39.4 C
Phnom Penh

អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​មិន​បាន​បាត់បង់​ដូច​ការ​ចោទ​ប្រកាន់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី អះអាង​ថា លុយ​សម្រាប់​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​នឹង​មិន​បាត់​ទៅណា​ទេ ប្រសិនបើ​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​អាជ្ញាប័ណ្ណ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ដូច​ការ​សន្យា​របស់​គាត់​មែន​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក សម រង្ស៊ី បង្ហាញ​ពី​លុយ​ទូរទស្សន៍​ព្រះអាទិត្យ​ដែល​ពួកគាត់​បាន​ដក​ចេញ​ពី​គណនេយ្យ​ធនាគារ​បាត់​ស្រមោល​សូន្យឈឹង​អស់​រាប់​ឆ្នាំ​កន្លង​មក​នេះ។

អនុប្រធាន​គណបក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ បាន​ផ្សាយ​ផ្ទាល់​តាម​គណនី Facebook របស់​អ្នកស្រី​កាលពី​ម្សិលមិញ​នេះ​បាន​លើកឡើង​ថា លុយ​ដែល​ជា​ញើស​ឈាម​របស់​អ្នក​ចូលរួម​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក មិនបាន​បាត់​ទៅណា​នោះ​ទេ ប៉ុន្តែ​ដើម្បី​ឲ្យ​ដឹង​ថា​លុយ​ទាំងនេះ​នៅ​ឯណា ទាល់តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​នេះ​ជា​មុន​សិន។

អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា អ្នកស្រី​ក៏​បាន​ដឹង​រឿង​លុយ​បង្កើត​ទូរទស្សន៍​នេះ​ដែរ ដូច្នេះ​អ្នកស្រី​ហ៊ាន​ធានា​ថា លុយ​ទាំងនោះ​មិនបាន​បាត់​ទៅណា​ទេ ហើយ​មូលនិធិ​ទាំងនេះ​នឹង​លេច​ឡើង​មកវិញ​មួយ​រំពេច​នៅ​ពេលណា​រដ្ឋាភិបាល​កម្ពុជា ពិតជា​ហ៊ាន​ផ្តល់​សិទ្ធិ​តាម​ផ្លូវច្បាប់​ឲ្យ​មាន​ទូរទស្សន៍​ព្រះអាទិត្យ​មែន​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ​មួយ​កាលពី​ឆ្នាំ​២០១៥ ប្រមូល​ជំនួយ​ពី​សាធារណជន​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ឬ SUN TV។ ក្នុង​យុទ្ធការ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ប្រាក់​ចូលរួម​ពី​សមាជិក​របស់​ខ្លួន​ដែល​រស់នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មាន​ចំនួន​ជាង ៧០​ម៉ឺន​ដុល្លារ​អាមេរិក។

ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ លុយ​ដែល​រៃអង្គាស​បាន​នោះ​មិន​ដឹង​ចាត់ចែង​របៀប​ណា​នៅឡើយ​ទេ ចំណែក​គម្រោង​បង្កើត​ទូរទស្សន៍​នេះ​ក៏​ស្ងាត់បាត់​ឈឹង​ទៅវិញ​ដែរ។

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង លោក មុត ចន្ថា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា នេះ​ថា ការ​លើកឡើង​របស់​អ្នកស្រី មូរ សុខហួរ គ្រាន់តែ​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ ព្រោះ​ថា​ការ​ធានា​អះអាង​ថា​លុយ​មូលនិធិ​មិន​បាត់បង់​ដោយ​សំអាង​លើ​មាត់​ទទេ មិន​អាច​ជឿជាក់ និង​យក​ជាការ​បាន​នោះ​ទេ ដូច្នេះ​ពួកគេ​ត្រូវតែ​បង្ហាញ​របាយការណ៍​ពី​ធនាគារ ឬ Bank statement ជា​សាធារណៈ ទើប​ការ​លើកឡើង​នេះ​ចាត់ទុក​ជា​ការពិត។

លោក​អះអាង​ថា ការ​លើកឡើង​ដោយ​មិន​បង្ហាញ​របាយការណ៍​ធនាគារ (Bank statement) ដែល​អាច​បញ្ជាក់​ពី​តុល្យការ​សាច់ប្រាក់​ទាំង​ការ​ទាំង​ដើម​បែប​នេះ គឺ​មាន​ន័យ​ថា ជា​ការ​កុហក។ ជាង​នេះ​ទៀត មូលនិធិ​នេះ​មិន​អាច​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​គម្រោង​អ្វី​ផ្សេង​បានទេ ដូច្នេះ​គ្រាន់តែ​បង្ហាញ​ទៅ​ដល់​អ្នក​ចូលរួម​ពី​របាយការណ៍​ធនាគារ​ថា លុយ​ទាំងនោះ​ពិតជា​នៅ​ក្នុង​ធនាគារ​មែន នោះ​អ្នក​ចូលរួម​នឹង​អស់​ចម្ងល់​ជា​មិនខាន។

លោក មុត ចន្ថា បញ្ជាក់​ថា មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ ៧០​ម៉ឺន​ដុល្លារ​នេះ បើ​គិត​មកដល់​ពេលនេះ​បាន​កើន​ឡើង​ជិត ១​លាន​ដុល្លារ ហើយ​បើ​បូក​ទាំង​អត្រា​ការប្រាក់​ផង​នោះ។

ហើយ​លុយ​នេះ​គ្មាន​នរណា​មាន​សិទ្ធិ​យក​ទៅ​ប្រើប្រាស់​សម្រាប់​គណបក្ស​ថ្មី​បាន​ទេ ព្រោះ​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​នេះ គឺ​សម្រាប់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្នុង​លក្ខខណ្ឌ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​គ្រប់គ្រង​មូលនិធិ​ព្រះអាទិត្យ​បាន​បញ្ជាក់ មាន​តែ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ៣​រូប​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​លើ​សែក (Cheque) ដើម្បី​ដកប្រាក់​មូលនិធិ​ទូរទស្សន៍​ព្រះអាទិត្យ​ពី​ធនាគារ នោះ​គឺ​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ប្រធាន​គណៈកម្មាធិការប្រតិបត្តិ លោក យឹម សុវណ្ណ និង​អគ្គហិរញ្ញិក​គណបក្ស លោក គី វណ្ណដារ៉ា។

លោក មុត ចន្ថា ធ្លាប់​អះអាង​ថា មូលនិធិ​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ត្រូវ​បាន​គេ​ដកចេញ​ពី​គណនេយ្យ​ធនាគារ​ស្ងាត់​បាត់​ឈឹង ស្របពេល​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ខណៈ​អ្នក​ដែល​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ដកប្រាក់​មូលនិធិ​ទាំងនោះ​ពី​គណនេយ្យ​ធនាគារ​បាន មាន​តែ​លោក យឹម សុវណ្ណ និង​លោក គី វណ្ណដារ៉ា ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស