31 C
Phnom Penh

លោក កឹម សុខា ថា​ប្រទេស​ប្រជាធិបតេយ្យ​នៅតែ​បន្ត​ផ្តល់​តម្លៃ​ឲ្យ​រូប​លោក ទោះ​លោក​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព អះអាង​ថា ប្រមុខ​ការទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ នៅតែ​ផ្តល់​តម្លៃ​ឲ្យ​រូប​លោក បើ​ទោះបីជា​រូប​លោក​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​នយោបាយ​ក្តី។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង ប្រចាំ​នៅ​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា បាន​សរសេរ​នៅ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា នេះ​ថា ប្រទេស​ប្រជាធិបតេយ្យ​ដែល​ជា​មិត្ត​របស់​កម្ពុជា នៅតែ​ផ្តល់​តម្លៃ​ដល់​រូប​លោក និង​នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ជានិច្ច។ លោក​អះអាង​ថា ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង ប្រចាំ​នៅ​កម្ពុជា បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅវិញ​ទៅមក និង​ពិភាក្សា​គ្នា​លើ​កិច្ចការ​មួយ​ចំនួន​ជុំវិញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​សហគមន៍​អឺរ៉ុប​ផង​ដែរ មុន​នឹង​ឯកអគ្គរដ្ឋទូត​រូប​នេះ​ត្រូវ​បញ្ចប់​អាណត្តិ​នៅ​កម្ពុជា និង​វិល​ទៅ​ប្រទេស​បារាំង វិញ​នៅ​ចុង​ខែ​មិថុនា នេះ។

លោក កឹម សុខា បញ្ជាក់​ថា លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហា​អំណាច​ប្រជាធិបតេយ្យ​ធំៗ​នៃ​សហភាព​អឺរ៉ុប ជាបន្តបន្ទាប់ ដូចជា​អាល្លឺម៉ង់ និង​បារាំង ជាដើម ក្រោយ​ពី​ជំនួប​របស់​លោក​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក កាលពី​ដើម​ខែ​មិថុនា នេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ១​ថ្ងៃ កាលពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១ អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy Sherman បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ភាព​ចាំបាច់​នៅ​អាស៊ាន​ក្នុង​ការ​រក​ដំណោះស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី និង​តំបន់ នៅ​ពេល​បច្ចុប្បន្ន​នេះ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ អ្នកស្រី​បាន​ទៅ​ជួប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ផង​ដែរ បន្ទាប់ពី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​របស់​លោក ហ៊ុន សែន ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​លោក​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទល្មើស​ណាមួយ​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប់ប្លូ កាំង បាន​អះអាង​ថា លោក​នឹង​បន្ត​ធ្វើការ​តស៊ូ​មតិ​ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រកប​ដោយ​តម្លាភាព​លើ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស