33 C
Phnom Penh

អ្នក​សង្កេតការណ៍៖ មេដឹកនាំ​ធំៗ​គិត​តែ​ផលប្រយោជន៍​នយោបាយ និង​ប្រមាថ​ព្រះមហាក្សត្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​មិន​បាន​គិត​ពី​ជោគវាសនា​ប្រទេស​ជាតិ​ទេ ប៉ុន្តែ​ពួកគេ​តែង​គិត​ពី​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​កែ​ខ្លឹមសារ​ច្បាប់​កំពូល​របស់​ប្រទេស ចង​ស្ថាប័ន​ជាតិ​ឲ្យ​នៅ​ក្រោម​អំណាច​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ សូម្បី​ស្ថាប័ន​ព្រះមហាក្សត្រ​ត្រូវ​ដាក់​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​រិះគន់​អតីត​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បាន​បន្ត​ចេញ​មុខ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ជា​ព្រះ​ប្រមុខ​រដ្ឋ​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ថា​ជា​ស្តេច​ដែល​មិន​គួរ​ឲ្យ​គោរព​នោះ​ទេ ព្រោះ​ជា​ស្តេច​ដែល​ឥតប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​នោះ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់ លោក​កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា ការប្រមាថ​ព្រះមហាក្សត្រ​ដែល​ធ្ងន់ធ្ងរ​បំផុត​របស់​មេដឹកនាំ​នយោបាយ​ធំៗ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី នោះ​គឺ​ការរំលោភ​រដ្ឋធម្មនុញ្ញ​ដោយ​បញ្ចូល​ល្បិច​កល​របស់​ពួកគេ​រៀងៗ​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះមហាក្សត្រ​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ល្បិច​កល​ប្រជែង​អំណាច​ទាំងនោះ​ដូច​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា ចំណង​ធម្មនុញ្ញ​ដែល​ចង​ព្រះមហាក្សត្រ​ឲ្យ​នៅ​ក្រោម​អំណាច​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ព្រះអង្គ​មិនមែន​ជា​អ្នក​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​កែប្រែ ឬ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​នោះ​ទេ ហើយ​ព្រះអង្គ​ក៏​មិនបាន​ទាមទារ​ឲ្យ​ចែង​ពី​មាត្រា​ដែល​ពួកគេ​បាន​កែប្រែ​នោះ​ដែរ ប៉ុន្តែ​ចំណង​ទាំងនោះ​សុទ្ធសឹងតែ​ជា​គំនិត​របស់​អ្នក​នយោបាយ​ដែល​ស្វែងរក​ផលប្រយោជន៍ និង​អំណាច​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ។

លោក គឹម សុខ បញ្ជាក់​ថា ការ​កែ​មាត្រា​មួយ​ពី ២/៣ ទៅជា ៥០%+១ គឺ​ជា​ល្បែង​សង្គ្រោះ​នយោបាយ​ទាល់ច្រក​របស់​គណបក្ស​កាន់​អំណាច​ដែល​ជាប់​គាំង​បង្កើត​រដ្ឋាភិបាល​មិន​ចេញ និង​ជា​ល្បែង​នយោបាយ​របស់​លោក សម រង្ស៊ី ក្នុង​ចេតនា​ទាត់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញ​ក្រៅ​ឆាក​នយោបាយ ប៉ុន្តែ​ល្បែង​នេះ​គឺ​ដូចជា​ការចូលរួម​ប្រគល់​អំណាច​ឲ្យ​លោក ហ៊ុន សែន ដែល​អាច​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ទំនើង​ចិត្ត​របស់​គាត់​ដូច​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២១ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើកឡើង​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​លើ​ទំព័រ Facebook របស់​លោក ដោយ​អះអាង​ថា ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ បើ​មិន​អនុវត្ត​តួនាទី​របស់​ខ្លួន​តាម​រដ្ឋធម្មនុញ្ញ​ទេ គួរតែ​ចុះចេញ​ពី​រាជបល្ល័ង្ក​ទៅ មិន​គួរ​នៅ​ធ្វើ​ជា​ស្តេច​ទីងមោង និង​ធ្វើ​ជា​ឈ្នាន់​ឲ្យ​លោក ហ៊ុន សែន ជិះ​ពី​លើ​ដើម្បី​ធ្វើ​បាប​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ​ទេ។

មេដឹកនាំ​នយោបាយ​ធំៗ​នៅ​កម្ពុជា គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​នយោបាយ​ដែល​ឧស្សាហ៍​គំរាមកំហែង និង​ប្រមាថកាតទាន​ព្រះមហាក្សត្រ​ខ្មែរ​ជា​ញឹកញាប់​ដូចគ្នា ទោះ​ច្បាប់​កំពូល​របស់​ជាតិ​បាន​ចែង​អំពី​ការ​ហាមប្រាម​មិន​ឲ្យ​ប្រមាថ​ស្តេច​នៃ​ប្រទេស​របស់​ខ្លួន​ក៏ដោយ។

លើស​ពី​ការប្រមាថ​ព្រះមហាក្សត្រ​ដោយ​ប្រើ​ពាក្យ​សម្ដី​ត្មះតិះដៀល​ព្រះអង្គ​ជា​សាធារណៈ​ទៀត​នោះ ពួកគេ​បាន​ឃុបឃិត​គ្នា​កែប្រែ​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​២០០៦ ជាដើម ជា​ថ្នូរ​នឹង​ការ​ដោះដូរ​ផលប្រយោជន៍​នយោបាយ​រៀងៗ​ខ្លួន​របស់​ពួកគេ ហើយ​នោះ​ក៏​ជា​កត្តា​ចម្បង​ដែល​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន មាន​សិទ្ធិ​អំណាច​កាន់តែ​ធំ​អាច​បិទ​ខ្ទប់​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ​ដូច​សព្វថ្ងៃ​នេះ​ដែរ។

កាលពី​ឆ្នាំ​២០០៥ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​គំរាម​ឲ្យ​ព្រះមហាក្សត្រ​ចុះហត្ថលេខា​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​អាច​អនុវត្ត​ក្នុង​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា​ជាមួយ​ប្រទេស​វៀតណាម ប៉ុន្តែ​បើ​ព្រះអង្គ​មិន​យល់ព្រម​ទេ លោក​ព្រមាន​ថា​នឹង​រំលាយ​របប​រាជានិយម​ទៅ​ជា​របប​សាធារណរដ្ឋ​វិញ​មិនខាន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា មេដឹកនាំ​នយោបាយ​ធំៗ រួម​មាន​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​បាន​នាំគ្នា​តតាំង​ជាមួយ​វៀតណាម ឈ្លានពាន​ដែល​កំពុងតែ​អនុវត្ត​ផែនការ​ប្រជាសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ នយោបាយ និង​ការទូត ដើម្បី​កាន់កាប់​ប្រទេស​កម្ពុជា​ទេ តែ​បែរជា​នាំគ្នា​លេង​ល្បែង​មាក់ងាយ​ព្រះមហាក្សត្រ​ដែល​ប្រមុខ​រដ្ឋ​តំណាង​ប្រជាជាតិ​ខ្មែរ​ទៅវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស