28 C
Phnom Penh

បទវិភាគ៖ តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​ឯង?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មហាជន​ទូទៅ​សង្កេត​ឃើញ​ថា ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក ហ៊ុន សែន តែង​មាន​អំនួត​ទៅ​នឹង​ការ​ស្ថិតនៅ​ក្នុង​អំណាច​ដ៏​យូរលង់​របស់​លោក ស្រប​ពេល​ដែល​រដ្ឋាភិបាល​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន និង​ជឿ​ទុកចិត្ត​បាន​លើ​វិស័យ​សាធារណៈ​អ្វី​មួយ​ឡើយ ជាពិសេស​វិស័យ​សុខាភិបាល​ជាដើម។

តើ​ការ​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន ដើម្បី​ជាតិ ឬ​ដើម្បី​ខ្លួន​លោក និង​គ្រួសារ​របស់​លោក?

ពលរដ្ឋ​ខ្មែរ និង​អន្តរជាតិ ជា​រឿយៗ​តែង​រិះគន់​លោក ហ៊ុន សែន ថា​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ជិត ៤០​ឆ្នាំ ដោយ​ប្រើ​អំណាច​ផ្ដាច់ការ និង​វិធី​ឃោរឃៅ​ដើម្បី​គ្រប់គ្រង​អំណាច​ផ្ទាល់ខ្លួន។ លោក​ពង្រឹង​អំណាច​តាមរយៈ​ការ​កម្ចាត់​ក្រុម​ប្រឆាំង ឬ​អ្នក​ដែល​មិន​បម្រើ​ផលប្រយោជន៍​របស់​លោក។

ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើលឃើញ​ថា ហាក់​ស្រដៀង​គ្នា​ទៅ​ការ​ដឹកនាំ​របស់​ពួក​ខ្មែរក្រហម​ដែរ ជាពិសេស​ការ​លើក​តម្កើង​អ្នក​ទាំងឡាយ​ណា​ដែល​ធ្វើ​តាម ឬ​បម្រើ​លោក​ទាំង​ងងឹតងងល់ បើ​ទោះបីជា​អ្នក​ទាំងនោះ​សាហាវ​យង់ឃ្នង​គ្មាន​ចំណេះដឹង ចរិត​ច្រងេងច្រងាង អសីលធម៌ ឬ​ក៏​បំផ្លាញ​ជាតិ​យ៉ាង​ណា​ក្តី។

ជាង​នេះ​ទៅទៀត លោក ហ៊ុន សែន អាច​កាង​មន្ត្រី និង​ឈ្មួញ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ទៅលើ​រាងកាយ​តារា​ចម្រៀង ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​ប្លន់​ដីធ្លី​របស់​ពលរដ្ឋ​ពី​សំណាក់​មាន​លុយ និង​មាន​អំណាច ការ​ជួញដូរ​គ្រឿងញៀន អំពើ​ពុករលួយ និង​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដទៃ​ទៀត។ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ អង្គការ Global Witness បាន​រក​ឃើញ​ថា លោក ហ៊ុន សែន បាន​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន​តាមរយៈ​ការ​កាង​បក្សពួក និង​សមាជិក​គ្រួសារ​របស់​លោក​ដែល​បាន​បំផ្លាញ​ប្រយោជន៍​ជាតិ និង​សេចក្តី​សុខ​របស់​ពលរដ្ឋ​សាមញ្ញ។

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​លើកឡើង​ថា លោក ហ៊ុន សែន តែង​លើក​ទឹកចិត្ត​ដល់​ជន​ទុច្ចរិត​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​លោក ហ៊ុន សែន តាមរយៈ​ការ​កាង​អំណាច​ដែល​នាំ​ឲ្យ​ជន​ដៃដល់​ទុច្ចរិត​ទាំងអស់​នោះ​មិន​ញញើត​ក្នុង​ការប្រព្រឹត្តិ​បទឧក្រិដ្ឋ​ផ្សេងៗ​ក្នុង​សង្គម​ឡើយ។

ជនឧក្រិដ្ឋ​ជាច្រើន​បាន​រស់នៅ​ដោយ​គ្មាន​ទោស​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ ជាពិសេស​អំពើ​ឧក្រិដ្ឋ​ក្នុង​រឿង​ស្នេហា​ត្រីកោណ​រវាង​អ្នក​មាន​អំណាច និង​មាន​លុយ ការ​សម្លាប់ និង​បង្ក​របួស​ស្នាម​លើ​ក្រុម​តារា​សម្ដែង និង​បទឧក្រិដ្ឋ​នយោបាយ​ដូចជា​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា ជាដើម។

លទ្ធផល​នៃ​របប​ដឹកនាំ​បែប​នេះ មិន​គ្រាន់តែ​បង្កើត​បាន​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បាន​បង្កើត​នូវ​អយុត្តិធម៌​សង្គម​ដ៏​អាក្រក់​ក្នុង​សង្គម​ខ្មែរ។ អំពើ​អយុត្តិធម៌​សង្គម​អាច​បង្កើត​នូវ​ក្តី​ឈឺចាប់ និង​គំនុំ​សងសឹក​ដែល​អាច​ជា​រងើកភ្លើង​នាំ​មក​នូវ​អំពើ​ហិង្សា និង​ការ​កាប់​សម្លាប់​ជាតិ​ឯង​ដូច​ក្នុង​សម័យ​ខ្មែរក្រហម។

ក្នុង​ពេល​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ចុង​ខែ​មិថុនា កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក Domic Raab បាន​ធ្វើ​ទស្សនកិច្ច​នៅ​សារមន្ទីរ​គុក​ទួលស្លែង ហើយ​លោក​បាន​ថ្លែង​ថា អង់គ្លេស​បន្ត​ការ​គាំទ្រ​ដល់​សាលា​ក្តី​ខ្មែរក្រហម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងឡាយ​ណា​ដើម្បី​ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នៃ​របប​ខ្មែរក្រហម​មាន​ការ​ទទួល​ខុសត្រូវ ផ្តល់​ការពិត​ដល់​ពលរដ្ឋ​កម្ពុជា និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពិភពលោក​មិន​អាច​បំភ្លេច​រឿង​នេះ។

សម្ដី​របស់​មន្ត្រី​ការទូត​នៃ​ប្រទេស​អង់គ្លេស ត្រង់​ចំណុច​នេះ គេ​អាច​វាយតម្លៃ​បាន​ថា ពិភពលោក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែប​នេះ​ចំពោះ​ពលរដ្ឋ​កម្ពុជា​ទៀត​នោះ​ទេ។

ទោះជាយ៉ាងណា គេ​សង្កេត​ឃើញ​ថា អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ហាក់​ដើរ​ផ្ទុយ​គ្នា​ទៅ​នឹង​សម្ដី​របស់​លោក Domanic Raab ដោយសារ​កម្ពុជា​ញាំញី​ដោយ​អំពើ​និទ្ទណ្ឌភាព និង​អំពើ​ពុករលួយ​ចាក់ស្រេះ​ដោះស្រាយ​មិន​ចេញ ហើយ​យុត្តិធម៌​សង្គម​ក៏​អវត្តមាន​ថែមទៀត។ ចំណុច​ទាំងនេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​ជនជាតិ​មួយ​ទន់ខ្សោយ រស់នៅ​ដោយ​ភ័យខ្លាច មិន​ហ៊ាន​គិត មិន​ហ៊ាន​មើល​ព័ត៌មាន​សេរី មិន​ហ៊ាន​ទាំង​ចុច Like ឬ Share ឬ​ចូលរួម​ក្នុង​កិច្ចការ​សង្គម​អ្វី​នោះ​ឡើយ។

ក្នុង​ឋានៈ​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ទសវត្ស​ឆ្នាំ​២០០០ លោក កឹម សុខា ធ្លាប់​លើកឡើង​ថា គេ​កំពុង​ធ្វើ​ឲ្យ​ខ្មែរ “ឃ្លាន ខ្លាច និង​ខ្លៅ”

ប្រសិនបើ​បី​ចំណុច​នេះ​ដូច​អ្វី​ដែល​លោក កឹម សុខា បាន​លើកឡើង​មែន វា​គឺជា​នយោបាយ​ដ៏​អាក្រក់​មួយ​របស់​លោក ហ៊ុន សែន ចំពោះ​ជាតិសាសន៍​ខ្មែរ។ សារព័ត៌មាន VOD ធ្លាប់​បាន​ដកស្រង់​សម្ដី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​ថ្លែង​កាលពី​ខែ​មករា ឆ្នាំ​២០២០ ថា ការ​បែកបាក់​ជាតិ​ផ្តើម​ចេញពី​អយុត្តិធម៌​សង្គម ហើយ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ គឺជា​កម្មវត្ថុ​ដ៏​សំខាន់។

ជា​ការពិត កម្ពុជា​បាន​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​សង្គ្រាម​រ៉ាំរ៉ៃ​រវាង​ជាតិសាសន៍​ឯង​ជាច្រើន​ទសវត្ស។ ដើមចម​នៃ​សង្គ្រាម​នោះ គឺ​ដោយសារតែ​ភាគី​ខ្មែរ​នីមួយៗ​គ្មាន​មធ្យោបាយ​ស្វែងរក​ដំណោះស្រាយ​សង្គម​ដោយ​សន្តិវិធី​តាមរយៈ​ប្រព័ន្ធ​យុត្តិធម៌ ឬ​អាជ្ញាកណ្ដាល​មួយ​ដែល​គ្រប់​គ្នា​អាច​ទុកចិត្ត និង​ទទួល​យក​បាន។

តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ ភាគី​ខ្មែរ​ដែល​ច្បាំង​គ្នា​បាន​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក្នុង​ខែ​តុលា ឆ្នាំ​១៩៩១។ កិច្ចព្រមព្រៀង​នេះ បាន​ចែង​អំពី​វិធានការ​នានា​ដើម្បី​ធានា​នូវ​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​នយោបាយ​ខ្មែរ និង​ការធានា​នូវ​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ ដើម្បី​ធានា​នូវ​យុត្តិធម៌​សង្គម​ជូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប។ វិធានការ​ទាំងនេះ គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការផ្សះផ្សា និង​ពង្រឹង​ឯកភាព​ជាតិ​ខ្មែរ។

ដើម្បី​ធានា​នូវ​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​នយោបាយ​ខ្មែរ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស តម្រូវ​ឱ្យ​មាន​ការរៀបចំ​ការបោះឆ្នោត​ជា​ទៀងទាត់ ដោយ​សេរី និង​យុត្តិធម៌ និង​មាន​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ឯករាជ្យ។

ការធានា​ទាំងនេះ ក៏​ត្រូវ​គេ​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ផង​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ដែល​បាន​ចាញ់​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៣ នោះ បាន​បំផ្លាញ​ចោល​នូវ​ប្រព័ន្ធ​យុត្តិធម៌​ទាំងនេះ។

ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​១៩៩៣ គឺជា​ការបោះឆ្នោត​មួយ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ចាត់ទុក​ថា​ជា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ដោយសារតែ​រសជាតិ​នៃ​ការ​ចាញ់​ឆ្នោត និង​ការយល់​ថា​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺជា​គ្រោះថ្នាក់​សម្រាប់​លោក និង​គណបក្ស​របស់​លោក​ហើយ បាន​ជា​លោក ហ៊ុន សែន បាន​បំផ្លាញ​ចោល​ទាំងអស់​នូវ​ប្រព័ន្ធ និង​យន្តការ​ដែល​ធានា​នូវ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

ជាក់ស្តែង គេ​សង្កេត​ឃើញ​លោក ហ៊ុន សែន បាន​បំពាន​ច្បាប់ និង​បង្កើត​ច្បាប់​នានា​ដើម្បី​បំផ្លាញ​ដៃគូ​ប្រកួត ជាពិសេស​គឺ​ការ​រំលាយ​គណបក្ស​ប្រឆាំង និង​រារាំង​មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ប្រកួត​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ ជាដើម។

ប៉ុន្តែ​ក្នុង​ខណៈ​ដែល​លោក ហ៊ុន សែន បំផ្លាញ​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ការបោះឆ្នោត និង​បំពាន​ច្បាប់​ដើម្បី​បំបិទ​សំឡេង​ប្រឆាំង លោក​ក៏​ត្រូវតែ​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​ប្រព័ន្ធ​យុត្តិធម៌​សង្គម​ផង​ដែរ នោះ​គឺ​ឯករាជភាព​របស់​តុលាការ។

ប្រសិនបើ​តុលាការ​ឯករាជ្យ លោក ហ៊ុន សែន និង​សមាជិក​ក្រុម​គ្រួសារ និង​បក្ខពួក​របស់​លោក​ដែល​ប្រព្រឹត្តិ​បទឧក្រិដ្ឋ ឬ​រំលោភ​ច្បាប់​នានា​នោះ ប្រាកដ​ជា​ត្រូវ​ផ្ដន្ទាទោស​ជាមិនខាន។ ដូច្នេះ ការ​កើតឡើង​នូវ​បញ្ហា​អយុត្តិធម៌​សង្គម​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស ជា​រឿង​ដែល​ជៀស​មិន​ផុត។ ចំណុច​នេះ គឺជា​ចំណុច​ដ៏​អាក្រក់​បំផុត​មួយ​ទៀត​នៃ​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ជាតិ​ក្នុង​សង្គម​ខ្មែរ​កាន់តែ​ខ្លាំងក្លា ហើយ​ទីបំផុត កម្ពុជា​ក្លាយ​ជា​សង្គម​ដ៏​ទន់ខ្សោយ​មួយ​ដែល​ប្រទេស​ជិតខាង​ចង់​បាន​បំផុត។

ក្រៅតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​ជាតិ​ទន់ខ្សោយ លោក ហ៊ុន សែន ក៏​កំពុង​ផ្ដួចផ្ដើម​សង្គ្រាម​ត្រជាក់ ឬ​ប្រដាប់​អាវុធ​ក្នុង​ប្រទេស​កម្ពុជា​ដែរ។

ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ការ​អនុវត្ត​នយោបាយ​ការបរទេស​មិន​ឯករាជ្យ ឬ​មិន​អព្យាក្រឹត្យ បាន​លម្អៀង​ផ្កាប់មុខ​ទៅ​រក​មហាអំណាច​ចិន ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០ បាន​បង្កើត​នូវ​សង្គ្រាម​ស៊ីវិល​ក្នុង​សង្គម​ចាប់តាំង​ពី​ឆ្នាំ​១៩៧០ រហូត​ដល់​ឆ្នាំ​១៩៩១។

ជា​លទ្ធផល​នៃ​សង្គ្រាម​ស៊ីវិល​នោះ ពលរដ្ឋ​ខ្មែរ​ជាង ២​លាន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​របប​កុម្មុយនីស្ត​ខ្មែរក្រហម។ រីឯ​វៀតណាម មាន​ឱកាស​ឈ្លានពាន និង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ក្រោម​លេស​ជួយ​ខ្មែរ​ក្នុង​ការ​បណ្តេញ​របប​ខ្មែរក្រហម ហើយ​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​នា​ទសវត្ស​ឆ្នាំ​១៩៨០។

ដូចគ្នា​ដែរ លោក ហ៊ុន សែន កំពុង​នាំ​ប្រទេស​កម្ពុជា​វិល​ទៅ​រក​គន្លង​ចាស់​នោះ ដោយ​បង្ហាញ​ពិភពលោក​ថា លោក​កំពុង​បម្រើ​ចិន​ផ្ដាច់មុខ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​កាលពី​ដើម​ខែ​មិថុនា កន្លង​ទៅ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក គឺ​លោកស្រី Wendy Sherman បាន​ថ្លែង​ថា អាមេរិក​ចង់​ឃើញ​កម្ពុជា​មាន​នយោបាយ​ការបរទេស​ឯករាជ្យ។

សារ​នេះ ទំនង​ជា​ការ​ប្រាប់​លោក ហ៊ុន សែន ថា​អាមេរិក​មិន​សុខចិត្ត​ចំពោះ​តួនាទី​របស់​កម្ពុជា ក្នុង​ការ​បម្រើ​នយោបាយ​ចិន ដែល​ប្រឆាំង​ផលប្រយោជន៍​អាមេរិក​នោះ​ទេ។

ប្រសិនបើ​ការ​វិភាគ​នេះ​ជា​ការពិត នោះ​កម្ពុជា​អាច​ក្លាយ​ជា​ទីលាន​នៃ​សង្គ្រាម​ត្រជាក់​រវាង​មហាអំណាច​ចិន និង​អាមេរិក ឬ​សង្គ្រាម​ប្រដាប់​អាវុធ​រវាង​អ្នក​និយម​ចិន និង​ក្រុម​អ្នក​ប្រឆាំង​ចិន។ គេ​ក៏​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា កម្មាភិបាល​មួយ​ចំនួន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​និន្នាការ​វៀតណាម​និយម ក៏​ជា​ក្រុម​ប្រឆាំង​នឹង​ចិន​ដែរ។

ប្រសិនបើ​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ក្នុង​អនាគត​អាច​វិវឌ្ឍ​តាម​ទិសដៅ​នេះ​មែន នោះ​អន្តរាគមន៍ ឬ​ការឈ្លានពាន​ពី​បរទេស គឺជា​រឿង​ដែល​អាច​កើតឡើង​ដោយ​ជៀស​មិន​រួច។ ដូច្នេះ ចំណុច​នេះ​គឺជា​នយោបាយ​ដ៏​អាក្រក់​មួយ​ទៀត​របស់​លោក ហ៊ុន សែន ដែល​អាច​ផ្តល់​ឱកាស​ដល់​បរទេស ជាពិសេស​ប្រទេស​ជិតខាង​អាច​ចូល​ឈ្លានពាន​កម្ពុជា ដូច​ក្នុង​ឆ្នាំ​១៩៧៩ និង​ក្នុង​អតីតកាល។

សរុប​មក អ្នក​ដែល​កំពុង​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​អំណាច ហាក់ដូចជា​កំពុង​ចូលរួម​បំផ្លាញ​ជាតិ និង​ផ្តល់​ឱកាស​ដល់​បរទេស​ឲ្យ​បំផ្លាញ ឬ​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស