33 C
Phnom Penh

ក្រុម​អ្នក​សង្កេតការណ៍៖ រដ្ឋាភិបាល​កម្ពុជា​មាន​ចេតនា​លាក់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ក្បត់​ពលរដ្ឋ​ខ្លួនឯង​ដោយ​មាន​ចេតនា​លាក់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ដោយ​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ថ្លែង​ទាំង​ហូរ​ទឹកភ្នែក​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា ការ​រំលោភបំពាន​ព្រំដែន​កម្ពុជា​ពី​បរទេស​ឈ្លានពាន​មិន​អាច​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ប្រទេស​នោះ​ទេ ប៉ុន្តែ​ការ​បង្ហូរ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចូល​កម្ពុជា គឺជា​គ្រោះថ្នាក់​យ៉ាង​ធំធេង​ដែល​អាច​ឲ្យ​កម្ពុជា​បាត់​ឈ្មោះ​ពី​ផែនទី​ពិភពលោក​តែម្តង។

លោក គឹម សុខ សម្ដែង​ការ​ព្រួយបារម្ភ​ថា វិបត្តិ​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា គឺជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​កម្ពុជា ព្រោះ​ថា​ខ្មែរ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ជនជាតិ​ខ្មែរ​ផង នៅតែ​វៀតណាម​អាច​គ្រប់គ្រង​លើ​វិស័យ​យោធា វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​របស់​កម្ពុជា ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ចុះ​ទម្រាំ​តែ​យូរ​ឆ្នាំ​ទៅ ពលរដ្ឋ​វៀតណាម​ដែល​មាន​ប័ណ្ណ​រស់នៅ​ដោយ​ស្រប​ច្បាប់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ នោះ​ទឹកដី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ច្បាស់​ជា​វិនាស​ហិនហោច នឹង​ក្លាយ​ជា​ជន​អន្តោប្រវេសន៍​លើ​ទឹកដី​ខ្លួនឯង​មិនខាន។

លោក​បញ្ជាក់​ថា ដើម្បី​រក្សា​អធិបតេយ្យភាព​របស់​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​តែ​ជ្រើស​តែ​មួយ​គត់ គឺ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ត្បិត​ជនជាតិ​វៀតណាម​ខុសច្បាប់​ដែល​សុំ​សិទ្ធិ​រស់នៅ​កម្ពុជា​ទាំងនេះ មិនមែន​កំពុង​រស់នៅ​ប្រទេស​ណា​ផ្សេង​ទេ គឺ​កំពុងតែ​នៅ​លើ​ទឹកដី​កម្ពុជា​តែម្តង។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បណ្តែត​បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម​ខុសច្បាប់​រស់នៅ​លើ​ទឹកដី​កម្ពុជា​យ៉ាង​អណាធិបតេយ្យ ដោយ​មិន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ឬ​ច្បាប់​សញ្ជាតិ​លើ​ពួកគេ​នោះ​ទេ។

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក វូ ហ្វាងម៉ិញ បាន​ថ្លែង​អំណរគុណ​យ៉ាង​ខ្លាំង​ដល់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​របស់​កម្ពុជា លោក គៀត ច័ន្ទថារិទ្ធ ក្នុង​ការ​ធានា​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ប្រជាពលរដ្ឋ​ដើម​កំណើត​វៀតណាម ដែល​បាន​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ស្ថានទូត​វៀតណាម បញ្ជាក់​ថា ចំពោះ​ពលរដ្ឋ​វៀតណាម​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ជា ID ឬ​ជា​ប័ណ្ណ​សម្គាល់​ខ្លួន គឺ​ត្រូវ​មាន​សិទ្ធិ​ធ្វើ​ប្រតិបត្តិការ​ស៊ីវិល​ពេញលេញ ដូចជា​អាច​បើក​គណនី​នៅ​ធនាគារ អាច​ទទួល​ប័ណ្ណ​បើកបរ អាច​ចុះឈ្មោះ​កំណើត​សម្រាប់​ទារក អាច​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ អាច​ចុះបញ្ជី​មរណភាព អាច​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា​រដ្ឋ ជាដើម និង​អាច​មាន​សិទ្ធិ​ស្រប​ច្បាប់​ផ្សេង​ជាច្រើន​ទៀត​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៨៦ លោក ហ៊ុន សែន បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​អនុវត្ត​គោលនយោបាយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​បាន​ចូល​ទៅ​រស់នៅ​កម្ពុជា ដោយ​ផ្តល់​ដីធ្លី ទីជម្រក ឧបត្ថម្ភ ផ្តល់​អត្តសញ្ញាណប័ណ្ណ ថែរក្សា និង​ផ្គត់ផ្គង់ ជាដើម ទៅលើ​ជនជាតិ​វៀតណាម​ទាំងនោះ​ដោយ​យកចិត្ត​ទុកដាក់​ជាទីបំផុត ដែល​សារាចរ​នេះ​នៅតែ​មាន​សុពលភាព​រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយក​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើម​អម្ពិល ដែល​ស្និទ្ធ​នឹង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក សយ សុភាព ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​ស្រង់​ស្ថិតិ​ឲ្យ​បាន​លម្អិត​ចំពោះ​និគមជន​វៀតណាម ថា​តើ​ពួកគេ​ចូល​ស្រុក​ខ្មែរ​តាំងពី​ពេលណា និង​មាន​លិខិត​ឆ្លងដែន​ដែរ​ឬ​ទេ។

លោក​សង្កត់​ធ្ងន់​ថា ប្រទេស​ថៃ មិន​ដែល​ផ្តល់​សញ្ជាតិ​ឱ្យ​និគម​ជនជាតិ​វៀតណាម ឬ​ចិន នោះ​ទេ បើ​ទោះបីជា​ជនជាតិ​ទាំងនោះ​រស់នៅ​រាប់​សិប​ឆ្នាំ​រហូត​ដល់​ចាស់​ស្លាប់​ទៅវិញ​ក៏ដោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស