29 C
Phnom Penh

ចិន​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តង់ហ្សានី​ដើម្បី​ពង្រីក​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មហា​អំណាច​ចិន បាន​ពង្រីក​ការ​វាតទី​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ខណៈ​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅលើ​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​បាន​កាន់តែ​ច្រើន​ទៅ​ហើយ។

ដើម្បី​សម្រេច​ចលនា​នេះ ចិន​បាន​វិនិយោគ​សំណង់​កំពង់ផែ​សំខាន់ៗ​ដូចជា៖

  • កំពង់ផែ​ហាំបាតូតា នៅ​ស្រីលង្កា
  • កំពង់ផែ Gwadar នៅ​ប៉ាគីស្ថាន
  • កំពង់ផែ Doraleh នៅ​ប្រទេស​ដ្យីបូទី​នៃ​ទ្វីប​អាហ្វ្រិក។

សារព័ត៌មាន Nikkie Asia Review ឱ្យ​ដឹង​ថា ប្រទេស​តង់ហ្សានី នៃ​ទ្វីប​អាហ្វ្រិក បាន​សម្រេច​សាងសង់​កំពង់ផែ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​នៅ Bagamoyo។ កំពង់ផែ​នេះ​ស្ថិតនៅ​ក្នុង​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​កំពង់ផែ Dares Salaam នៃ​ប្រទេស​តង់ហ្សានី។

កំពង់ផែ Bagamoyo អាច​ផ្តល់​ឱកាស​ដល់​ប្រទេស​ចិន ក្នុង​ការ​ពង្រឹង​គោលបំណង​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។ កំពង់ផែ​នេះ​អាច​ត្រូវ​បាន​ប្រើ​ជា​មជ្ឈមណ្ឌល​ជួសជុល​នាវា​សម្រាប់​កង​នាវាចរ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន។ នៅ​ទ្វីប​អាហ្រ្វិក ចិន​បាន​បង្កើត​មូលដ្ឋាន​យោធា​នៅ​បរទេស​តែមួយ​គត់​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៧ គឺ​នៅ​ប្រទេស​ដ្យីបូទី។

ប្រទេស​តង់ហ្សានី ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​យុទ្ធសាស្ត្រ​សំខាន់​នៃ​គម្រោង​ផ្លូវ​សូត្រ​សមុទ្រ​របស់​ប្រទេស​ចិន និង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​មួយ។ កិច្ចព្រមព្រៀង​សាងសង់​កំពង់ផែ Bagamoyo ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៣ ដោយ​ប្រតិបត្តិករ​កំពង់ផែ​ធំ​ជាងគេ​របស់​ចិន គឺ​ក្រុមហ៊ុន China Merchants Holdings។

ទោះ​យ៉ាងណា កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​តង់ហ្សានី ដោយ​ផ្អែកលើ​មូលហេតុ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ថា​ក្រុមហ៊ុន​ចិន គឺ​មិន​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ​ទេ។

កាលពី​សប្ដាហ៍​មុន របាយការណ៍​របស់​សារព័ត៌មាន CGTN ដែល​ជា​បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន បាន​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ទីក្រុង​ប៉េកាំង និង​តង់ហ្សានី ដែល​ថា​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង កំពុង​ទន្ទឹង​រង់ចាំ​សហប្រតិបត្តិការ​ជាមួយ​តង់ហ្សានី ក្រោម​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ និង​ពង្រីក​ទៅ​ក្នុង​វិស័យ​ចម្រុះ​ដូចជា៖

  • កសិកម្ម
  • ការ​ដឹកជញ្ជូន
  • ទូរគមនាគមន៍
  • ទេសចរណ៍
  • និង​ថាមពល។

លោក Darshana Baruah សមាជិក​នៃ​សមាគម​អាស៊ី​ខាងត្បូង​នៃ​កម្មវិធី Carnegie Endowment មាន​ប្រសាសន៍​ថា ចិន​បាន​សម្លឹង​មើល​ប្រទេស​តង់ហ្សានី នៃ​មហាសមុទ្រ​ឥណ្ឌា ក្នុង​យុទ្ធសាស្ត្រ​ថ្មី និង​សំខាន់​ជាង​ប្រទេស​នានា​ដែល​ស្ថិត​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​ទៅទៀត។ លោក​យល់​ឃើញ​ថា ប្រទេស​ជាច្រើន​មាន​ទំនោរ​ភ្លេច​ការពិត​ដែល​ថា​អាហ្វ្រិក គឺជា​ផ្នែក​មួយ​សំខាន់​នៃ​មហាសមុទ្រ​ឥណ្ឌា ដែល​លោក​ថា​បើ​គេ​និយាយ​ពី​មហាសមុទ្រ​ឥណ្ឌា គឺ​គេ​មិន​គិតតែ​ប្រទេស​ភូមា ស្រីលង្កា ម៉ាល់ឌីវ ឬ​ប៉ាគីស្ថាន នោះ​ទេ។

លោក​បន្ថែម​ថា បន្ទាប់ពី​គម្រោង​នៅ​ប្រទេស​ឌីជីប៊ូទី នៅ​ឆ្នាំ​២០១៧ គឺ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ចិន​ទី​២ គឺ​នៅ​តង់ហ្សានី នៃ​មហាសមុទ្រ​ឥណ្ឌា ដែល​អាច​ដោះស្រាយ​ការ​ពឹងផ្អែក​របស់​ចិន​ទៅលើ​ច្រក​ម៉ាឡាកា ដែល​ជា​ចំណុច​ប្រសព្វ​ដ៏​មមាញឹក​បំផុត​នៅ​លើ​ពិភពលោក។

លោក​បន្ត​ថា ទោះបីជា​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ច្រក​ម៉ាឡាកា​ក៏ដោយ ប្រសិនបើ​ចិន​មាន​មូលដ្ឋាន​ទ័ព​ជើងទឹក​ពីរ ឬ​ច្រើន​ទៀត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា គឺ​ចិន​នៅតែ​អាច​បន្ត​ប្រតិបត្តិការ​របស់​ពួកគេ​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា​បាន​ដោយ​សុវត្ថិភាព។

ជាង​នេះ​ទៅទៀត ការដែល​ចិន​ឈរ​ជើង​នៅ​នៅ​អាហ្វ្រិក​ខាងកើត ក៏​មាន​គុណសម្បត្តិ​ក្នុង​ករណី​ដែល​ព្រែកជីក​ស៊ុយអេ ប្រឈម​នឹង​បញ្ហា​ស្រដៀង​នឹង​ស្ថានការណ៍​ថ្មីៗ​នេះ​ដែល​នាវា​កុងតឺន័រ​មាន​ប្រវែង ៤០០​ម៉ែត្រ​បាន​បិទ​ព្រែកជីក​ស៊ុយអេ អស់​រយៈពេល​ជិត​មួយ​សប្តាហ៍។

ប៉ុន្មាន​ឆ្នាំ​មក​នេះ ចិន​បាន​ពង្រីក​ការ​ផ្ដោត​លើ​ដែនសមុទ្រ​របស់​ខ្លួន​ពី​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​ទៅ​មហាសមុទ្រ​ឥណ្ឌា ហើយ​មាន​តែ​ចិន​ទេ​ដែល​ជា​ប្រទេស​តែ​មួយ​គត់​បាន​បង្កើត​បេសកកម្ម​ការទូត​នៅ​ក្នុង​ប្រទេស​កោះ​ទាំង ៦ នៅ​មហាសមុទ្រ​ឥណ្ឌា។

យ៉ាងហោចណាស់ ៨០% នៃ​ការនាំចូល​ប្រេង​របស់​ចិន បាន​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា និង​ច្រក​ម៉ាឡាកា ហើយ​ប្រហែល ៩៥% នៃ​ពាណិជ្ជកម្ម​របស់​ចិន ជាមួយ​មជ្ឈិមបូព៌ា អាហ្វ្រិក និង​អឺរ៉ុប ហើយ​ក៏​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស