28 C
Phnom Penh

តើ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​ត្រូវ​បាត់​ឈឹង​ដោយ​គ្មាន​ការ​បកស្រាយ​ឬ​យ៉ាងណា?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ដែល​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើងវិញ​ផ្សេងទៀត​ចេញ​មុខ​មក​បញ្ជាក់​ជា​សាធារណៈ​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​ដែល​បាន​បាត់​ពី​គណនេយ្យ​ធនាគារ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ សុចរិត​ភាព និង​តម្លាភាព​របស់​ខ្លួន។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅកាន់​អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម អតីត​អភិបាល​រង​នៃ​គណៈអភិបាល​ក្រុម​តំណាង​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទរ័ត្ន និង​អតីត​អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ឲ្យ​បញ្ជាក់​ពី​បញ្ហា​ដែល​បណ្តាល​ឲ្យ​បាត់​លុយ​មូលនិធិ​ជាង ៧០​ម៉ឺន​ដុល្លារ ដើម្បី​ជម្រះ​មន្ទិល​អ្នកគាំទ្រ​ដែល​បាន​ចូលរួម​ថវិកា​ទាំងនេះ។

លោក​បាន​ចោទ​ជា​សំណួរ​ថា ក្នុង​នាម​លោក ប៉ុល ហំម លោក អ៊ូ ចន្ទរ័ត្ន និង​លោក ម៉ៅ មុនីវណ្ណ ជា​គណៈកម្មាធិការ​ជាន់ខ្ពស់​គណបក្ស តើ​ពួកគេ​បាន​អនុម័ត​ឲ្យ​មន្ត្រី​ណា​ម្នាក់​របស់​គណបក្ស​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ធនាគារ ដូចជា​មូលប្បទានប័ត្រ ឬ «cheque» ជាដើម ដើម្បី​ដាក់ និង​ដកប្រាក់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ និង​ថវិកា​របស់​គណបក្ស​ដែរ​ឬ​ទេ?

លោក​បញ្ជាក់​ថា បើសិនជា​លោក​ទាំង​បី​នាក់​មិន​ដឹង​ថា​មាន​គេ​ទៅ​ដកប្រាក់​ទាំងអស់​ចេញ​ពី​គណនេយ្យ​ធនាគារ តើ​ពួកគេ​ធ្លាប់​បាន​សួរ​ដេញដោល​អំពី​ថវិកា​ទាំងនេះ​ដែរ​ទេ​ក្នុង​រយៈពេល​ជិត ៦​ឆ្នាំ​មក​នេះ​ហើយ បើ​បាន​សួរ តើ​សួរ​អ្នក​ណា និង​តាម​វិធី​ណា​ដែរ?

លោក មុត ចន្ថា ក៏​បាន​ជំរុញ​ឲ្យ​លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ជាដាច់ខាត​ផង​ដែរ​ចំពោះ​ថវិកា​ទ្រទ្រង់​គណបក្ស​ថ្មី​របស់​លោក គឺ​គណបក្ស​កែ​ទម្រង់​កម្ពុជា ថា​លុយ​ទ្រទ្រង់​បក្ស​នេះ​បាន​មក​ពី​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ដែរ​ឬ​ក៏​អត់?

ក្នុង​នោះ​ក៏​មាន​ទាំង​លោក ប៉ុល ហំម ផង​ដែរ ដែល​បាន​ប្រកាស​ថា​នឹង​ទៅ​ចូលរួម​ដឹកនាំ​គណបក្ស​កែ​ទម្រង់​កម្ពុជា​នេះ ដើម្បី​ជា​ការ​ទទួល​ខុសត្រូវ​ចំពោះ​ម្ចាស់​មូលនិធិ​ដែល​បាន​ឧបត្ថម្ភ​កន្លង​មក។

ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​មូលនិធិ​ព្រះអាទិត្យ​នេះ ធ្វើឡើង​បន្ទាប់ពី​ថវិកា​នេះ​បាន​បាត់​ពី​គណនេយ្យ​ធនាគារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​នាំគ្នា​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​ទៅមក ប៉ុន្តែ​ពួកគេ​មិន​បាន​បង្ហាញ​ភស្តុតាង​លើ​បញ្ហា​រៀងៗ​ខ្លួន។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​កាលពី​ឆ្នាំ​២០១៥ ប្រមូល​ជំនួយ​ពី​សាធារណជន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ឬ SUN TV។ ក្នុង​យុទ្ធការ​នោះ គណបក្ស​ប្រឆាំង​ទទួល​បាន​ប្រាក់​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​រស់នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ លុយ​ដែល​រៃអង្គាស​បាន​ទាំងនោះ​បាន​បាត់​ស្រមោល​សូន្យឈឹង​ដែល​មិន​អាច​បកស្រាយ​បាន​ពី​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ធ្លាប់​មាន​តួនាទី​កាន់កាប់​លុយ​ទាំងនោះ​កន្លង​មក។

អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​នឹង​បង្កើត​បក្ស​ថ្មី លោក អ៊ូ ចន្ទរ័ត្ន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ថា លោក​មិន​មាន​តួនាទី​កាន់កាប់​មូលនិធិ​ទាំងនោះ​ទេ ប្រសិនបើ​ចង់​ដឹង​ច្បាស់​ពី​បញ្ហា​នោះ សូម​ទៅ​សួរ​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​គណនេយ្យ​ធនាគារ​នោះ ដូចជា​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ លោក យឹម សុវណ្ណ និង​អគ្គហិរញ្ញិក​គណបក្ស លោក គី វណ្ណដារ៉ា ជាដើម។

លោក អ៊ូ ចន្ទរ័ត្ន បញ្ជាក់​ថា អ្នក​ដែល​មាន​ឈ្មោះ​គ្រប់គ្រង​គណនេយ្យ​ធនាគារ​ទាំង​បី​នាក់​នោះ​មិន​ដែល​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ទៅ​នរណា​ម្នាក់​នោះ​ទេ ដូច្នេះ​ការ​ចោទ​សួរ​ពី​បញ្ហា​នេះ គួរតែ​សួរ​ពួកគាត់​ទាំង​បី​នាក់​ទើប​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ក្នុង​ចំណោម​អ្នក​ទាំង​បី មាន ២​នាក់​ដែល​អាច​ដក​មូលនិធិ​នេះ​បាន។

លោក​គូស​បញ្ជាក់​ថា សម្រាប់​ខ្លួន​លោក​ផ្ទាល់ គឺ​មាន​តួនាទី​ក្នុង​គណបក្ស​ប្រឆាំង​មួយ​ដាច់ដោយឡែក មិន​ពាក់ព័ន្ធ​នឹង​មូលនិធិ​ទាំងនោះ​ទាល់តែសោះ។

មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​គណនេយ្យ​ធនាគារ​ស្ងាត់បាត់​ឈឹង ស្រប​ពេល​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ខណៈ​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ដកប្រាក់​មូលនិធិ​ទាំងនោះ​ពី​គណនេយ្យ​ធនាគារ​បាន មាន​តែ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ បាន​ផ្សាយ​ផ្ទាល់​តាម​គណនី Facebook របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ថា លុយ​ដែល​ជា​ញើស​ឈាម​របស់​អ្នក​ចូលរួម​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក មិន​បាន​បាត់​ទៅណា​នោះ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​ដឹង​ថា​លុយ​ទាំងនេះ​នៅ​ឯណា ទាល់​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ជា​មុន​សិន។

អ្នកស្រី​បន្ត​ថា អ្នកស្រី​បាន​ដឹង​រឿង​លុយ​បង្កើត​ទូរទស្សន៍​នេះ​ដែរ ដូច្នេះ​អ្នកស្រី​ហ៊ាន​ធានា​ថា លុយ​ទាំងនោះ​មិន​បាន​បាត់​ទៅណា​ទេ ហើយ​មូលនិធិ​ទាំងនេះ​នឹង​លេច​ឡើង​មកវិញ​មួយ​រំពេច នៅ​ពេល​ណា​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ផ្តល់​សិទ្ធិ​តាម​ផ្លូវច្បាប់​ឲ្យ​មាន​ទូរទស្សន៍​ព្រះអាទិត្យ​មែន​នោះ។

ប៉ុន្តែ​លោក មុត ចន្ថា អះអាង​ថា ការ​លើកឡើង​របស់​អ្នកស្រី មូរ សុខហួរ គ្រាន់តែ​ជា​សម្ដី​បោកប្រាស់​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធានា​អះអាង​ថា​លុយ​មូលនិធិ​មិន​បាត់បង់​ដោយ​សំអាង​លើ​មាត់​ទទេ មិន​អាច​ជឿជាក់ និង​យក​ជា​ការ​បាន​នោះ​ទេ ដូច្នេះ​ពួកគេ​ត្រូវតែ​បង្ហាញ​របាយការណ៍​ពី​ធនាគារ ឬ Bank statement ជា​សាធារណៈ ទើប​ការ​លើកឡើង​នេះ​ចាត់ទុក​ជា​ការពិត ពីព្រោះ​វា​អាច​បញ្ជាក់​ពី​ចំនួន​សាច់ប្រាក់​ទាំង​ការ ទាំង​ដើម។

លោក មុត ចន្ថា បញ្ជាក់​ថា មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​មាន​ចំនួន ៧០​ម៉ឺន​ដុល្លារ​នេះ បើ​គិត​មក​ដល់​ពេលនេះ​បាន​កើន​ឡើង​ជិត ១​លាន​ដុល្លារ​ហើយ​បើ​បូក​ទាំង​អត្រា​ការប្រាក់​ផង​នោះ ហើយ​ថា​លុយ​នេះ​គ្មាន​នរណា​មាន​សិទ្ធិ​យក​ទៅ​ប្រើប្រាស់​សម្រាប់​គណបក្ស​ថ្មី​បាន​ទេ ព្រោះ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ គឺ​សម្រាប់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស