្ស៊ី ប៉ុន្តែ​ត្រូវ​បរាជ័យ។ លោក គឹម សុខ អះអាង​ថា នេះ​ក៏​ជា​បទពិសោធន៍​ជាក់ស្តែង​មួយ​ដែល​ពួកគេ​រៀប​ក្បួន​បំផ្លាញ​លោក​សព្វថ្ងៃ​នេះ​ដែរ។ លោក​បន្ត​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​អំពើ​ប៉ុនប៉ង​កម្ទេច​កិត្តិយស​លោក​បណ្ឌិត កែម ឡី ដែរ ព្រោះ​ពុំ​មាន​នរណា​ធ្លាប់​បាន​ឮ​មេដឹកនាំ​នយោបាយ​ទាំង​ពីរ​រូប​នេះ​ណែនាំ​មនុស្ស​របស់​ពួកគេ​ជា​សាធារណៈ​ឲ្យ​បញ្ឈប់​ល្បែង​ប្រតិដ្ឋ​រឿង​ជេរប្រមាថ​គាត់​នោះ​ឡើយ។
  • លើក​ទី​២ គឺ​ការ​ប្រហារ​ជីវិត​គាត់​ទាំង​ថ្ងៃ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ដោយ​សាធារណជន​ទូទៅ អះអាង​ថា គឺជា​ស្នាដៃ​នៃ​ពួក​អ្នក​មាន​អំណាច​នៅ​ភ្នំពេញ។ លោក​បន្ត​ថា ពួក​នេះ​ជោគជ័យ ក្នុង​ការ​សម្លាប់​ជីវិត​គាត់ ប៉ុន្តែ​នៅតែ​ជួប​បរាជ័យ ក្នុង​ការ​សម្លាប់​ឥទ្ធិពល និង​កិត្តិយស​របស់​គាត់។ លោក គឹម សុខ បន្ត​ថា បណ្ឌិត កែម ឡី ពិតជា​រងគ្រោះ​ពេក​ហើយ ធ្វើ​អ្វីៗ​ដើម្បី​បុព្វហេតុ​សង្គម​ជាតិ​ខ្មែរ​រួម​សោះ ប៉ុន្តែ​ពេល​នៅ​រស់​ក៏​ត្រូវ​មនុស្ស​ច្រើន​ភាគី​ប្រតិដ្ឋ​រឿង​តាម​បំផ្លាញ ហើយ​ពេល​ស្លាប់​ទៅ​ហើយ ក៏​មិន​ដឹង​ពន្លឺ​យុត្តិធម៌​នៅ​ឯណា​ទៀត។


កាលពី​ចុង​ឆ្នាំ​២០២០ អតីត​សមាជិក​ក្រុម​អ្នក​លាប​ពណ៌​តាម​ប្រព័ន្ធ​អនឡាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​លោក សម រង្ស៊ី ធ្លាប់​បាន​អះអាង​ថា សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ភាគី​លោក សម រង្ស៊ី មាន​ក្រុម​ការងារ​ជាច្រើន និង​មាន​ការចាត់តាំង​ច្បាស់លាស់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស ដូចជា​ក្រុម​កាត់ត​រូបភាព ក្រុម​ជេរប្រមាថ និង​ក្រុម​អ្នក​លាប​ពណ៌ ជាដើម ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ទៅ​លើ​បុគ្គល ឬ​ក្រុម​ណាមួយ​ដែល​មិន​ស្រប​នឹង​ទស្សនៈ ឬ​ជន​ទាំងឡាយ​ណា​ដែល​ចាកចេញ​ពី​ក្រុម​របស់​ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា សេចក្តី​ក្លាហាន គឺជា​គុណធម៌​សំខាន់​ជាងគេ​បំផុត​សម្រាប់​អ្នកប្រតិបត្តិ​ទស្សនវិជ្ជា ចំណែក​បណ្ឌិត កែម ឡី មាន​គ្រប់​ទិដ្ឋភាព​នៃ​គុណធម៌​ទាំងនេះ ដូចជា​សេចក្តី​ក្លាហាន​មិន​ខ្លាច​ធ្លាក់​ខ្លួន​អភ័ព្វ សេចក្តី​ក្លាហាន​មិន​ខ្លាច​ស្លាប់ និង​សេចក្តី​ក្លាហាន​មិន​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ដើម្បី​ជួយ​មនុស្ស​ដូចគ្នា។

បន្ថែម​ពី​នេះ បណ្ឌិត កែម ឡី ក៏​មាន​សេចក្តី​ក្លាហាន​មិន​ខ្លាច​និយាយ​អ្វី​ដែល​ខ្លួន​យល់​ថា ត្រូវតែ​និយាយ និង​ទទូច​ឲ្យ​មហាជន​ហ៊ាន​និយាយ​ការពិត ហើយ​លោក​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​គតិបណ្ឌិត យុត្តិធម៌ និង​ជា​មនុស្ស​មាន​ភាព​អត់ធ្មត់​ខ្ពស់​ជាដើម ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​គុណធម៌​ដែល​គួរ​ឲ្យ​គោរព​ជាទីបំផុត។

ចំណែក​ព្រះគ្រូចៅអធិការ​វត្ត​មណីរតនារាម ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ថា អ្នក​ដែល​ស្រឡាញ់​បណ្ឌិត កែម ឡី ត្រូវតែ​នាំគ្នា​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា កែម ឡី ទាំងអស់​គ្នា និង​បង្កើត​កូនខ្មែរ​ឲ្យ​ទៅ​ជា កែម ឡី ឲ្យ​បាន​កាន់តែ​ច្រើន​រហូត​គេ​សម្លាប់​មិន​ចេះ​អស់ នោះ​ទើប​ជា​ភារកិច្ច​ដែល​ពួកគេ​ត្រូវ​ធ្វើ​ក្នុង​ពេល​គ្មាន​វត្តមាន​បណ្ឌិត កែម ឡី នៅ​លើ​លោក​នេះ។

ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​បែប​នេះ​នៅ​ក្នុង​ពិធី​បុណ្យ​រំឭក​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់​ទាំង​អយុត្តិធម៌ ដោយសារតែ​លោក​ហ៊ាន​លាតត្រដាង​ការពិត​អំពី​ទង្វើ​អយុត្តិធម៌​របស់​សង្គម​ដែល​តែង​កើត​មាន​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​កម្ពុជា។

ក្នុង​កម្មវិធី​ធម្មទេសនា​នៅ​ថ្ងៃ​បុណ្យ​ខួប ៥​ឆ្នាំ​នៃ​មរណភាព​បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ឯ​វត្ត​ពុទ្ធរង្ស៊ី ម៉ែលប៊ន ក្នុង​ទីក្រុង​ម៉ែលប៊ន រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ព្រះ​ភិក្ខុ សាន សុជា មាន​សង្ឃដីកា​ថា ត្រឹមតែ​ការ​ស្រឡាញ់ ត្រឹមតែ​ធ្វើ​ពិធី​ដើម្បី​រំឭក​ឈ្មោះ​បណ្ឌិត កែម ឡី មិន​គ្រប់គ្រាន់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ឈ្វេងយល់​អំពី​គោលបំណង​ពិតប្រាកដ​របស់​លោក ដែល​មាន​ចំពោះ​ប្រជាជាតិ​ខ្មែរ​ទៅវិញ។

ហើយ​ជាង​នេះ​ទៅទៀត ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ទៅ​ជា កែម ឡី និង​នាំគ្នា​បង្កើត​កូនខ្មែរ​ឲ្យ​ទៅ​ជា កែម ឡី កាន់តែ​ច្រើន​រហូត​គេ​សម្លាប់​មិន​ចេះ​អស់ នោះ​ទើប​ស័ក្តិសម​ជា​អ្នក​ស្រឡាញ់ និង​គោរព​បណ្ឌិត កែម ឡី ពិតប្រាកដ។

ព្រះតេជព្រះគុណ​មាន​សង្ឃដីកា​ថា អ្នក​ដែល​គ្រាន់តែ​យក​ឈ្មោះ​របស់​បណ្ឌិត កែម ឡី ទៅ​ប្រើ​ដោយ​អះអាង​ថា​ខ្លួន​ជា​កូនសិស្ស​របស់​គាត់​ជាដើម ហើយ​បែរជា​ប្រើប្រាស់​សម្ដី និង​កាយវិការ​មិន​សមរម្យ ដូចជា​ការ​ប្រើ​ពាក្យ​ជេរប្រមាថ ឬ​លាប​ពណ៌​អ្នកដទៃ​នោះ មិន​មែន​ជា​ការ​លើកស្ទួយ​កិត្តិយស​បណ្ឌិត កែម ឡី នោះ​ទេ ប៉ុន្តែ​ជា​ការ​បន្ទាបបន្ថោក​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ទៅវិញ​ប៉ុណ្ណោះ។

ព្រះ​ភិក្ខុ សាន សុជា បញ្ជាក់​ថា ពិតមែន​តែ​មិន​មាន​វត្តមាន​របស់​បណ្ឌិត កែម ឡី នៅ​ក្នុង​ការ​បណ្ដុះ​កូនខ្មែរ​បន្ត​ទៀត ប៉ុន្តែ​បើ​ស្មារតី​ដែល​ស្រឡាញ់​ការពារ​យុត្តិធម៌ ស្រឡាញ់​ប្រជាធិបតេយ្យ កាន់តែ​ដុះ​លូតលាស់​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​កូនខ្មែរ​ឲ្យ​ងើប​ឡើង​ជួយ​ជាតិ និង​ពលរដ្ឋ​កាន់តែ​ច្រើន នោះ​ហើយ​ជា​បំណង​ពិតប្រាកដ​របស់​បណ្ឌិត កែម ឡី។

ព្រះ​ភិក្ខុ​អង្គ​នេះ​សង្កត់​ធ្ងន់​ថា នៅ​ពេល​ដែល​អ្នក​គោរព​ស្រឡាញ់​បណ្ឌិត កែម ឡី នាំគ្នា​ងើប​ឡើង​ធ្វើ​តាម​ដូច​អ្វី​ដែល​បណ្ឌិត កែម ឡី បាន​ធ្វើ ដូចជា​ការ​និយាយ​ពី​ការពិត ជាជាង​និយាយ​ការពារ ដូច​ពេល​ដែល​លោក​នៅ​មាន​ជីវិត នោះ​ទើប​សម​នឹង​ពាក្យ​ថា ជូន​ទឹកភ្នែក​ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ហាង​ស្តារម៉ាត​កាល់តិច (Star Mart Caltex) ស្តុប​បូកគោ កណ្តាល​ទីក្រុង​ភ្នំពេញ ក្នុង​វ័យ ៥០​ឆ្នាំ ដោយ​បន្សល់​នូវ​ភរិយា​អាយុ ៣៤​ឆ្នាំ អ្នកស្រី ប៊ូ រចនា ដែល​មាន​ផ្ទៃពោះ ៥​ខែ និង​កូនប្រុស ៤​នាក់​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ។

ប៉ុន្តែ​អស់​រយៈពេល ៥​ឆ្នាំ​ហើយ តុលាការ​កម្ពុជា​នៅ​មិន​ទាន់​បាន​វែកមុខ​ឃាតក​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​លោក អឿត អាង (ឬ ជួប សម្លាប់) ត្រូវ​មើល​ឃើញ​ថា​គ្រាន់តែ​ជា​ឃាតក​សិប្បនិម្មិត និង​ជា​ជនរងគ្រោះ​ដែល​គេ​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​អំពើ​ឃាតកម្ម​នោះ​តែប៉ុណ្ណោះ។

អតីត​តំណាងរាស្ត្រ​ប្រទេស​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា លោក ហុង លីម បាន​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ១១​ផ្សេង​ទៀត​ដែល​អង្គការ​សហប្រជាជាតិ​បាន​ដាក់​អ្នក​រាយការណ៍​ពិសេស​របស់​គេ ដើម្បី​តាមដាន​ការរំលោភ​សិទ្ធិមនុស្ស។ លើស​ពី​នេះ ពួកគេ​ក៏​បាន​ដាក់​ភ្នាក់ងារ​ប្រឆាំង​នឹង​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ផង​ដែរ ដើម្បី​តាមដាន​ឧក្រិដ្ឋកម្ម​ធំៗ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដែល​រក​មុខ​ឃាតក​ពិត​មិន​ឃើញ ដូចជា៖

  • ករណី​បាញ់​បណ្ឌិត កែម ឡី។
  • ការ​បាញ់​សម្លាប់​នាដការី​របាំ​ព្រះរាជទ្រព្យ​អ្នកស្រី ពិសិដ្ឋ ពីលិកា។
  • ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​លោក ជា វិជ្ជា។
  • ការ​បាញ់​ប្រហារ​ទៅលើ​ព្រះ​ភិក្ខុ សំ ប៊ុនធឿន
  • និង​ឃាតកម្ម​លើ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​លោក ឈុត វុទ្ធី ជាដើម។

កាលពី​ចុង​ឆ្នាំ​២០២០ របាយការណ៍​មួយ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project) ស្ដីពី​នីតិរដ្ឋ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ បាន​ផ្តល់​ពិន្ទុ​ឲ្យ​កម្ពុជា​ជាប់​លេខ​រៀង​ទី​១២៧ ក្នុង​ចំណោម​ប្រទេស​ចំនួន​១២៨ នៅ​ជុំវិញ​ពិភពលោក ដោយ​បង្ហាញ​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅ​ក្នុង​លោក ប៉ុន្តែ​ល្អ​​​ជាង​ប្រទេស​វេណេហ្ស៊ុយអេឡា មួយ​ប៉ុណ្ណោះ។

របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ការ​ជ្រៀតជ្រែក​ពី​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល​លើ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការ​អនុវត្ត​ច្បាប់ យុត្តិធម៌​សង្គម គឺជា​ឫសគល់​ដែល​ធ្វើ​ឲ្យ​នីតិរដ្ឋ​នៅ​កម្ពុជា ទទួល​បាន​ពិន្ទុ​អាក្រក់​បំផុត​ទាំង​នៅ​ក្នុង​តំបន់ និង​នៅ​ក្នុង​ពិភពលោក​ដូច្នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស