29 C
Phnom Penh

ក្រុម​បញ្ញវន្ត៖ ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម ជា​ហានិភ័យ​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជាទូទៅ មេដឹកនាំ​វៀតណាម តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្ដល់​សញ្ជាតិ​ដល់​ប្រជាជន​របស់​ខ្លួន​រាល់​ពេល​ដែល​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កម្ពុជា ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រួម​ទាំង​ប្រធាន​រដ្ឋសភា​ជាដើម។ ករណី​នេះ ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ឡើយ ព្រោះ​ការ​ផ្ដល់​ភាព​ស្របច្បាប់​នេះ ជា​ហានិភ័យ​សម្រាប់​ប្រទេស​កម្ពុជា។

ក្រុម​បញ្ញវន្ត​ខ្មែរ​លើកឡើង​ថា ការ​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ដែល​មាន​ប្រទេស​ជាប់​គ្នា​នោះ វា​ជា​ហានិភ័យ​សម្រាប់​ប្រទេស។ ករណី​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​អនុវត្ត​តាម​ច្បាប់ ដោយ​បញ្ជូន​ជនជាតិ​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ទាំងអស់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

ការ​លើកឡើង​របស់​ក្រុម​បញ្ញវន្ត​ខ្មែរ បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son ស្នើ​មក​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ធានា​អត្ថប្រយោជន៍​សុខុមាលភាព និង​បន្ត​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

បើ​តាម​បណ្ដាញ​ព័ត៌មាន​វៀតណាម vietnam plus ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son បាន​សុំ​ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ឱ្យ​ធានា​អត្ថប្រយោជន៍ សុខុមាលភាព និង​បន្ត​ដោះស្រាយ​ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម។

ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son ធ្វើឡើង​ក្នុង​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន-ចិន​ពិសេស និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អំពី​កិច្ចសហប្រតិបត្តិការ Lancang-មេគង្គ លើក​ទី​៦ នៅ​ទីក្រុង Chongqing ប្រទេស​ចិន កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ ខែ​មិថុនា។

យ៉ាងណា​ក៏​សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក Bui Thanh Son នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អភិបាល​រាជធានី​ភ្នំពេញ​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​២ ខែ​មិថុនា ដោយ​ទុក​រយៈពេល ១ សប្ដាហ៍​ឱ្យ​ម្ចាស់​បែចិញ្ចឹមត្រី ផ្ទះ​បណ្ដែតទឹក និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ រុះរើ​សំណង់​របស់​ខ្លួន​ចេញពី​តំបន់​នោះ​ឱ្យ​អស់ បើ​ពុំនោះទេ​នឹង​ប្រឈម​ផ្លូវ​ច្បាប់។

ក្រោយ​ពី​មាន​សេចក្ដី​ជូនដំណឹង​នេះ ប្រជាពលរដ្ឋ​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នៅ​ទន្លេ​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ដោយ​ថា​ការ​ទុក​រយៈពេល ១​សប្ដាហ៍​ដែល​អាជ្ញាធរ​ឱ្យ​ពួកគេ​រុះរើ​នោះ​តិច​ពេក ដែល​ធ្វើ​ឱ្យ​ពួកគេ​រៀបចំ​មិនទាន់ ខណៈ​ប្រធាន​សហគមន៍​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រក​ទីតាំង​ថ្មី​ឱ្យ​ប្រជាជន​ខ្លួន​រស់នៅ។

ការ​ទាមទារ​របស់​វៀតណាម បាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ដី​ចំនួន ៤០​ហិកតារ​ឱ្យ​ប្រជាជន​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែតទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង កាលពី​ឆ្នាំ​២០១៨ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​តម្រូវ​ឱ្យ​ជនជាតិ​វៀតណាម​ផ្លាស់​ទីតាំង​ពី​ការរស់នៅ​លើ​ផ្ទៃ​ទឹក មក​ស្នាក់​នៅ​លើ​គោក​វិញ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល ប្រាប់​សារព័ត៌មាន The Cambodia Daily ថា វិធានការ​របស់​លោក ហ៊ុន សែន ធ្វើឡើង​ដោយ​មិន​សប្បាយ​ចិត្ត​ពេល​នាយករដ្ឋមន្ត្រី​វៀតណាម​ថ្មី ដែល​បាន​ណែនាំ​លោក​ជា​សាធារណៈ ដើម្បី​ឱ្យ​ជួយ​មើល​ថែទាំ និង​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ជូន​ជនជាតិ​វៀតណាម​នៅ​កម្ពុជា ករណី​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្នែក​នយោបាយ​យ៉ាង​ខ្លាំង​ដល់​លោក ហ៊ុន សែន ព្រោះ​លោក​កំពុង​ទទួល​រង​ការ​ចោទ​ប្រកាន់​នានា​ពី​ពលរដ្ឋ​ខ្មែរ ថា​ជា​អាយ៉ង​របស់​យួន។

ប៉ុន្តែ​លោក​ថា ចំណាត់ការ​បន្ទាន់​បែប​នេះ ធ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​មាន​គោលការណ៍​ជាក់លាក់​ក្នុង​ការ​បញ្ជូន​ពលរដ្ឋ​វៀតណាម​ដែល​មក​រស់នៅ​កម្ពុជា​ទាំង​ខុសច្បាប់​នេះ ត្រឡប់​ទៅ​វៀតណាម​វិញ​ឡើយ។

ទោះជាយ៉ាងណា លោក ទូច វិបុល ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​ទាំងនោះ​ទៅ​ប្រទេស​ខ្លួន​វិញ ដោយ​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា និង​គោរព​គោលការណ៍​សកល​ស្ដីពី​សិទ្ធិមនុស្ស។

ចំណែក​អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា​វៀតណាម​កំពុង​ប្រើ​ល្បិច​ដោយ​ខ្ចី​ដៃ​រដ្ឋ​អំណាច​រាជធានី​ភ្នំពេញ បំផុស​ស្ថានការណ៍​រើ​វៀតណាម​ចេញពី​ទឹក​នេះ គ្រាន់តែ​បំផុស​ចោល​ដើម្បី​វៀតណាម​បង្កើត​ព្រឹត្តិការណ៍​អុកឡុក ហើយ​ប្រើ​គ្រប់​បណ្ដាញ​របស់​ពួកគេ កកូរ និង​សង្កត់​ក្រុម​លោក ហ៊ុន សែន មិន​ឱ្យ​វិល​ទៅ​កាន់​ការ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ក្រោយ​ពី​មាន​ជំនួប​លោកស្រី Wendy-លោក ហ៊ុន សែន។

ការប្រើប្រាស់​ល្បិច​បែប​នេះ ដោយសារ​វៀតណាម​បារម្ភ​ខ្លាំង​ណាស់ ដោយ​ខ្លាច​កម្ពុជា​អាច​វិវឌ្ឍ​ទៅ​កាន់​ពន្លឺ​ប្រជាធិបតេយ្យ ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ផង និង​ល្អ​ជាមួយ​ចិន​ផង ពីព្រោះ​បើ​កម្ពុជា​អាច​ស្ថាបនា​ទំនាក់ទំនង​ប្រសើរ​ជាមួយ​ចិន និង​អាមេរិក​ក្នុង​ពេល​តែមួយ នឹង​ធ្វើ​ឱ្យ​យួន​បាត់​ឥទ្ធិពល​លើ​កម្ពុជា​បន្តិច​ម្ដងៗ ដែល​ធ្វើ​ឲ្យ​យួន​ខាត​ប្រយោជន៍​ធំ​ធ្លាប់​ប្រមូល​ពី​កម្ពុជា ហើយ​វៀតណាម​ភ័យ​អំពី​ការ​ប៉ះពាល់​ដល់​ផែនការ​នៃ​មហិច្ឆតា​យូរអង្វែង​ក្នុង​ការ​លេប​យក​ប្រទេស​កម្ពុជា។

ករណី​នេះ លោក គឹម សុខ ថា​វៀតណាម​ទំនង​ជា​អុកឡុក​គ្រប់​មធ្យោបាយ ដោយ​មិន​ឱ្យ​កម្ពុជា​ស្គាល់​ប្រជាធិបតេយ្យ មិន​ឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន និង​អាមេរិក​ព្រមគ្នា​នោះ​ទេ ដើម្បី​ទាញ​ឱ្យ​កម្ពុជា​កាន់តែ​ខ្សោយ ស្រួល​វៀតណាម​លេប​យក ខណៈ​ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ទ្រឹង ម៉ាន់រិន លើកឡើង​ក្នុង​កម្មវិធី Idea Talk The Cambodia Daily ថា វៀតណាម​ចិញ្ចឹម​ចិត្ត​ឈ្លានពាន​កម្ពុជា​តាំងពី​ដើម​មក​រហូត​ដល់​បច្ចុប្បន្ន ប៉ុន្តែ​កម្ពុជា​មិន​ចងចាំ​ករណី​នេះ បាន​ធ្វើ​ឱ្យ​វៀតណាម​យក​ទឹកដី​កម្ពុជា ដូចជា​ព្រៃនគរ កម្ពុជាក្រោម កោះត្រល់ ជាដើម។

លោក​បញ្ជាក់​ថា វៀតណាម​ឈ្លានពាន​ទឹកដី​កម្ពុជា​ភាគច្រើន​នៅ​ពេល​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ផ្ទៃក្នុង ហើយ​កា​រហូរ​ចូល​ជនជាតិ​វៀតណាម​មក​ខ្មែរ​នេះ ដោយសារ​មេដឹកនាំ​កម្ពុជា មិន​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ផ្ទុយពី​រដ្ឋាភិបាល​វៀតណាម​មិន​លើកលែង និង​យោគយល់​ឡើយ ជាក់ស្ដែង​សូម្បី​តែ​ពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម វៀតណាម​តែងតែ​ធ្វើ​ទុក្ខបុកម្នេញ​រហូត​មកដល់​បច្ចុប្បន្ន។

ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២០ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បាន​លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០២០ មាន​ជនបរទេស​ប្រមាណ​ជា ១៦​ម៉ឺន​នាក់ បាន​ចុះបញ្ជី​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដើម្បី​សុំ​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​បំភ្លឺ​របស់​ក្រសួង​មហាផ្ទៃ ឱ្យ​ដឹង​ថា កំណែ​ទម្រង់​ដែល​បាន​បិទ​បញ្ជី​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ ក្រសួង​បាន​ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនបរទេស​រស់នៅ​កម្ពុជា​ជិត ៧​ម៉ឺន​នាក់ (៦៩៩៥៧​នាក់) ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម ខណៈ​ជិត ៩​ម៉ឺន​នាក់ (៨៩៧៨៦​នាក់) កំពុង​រស់នៅ​កម្ពុជា​ដោយ​មាន​ប័ណ្ណ​ស្នាក់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍ ដែល​ក្នុង​នោះ​ស្ទើរតែ​ទាំងអស់​ជា​ជនជាតិ​វៀតណាម។

ប្រធាន​បណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច ធ្លាប់​លើកឡើង​ថា ការ​ផ្ដល់​សញ្ជាតិ​ដល់​ជន​អន្តោប្រវេសន៍​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នេះ នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​ខ្លាំង។

លោក​បាន​ដាក់​ជា​សំណួរ​ថា «តើ​មាន​ប្រទេស​ណាមួយ​ដែល​នៅ​ជិតខាង​គ្នា ហើយ​ឱ្យ​សញ្ជាតិ​នោះ? កន្លែង​ហ្នឹង តើ​វៀតណាម​សុំ​កម្ពុជា ចង់​បាន​កម្ពុជា​ក្នុង​ចំណុច​ទាល់ ចំណុច​ទាល់​បើ​ទិដ្ឋភាព​នយោបាយ ព្រោះ​មិន​អាច​ទេ គ្មាន​រឿង​ប្រទេស​ណាមួយ​ដែល​នៅ​ជិត​គ្នា ហើយ​រួច​ដាក់​ឱ្យ​ចូល​សញ្ជាតិ មក​នៅ​ហើយ​បាន​សញ្ជាតិ វា​អត់​ដែល​មាន​ទេ»

លោក សុខ ទូច បន្ត​ថា បើ​មាន​សញ្ជាតិ គឺ​មាន​សិទ្ធិ​អ្វីៗ​ទាំងអស់ មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា មាន​សិទ្ធិ​ទិញ​ដី មាន​សិទ្ធិ​បោះឆ្នោត។ តើ​ក្រុម​ហ្នឹង​នឹង​ក្លាយ​ទៅជា​អ្វី​នៅ​ថ្ងៃ​អនាគត ជា​ម្ចាស់​ជោគវាសនា​ប្រទេស​ជាតិ?

ករណី​នេះ លោក សុខ ទូច ថា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ជូន​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ដើម​វិញ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ពួកគេ​រស់នៅ​ប្រទេស​កម្ពុជា​ទាំង​ខុសច្បាប់​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស