38.1 C
Phnom Penh

ភាគ​៩៖ តើ​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រកស៊ី​បន្លំ​ភ្នែក និង​គេច​ពន្ធ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ងារ​ជា​ឧកញ៉ា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​ដល់​ពាណិជ្ជករ ឈ្មួញ នាយទុន ហើយ​ក្លាយ​ជា​អ្នក​រកស៊ី​ខុសច្បាប់ ធ្វើ​ឲ្យ​ខូច​តម្លៃ កិត្តិយស ងារ​ដ៏បវរ​នេះ​ក្នុង​វប្បធម៌​ប្រពៃណី​ខ្មែរ។

តើ​មាន​ឧកញ៉ា​ណា​ខ្លះ​ជិតស្និទ្ធ​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​រកស៊ី​បន្លំ​ភ្នែក និង​គេច​ពន្ធ?

សេដ្ឋី​ស្រុក​ខ្មែរ​មាន​ងារ​ឧកញ៉ា​ចំនួន​៨​ហើយ យើង​បាន​ផ្សាយ​ជូន​ជ្រាប​អំពី​មុខរបរ​រកស៊ី​ដែល​មិនសូវ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។ ឧកញ៉ា​ទី​៩ ដែល​អះអាង​ថា​ចេញ​ពី​របប​ខ្មែរក្រហម​មក​បាតដៃ​ទទេ ហើយ​មក​កសាង​មុខរបរ​ក្លាយ​ជា​អាណាចក្រ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​កងទ័ព​ក្រុង​ហាណូយ​ត្រួតត្រា គឺ​សេដ្ឋិនី​ឧកញ៉ា លឹម ឈីវហូរ។

ឧកញ៉ា លឹម ឈីវហូរ គេ​ដាក់​រហស្សនាម​ឲ្យ​ក្នុង​សេចក្តី​រាយការណ៍​ពី​ស្ថានទូត​ស.រ.អា ប្រចាំ​ប្រទេស​កម្ពុជា​ថា មេ​ឆ្មាំ​សោ​ទ្វារ ឬ​មេ​ឆ្មាំ​ចាំ​ទ្វារ The Gatekeeper។ នេះ​មាន​ន័យ​ថា អ្នក​រកស៊ី​មក​ពី​ខាងណា ចង់​ជួប​អ្នកណា ត្រូវ​ចូល​តាមរយៈ​ឧកញ៉ា លឹម ឈីវហូរ។

តាម​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន Southeast Asia Globe ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អ្នកស្រី លឹម ឈីវហូរ ប្រាប់​កាសែត​ថា អ្នកស្រី​កើត​នៅ​ខេត្ត​ព្រះសីហនុ ខែ​តុលា ឆ្នាំ​១៩៦១។ ពេល​ខ្មែរក្រហម​បាន​ជ័យជម្នះ​នៅ​ឆ្នាំ​១៩៧៥ គេ​បាន​យក​អ្នកស្រី​គ្រា​នោះ​វ័យ​ប្រមាណ ១៤​ឆ្នាំ ទៅ​ដាក់​ក្នុង​ជំរំ​ឃុំគ្រង​ជាមួយ ឬ​កងកុមារ​ចំនួន ២៧៥​នាក់ ហើយ​ថា​ក្រោយមក​ស្លាប់​សឹងតែ​អស់ នៅសល់​តែ​អ្នកស្រី និង​កុមារ ៤​នាក់​ទៀត​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ដើម​ទសវត្ស​១៩៦០ គ្មាន​ទេ​ខេត្ត​ព្រះសីហនុ មាន​តែ​ក្រុង​ព្រះសីហនុ។ អ្នកស្រី លឹម ឈីវហូរ បាន​ទទួល​ងារ​ឧកញ៉ា​លំដាប់​ទី​២១០ តាម​ព្រះរាជក្រឹត្យ​លេខ​០១០៦/០៤២ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០០៦។

ឧកញ៉ា លឹម ឈីវហូរ ជា​មនុស្ស​ជំនិត​នឹង​គ្រួសារ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ដន្លង​នឹង​ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ ព្រោះ​កូនស្រី​ឧកញ៉ា លឹម ឈីវហូរ រៀបការ​នឹង​កូនប្រុស​ឧកញ៉ា ជឹង សុភាព។

ក្នុង​អាជីវកម្ម ឧកញ៉ា លឹម ឈីវហូរ មាន​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ (Attwood Import Export Co.) ដែល​អ្នកស្រី​ជា​នាយិកា​ចាត់ចែង​មានដៃ​គូ​ហ៊ុន​ប្រមាណ ១​លាន​ដុល្លារ​ពី​ឧកញ៉ា ទេព បុប្ផាប្រសិទ្ធ ដៃគូ​ហ៊ុន​ជាមួយ​ឧកញ៉ា ស៊ាន លាងឈុន ហៅ​យាយ​ឈុន ឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ ហើយ​និង​ភរិយា​មេគយ ប៉ែន ស៊ីម៉ន អ្នកស្រី ងិន ស៊ុនសុភាព។

ក្នុង​សេចក្តី​រាយការណ៍​អង្គការ Global Witness ឆ្នាំ​២០០៧ ក្រុមហ៊ុន​របស់​ឧកញ៉ា លឹម ឈីវហូរ រកស៊ី​ប្រទាក់​ក្រឡា​ដូច​ពីងពាង​ខាង​ដឹក​ឈើ លក់​ឈើ​ជាមួយ​អង្គភាព​កងពល​តូច​លេខ​៧០ ដែល​មាន​ដៃគូ​ឈ្មោះ សៀម ទូច ម្រាក់​របស់​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ជា​ភរិយា​ឈ្មោះ ហាក់ ឡេង ដៃគូ​ឈ្មោះ ខៃ ណារិន ព្រមទាំង​អ្នកស្រី សុខ កែវ ភរិយា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាន់ សារុន។

ឈ្មោះ​ជា​ក្រុមហ៊ុន​នាំចូល​នាំចេញ អាត់វោដ អាហរ័ណ នីហរ័ណ អ្នកស្រី លឹម ឈីវហូរ នាំ​ផលិតផល​គ្រឿងស្រវឹង​ជា​ច្រើន​មុខ ជា​អ្នក​ចែកចាយ​ផ្លូវការ​នូវ​ស្រា​ហិនណេស៊ី គោញ៉ាក់ (Hennessy Cognac) ស្រា​វីស្គី Johnnie Walker ប៊ីយែរ៍​ហូឡង់ដ៍ Heineken និង​ប៊ីយែរ៍​ម៉ិកហ្សិក កូរ៉ូណា (Corona) ក្នុង​ឆ្នាំ​២០១៥។

ច្រើន​ឆ្នាំ​ក្រោយ​មក ឧកញ៉ា លឹម ឈីវហូរ ពង្រីក​មុខរបរ​ទៅ​ខាង​សណ្ឋាគារ អចលនទ្រព្យ និង​តំបន់​សេដ្ឋកិច្ច​ពិសេស (special economic zone) នៅ​ជិត​ក្រុង​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​តំបន់​ជាប់​ព្រំដែន​យៀកណាម មាន​បាវិត ខេត្ត​ស្វាយរៀង ជាដើម។ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ក្រុមហ៊ុន​បរទេស ជាពិសេស​ក្រុមហ៊ុន​ជប៉ុន Zephyr ដាក់​ហ៊ុន​ជាមួយ​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ពី​ក្រៅ ដោយ​ឲ្យ​រួច​ពន្ធ ៩​ឆ្នាំ​ដំបូង​ក្រោយ​ពី​ដាក់​ទុន​រកស៊ី។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក មាន​ក្រុមហ៊ុន​ចំនួន​៨៨ រកស៊ី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស។ ឆ្នាំ​២០១៧ ឧកញ៉ា លឹម ឈីវហូរ ដាក់​ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ប្រទេស​ថៃឡង់ដ៍។ ក្រុមហ៊ុន អាត់វោដ បើក​សាខា​នៅ​ប្រទេស​លាវ ក្នុង​ឆ្នាំ​២០១១។ ក្រៅពី​ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រង​ក្រុមហ៊ុន​សំណង់ LCH Construction Co. ជាមួយ​ឈ្មោះ លឹម មុយគីម តាន់ កាក់ឃុន និង តាន់ សឿនមួយ។

ក្នុង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស ឧកញ៉ា លឹម ឈីវហូរ គ្រប់គ្រង​ជាមួយ​ឈ្មោះ តាន់ សឿនមួយ តាន់ កាក់ឃុន ហែម សូវ៉ាត និង​ភាគី​ជប៉ុន​ឈ្មោះ ហ៊ីរ៉ូស្ហ៊ី អុតស៊ូបូ អ៊ីរ៉ូស្ហ៊ី អ៊ូម៉ាតស៊ូកិនជី តូយ៉ូតា និង វ៉ី ហ្គិះកាង។ ដី​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ទំហំ​ជិត ៥០០​ហិកតារ តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​ពី ៨០ ទៅ ៩០​ដុល្លារ។ តម្លៃ​នេះ តាម​ការពិនិត្យ គឺ​ទិញ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ស្រែ​ចម្ការ។

ឧកញ៉ា លឹម ឈីវហូរ ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ជា​សមាជិក​ក្រុម​អភិបាល​កាកបាទក្រហម​កម្ពុជា និង​ជា​អ្នក​រៃអង្គាស​បច្ច័យ​ឲ្យ​កាកបាទក្រហម​កម្ពុជា។

ឧកញ៉ា លឹម ឈីវហូរ រស់នៅ​ក្នុង​អគារ​ដូច​ប្រាសាទ​មួយ​កម្ពស់ ៨​ជាន់ ស្ថិត​មិន​ឆ្ងាយ​ពី​សណ្ឋាគារ Inter-continental របស់​អតីត​ឧកញ៉ា ថេង ប៊ុនម៉ា ថៅកែ​ក្រុមហ៊ុន ថៃ ប៊ុនរូង នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​អាង​ហែលទឹក និង​សួនច្បារ​លើ​ដំបូល ហាង​កាត់សក់ ធ្វើ​សក់ និង​ក្រចក​ដៃ​ជើង មិន​បាច់​ចេញ​ទៅ​ក្រៅ​ឆ្ងាយ។ នៅ​ឆ្នាំ​១៩៩០ អ្នកស្រី លឹម ឈីវហូរ ជួល​ផ្ទះ​ឲ្យ​យក​ធ្វើ​ជា​ស្ថានទូត ស.រ.អា តម្លៃ​មួយ​ខែ ៦​ពាន់​ដុល្លារ​រហូត​ដល់​ឆ្នាំ​២០០៥។

អង្គការ Global Witness ស៊ើប​អង្កេត​ឃើញ​ថា នៅ​ឆ្នាំ​២០០៥ ក្រុមហ៊ុន អាត់វោដ អាហរ័ណ នីហរ័ណ នាំចូល​ស្រា Hennessy Cognac រួច​ប្រើ​អង្គភាព​កងពល​តូច​លេខ​៧០ ដឹក​ចេញ​ពី​កំពង់ផែ​ឧកញ៉ា ម៉ុង ទៅកាន់​សណ្ឋាគារ Inter-continental ចំនួន ៦​ម៉ឺន​ដប ដោយ​ឲ្យ​លុយ​ឈ្មោះ ហាក់ ម៉ៅ ចំនួន ១​សែន​ដុល្លារ។

នៅ​ឆ្នាំ​២០០៦ គេ​រក​ឃើញ​ថា សណ្ឋាគារ​នោះ​ស្តុក​ស្រា​ម៉ាក Hennessy Paradis ចំណុះ​មួយ​ដប ៧០​សង់ទីលីត្រ​មាន​តម្លៃ ៩៨០​ដុល្លារ។ គេ​ប៉ាន់ស្មាន​ថា បើ​លក់រាយ​នៅ​តាម​សណ្ឋាគារ ៦​ម៉ឺន​ដប មាន​តម្លៃ​ជិត ៦​លាន​ដុល្លារ។ គេ​សន្មត​ថា នេះ​ជា​របៀប​រត់​គេច​ពន្ធ​ក្នុង​របរ​នាំចូល​ស្រា​ថ្លៃ​ពី​បរទេស។ តាម​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន​ក្នុង​ស្រុក ឧកញ៉ា លឹម ឈីវហូរ ជា​សេដ្ឋិនី​លំដាប់​ទី​៤ ក្នុង​ឆ្នាំ​២០១៩ តាម​ទំហំ​មុខរបរ និង​ទឹកប្រាក់។

សប្តាហ៍​ក្រោយ សូម​ជូន​ភាគ​បញ្ចប់ ឧកញ៉ា​ទី​១០ ដែល​មាន​រហស្សនាម​ថា អ្នក​រកឃើញ​ឃ្លាំង​ដាក់​ប្រាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស