31 C
Phnom Penh

តើ​គណបក្ស​ដែល​ទើប​នឹង​បង្កើត​ថ្មី​ជា​ការរៀបចំ​របស់​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី មែន​ដែរ​ឬ​ទេ?

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង រិះគន់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ដែល​កើត​ចេញពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ផ្តល់​នូវ​មហា​សំណាង និង​ជួយ​សម្រេច​ផែនការ​កម្ទេច​អ្នក​ប្រជាធិបតេយ្យ និង​ស្មារតី​តស៊ូ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វា​ដូច​គ្នា​ទៅ​នឹង​សម្ដី​លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ថា លោក​នឹង​កម្ទេច​ចលនា​ប្រឆាំង​ឲ្យ​សាបសូន្យ​ដល់​ឫសគល់។

ការរិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​បាន​លាតត្រដាង​ពី​ផែនការ​នៃ​កា​របើក​គណបក្ស​បេះដូង​ជាតិ ដែល​មាន​ការ​ជ្រោមជ្រែង​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដើម្បី​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ ថា ការ​បង្កើត​បក្ស​បេះដូង​ជាតិ ដែល​លោក សម រង្ស៊ី កំពុង​ជួយ​ជ្រោមជ្រែង​ពី​ខាងក្រោយ គឺជា​ថ្នូរ​សម្រាប់​បន្ត​ជីវិត​នយោបាយ​ក្រុម​របស់​គាត់​ទៅ​ថ្ងៃមុខ​ប៉ុណ្ណោះ ហើយ​ការ​បង្កើត​គណបក្ស​នេះ នឹង​មិន​មាន​ឥទ្ធិពល​ប្រឆាំង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផែនការ​ក្តោបក្តាប់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ។

លោក​អះអាង​ថា គណបក្ស​បេះដូង​ជាតិ បាន​បង្កប់​នូវ​ភាព​អាថ៌កំបាំង​ស៊ី​ជម្រៅ​រវាង​ភាគី​លោក ហ៊ុន សែន និង​ភាគី​លោក សម រង្ស៊ី ហើយ​ក៏​ប្រហែលជា​ការ​ដោះដូរ​ផលប្រយោជន៍​នយោបាយ​ដ៏​ធំ​របស់​ពួកគេ​ផង​ដែរ។ ដោយឡែក​អ្នក​ដែល​បរាជ័យ​ពិតប្រាកដ​នោះ គឺ​ប្រជាជន​ខ្មែរ​ដែល​ជា​ជន​អ្នក​រងគ្រោះ​ក្នុង​នយោបាយ​ដោះដូរ​របស់​មេដឹកនាំ​ទាំងនោះ។

លោក ហ៊ុន កុសល បញ្ជាក់​ថា ដើម្បី​ចៀស​ពី​ការ​ចាញ់​ល្បែង​នយោបាយ​របស់​មេដឹកនាំ​កំពូលៗ គឺ​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​នាំ​ឲ្យ​បែកបាក់​កម្លាំង​ប្រឆាំង មាន​តែ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ដែល​អាច​ការពារ​កម្លាំង​រួបរួម​នេះ​បាន។ នោះ​គឺ​មានន័យ​ថា ពលរដ្ឋ​មិន​ត្រូវ​ងាករេ​ទៅតាម​ការបោកប្រាស់​របស់​ពួកគេ ប៉ុន្តែ​ត្រូវ​ឈរ​លើ​ស្មារតី​រួបរួម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក្សា​ជំហរ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​បន្ត​ទៀត។

គណបក្ស​បេះដូង​ជាតិ បាន​ស្នើសុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០២១។ យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​០៩ ខែ​មិថុនា កន្លងទៅ ក្រសួង​មហាផ្ទៃ បាន​ជូនដំណឹង​ទៅ​គណបក្ស​នេះ​ឲ្យ​រៀបចំ​សញ្ញា​សម្គាល់​របស់​គណបក្ស​ដោយ​អនុលោម​តាម​ការកំណត់​នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​ថា លោក​ទទួល​បាន​ព័ត៌មាន​គួរ​ឲ្យ​ទុកចិត្ត​បាន​ពី​ប្រទេស​បារាំង ថា​អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី គឺជា​ខ្នង​បង្អែក​យ៉ាង​ធំ​នៃ​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​នេះ។

លោក​អះអាង​ថា ការ​បង្កើត​គណបក្ស​នេះ​ដែល​មាន​លោក ថាច់ សេដ្ឋា ជា​អ្នក​ដើរ​បញ្ចុះបញ្ចូល​សកម្មជន​នៅ​មូលដ្ឋាន មិន​ត្រូវ​បាន​បណ្ដាញ​របស់​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី តាម​ជេរ​បញ្ចោរ​នោះ​ឡើយ។

តែ​ផ្ទុយទៅវិញ ក្រុម​នោះ​តែង​ជេរ​បញ្ចោរ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ភាគី​លោក កឹម សុខា មួយ​ចំនួន រួម​ទាំង​ប្រធាន​បក្ស​នេះ​ផង​ដែរ​ថា ពួកគេ​ចេញ​ទៅ​បង្កើត​បក្ស​ថ្មីៗ​នោះ គឺ​ដោយសារ​មាន​លោក កឹម សុខា ជា​មេ​គំនិត​នៅ​ពីក្រោយ ហើយ​ការ​បង្កើត​បក្ស​នោះ គឺជា​ទង្វើ​ក្បត់​ឆន្ទៈ​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំងស្រុង។

លោក មុត ចន្ថា បញ្ជាក់​ថា ស្នាម​មេដៃ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ចំនួន ៨០​នាក់​ដែល​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ចុះបញ្ជី​បង្កើត​គណបក្ស​នយោបាយ​នេះ គឺ​សុទ្ធសឹងតែ​ជា​សមាសភាព​នៃ​អតីត​អ្នក​នយោបាយ​មិន​ជាប់​បម្រាម​តុលាការ ហើយ​ពួកគេ​សុទ្ធសឹងតែ​ជា​មន្ត្រី​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ទាំងអស់។

ចំណែក​សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា លោក កឹម សុខា មិន​គាំទ្រ​នូវ​ការ​បង្កើត​បក្ស​នយោបាយ​ថ្មី​នៃ​ក្រុម​ណាមួយ​ឡើយ ហើយ​ក៏​មិន​នៅ​ពីក្រោយ​ខ្នង​នៃ​ក្រុម​នោះ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​មួយ​ចំនួន​ដែល​កំពុង​រៀបចំ​បង្កើត​គណបក្ស​នយោបាយ​ថ្មី បាន​ប្រាប់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន ដូចជា​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយមានជ័យ ជាដើម​ថា បក្ស​របស់​ពួកគេ គឺ​មាន​លោក កឹម សុខា អនុញ្ញាត​ឲ្យ​បង្កើត ហើយ​គាត់​នៅ​ចាំ​ជួយ​ពីក្រោយ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មក​ទល់​នឹង​ពេលនេះ មន្ត្រី​បក្ស​ប្រឆាំង​ហាក់​អស់​សង្ឃឹម​នឹង​ការ​រស់​ឡើងវិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តទៅទៀត​ហើយ ព្រោះ​ថា​ពួកគេ​បាន​នាំគ្នា​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ព្រោងព្រាត ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី ដែល​ទើប​នឹង​ចូល​ស្រុក​កាលពី​ពេល​ថ្មីៗ​នេះ គឺ​អ្នកស្រី ថាក់ ឡានី ក៏​ត្រូវ​ព្រះមហាក្សត្រ​តែងតាំង​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស