29 C
Phnom Penh

ម៉ាឡេស៊ី​បញ្ចេញ​យន្តហោះ​ច្រើន​គ្រឿង​ដេញ​ស្ទាក់​យន្តហោះ​ចម្បាំង​ចិន​ហោះ​រំលោភ​ដែនអាកាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យន្តហោះ​របស់​ចិន​ពីរ​គ្រឿង​ដែល​មាន​អត្តសញ្ញាណIlyshin 1l-76s និង Xian Y-20s បាន​ហោះហើរ​លើ​លំហ​អាកាស​នៃ​ប្រទេស​ម៉ាឡេស៊ី នៃ​រដ្ឋ​សារ៉ាវ៉ាក់ ហើយ​ភ្លាមៗ​នោះ​ប្រទេស​ម៉ាឡេស៊ី​ប្រកាស​តវ៉ា​តាម​ផ្លូវ​ទូត​ជាបន្ទាន់។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ម៉ាឡេស៊ី Hishammuddin Hussain បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១ មិថុនា ថា លោក​បាន​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយ​តវ៉ា​ចំពោះ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ចិន បាន​ហោះហើរ​លើ​លំហ​អាកាស​នៅ​ក្បែរ​រដ្ឋ​សារ៉ាវ៉ាក់​ភាគ​ខាងកើត​នៃ​ប្រទេស​ម៉ាឡេស៊ី ដោយ​ចោទ​ថា​ជា​ការ​បំពាន​លំហ​អាកាស និង​អធិបតេយ្យភាព​ម៉ាឡេស៊ី។

កំណត់​ទូត​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ធ្វើ​ឡើង​បន្ទាប់ពី​ការប្រកាស​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំង​អាកាសចរណ៍​ម៉ាឡេស៊ី ដែល​ថា​កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​៣១ ឧសភា កងទ័ព​អាកាស​ម៉ាឡេស៊ី​បាន​បញ្ចេញ​យន្តហោះ​ប្រតិកម្ម​លឿន​ជាង​សំឡេង ឱ្យ​ស្ទាក់​យន្តហោះ​របស់​ចិន​បាន​ហោះ​ចូល​ដែនអាកាស​នៃ​ប្រទេស​ម៉ាឡេស៊ី។

តាម South China Morning Post បាន​ចុះផ្សាយ​ថា ចិន​បាន​ឆ្លើយតប​ភ្លាមៗ​ដោយ​ចាត់ទុក​ថា យន្តហោះ​នោះ​ហោះ​គឺ​ហោះហើរ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ធម្មតា ហើយ​ក៏​មិន​បាន​ហោះ​លើ​គោលដៅ​នៃ​លំហ​អាកាស​ប្រទេស​ណាមួយ​នោះ​ទេ គឺ​វា​ហោះហើរ​លើ​លំហ​អាកាស​អន្តរជាតិ​ប៉ុណ្ណោះ។

ទីក្រុង​ប៉េកាំង បាន​កំណត់​ខ្សែបន្ទាត់ ៩​ឆ្នូត​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេលនេះ គឺ​ខ្សែបន្ទាត់​នោះ​កៀក​បំផុត​នឹង​រដ្ឋ​សាបាប់ និង​រដ្ឋ​សារ៉ាវ៉ាក់ នៃ​ប្រទេស​ម៉ាឡេស៊ី។ ប្រទេស​អាស៊ី​អាគ្នេយ៍ និង​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់ រួម​ទាំង​ដែន​កោះ​តៃវ៉ាន់​ផង​ដែរ បាន​ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង ដោយ​គូស​ខ្សែបន្ទាត់ ៩​ឆ្នូត​នេះ​ដោយ​ឯកតោ​ភាគី​ក្នុង​គោលបំណង​ច្បាម​យក​លំហ​សមុទ្រ និង​លំហ​អាកាស​នៃ​ដែន​អធិបតេយ្យ​ប្រទេស​ដទៃ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​នៅ​លើ​ទ្វីតធឺ (Twitter) របស់​លោក​ថា កងកម្លាំង​អាកាស​ម៉ាឡេស៊ី រួម​នឹង​ក្រសួង​ការបរទេស បាន​ចេញ​កំណត់ទូត​ប្រឆាំង​នឹង​ប្រទេស​ចិន ដែល​បញ្ចេញ​យន្តហោះ​របស់​ខ្លួន​វាតទី​បំពារបំពាន​ដែន​លំហ​អាកាស​ម៉ាឡេស៊ី។

កំណត់ទូត​របស់​រដ្ឋមន្ត្រី​ការបរទេស​រូប​នេះ បាន​បន្ថែម​ទៀត​ថា ម៉ាឡេស៊ី​បារម្ភ​អំពី​ភាគី​ចិន​ប្រើប្រាស់​មធ្យោបាយ​ណាមួយ​បង្ក​បញ្ហា ដូចជា​ករណី​បំពាន​លំហ​អាកាស​ប្រទេស​ម៉ាឡេស៊ី។ កំណត់ទូត​របស់​ប្រមុខ​ការទូត​នោះ​បញ្ជាក់​ទៀត​ថា ទំនាក់ទំនង​ការទូត​ជា​មិត្តភាព​ជាមួយ​នឹង​ប្រទេស​ណាមួយ​ក៏ដោយ មិន​មាន​ន័យ​ថា​ម៉ាឡេស៊ី​ផ្ដល់​ការ​សម្របសម្រួល​ឱ្យ​ប្រទេស​នោះ​បំពាន​ដែន​អធិបតេយ្យ​របស់​ខ្លួន​បាន​ឡើយ។

កងកម្លាំង​អាកាស​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​បញ្ជាក់​បន្ថែម​ថា រ៉ាដា​របស់​ម៉ាឡេស៊ី​បាន​ចាប់​បាន​យន្តហោះ​របស់​ចិន បាន​ហោះហើរ​ចូល​ដែន​អាកាស​ម៉ាឡេស៊ី គឺ​កាលពី​ថ្ងៃ​ចន្ទ ទី​៣១ ឧសភា នៅ​វេលា​ម៉ោង​ជិត ១២​ថ្ងៃត្រង់។ ក្នុង​ព្រឹត្តិការណ៍​នេះ ម៉ាឡេស៊ី​សម្រេច​បញ្ជូន​យន្តហោះ​ប្រតិកម្ម​រហ័ស​ជាច្រើន​គ្រឿង​ដោយ​ចេញពី​កង​យន្តហោះ​ទី​៦ ឱ្យ​ហោះ​បណ្ដេញ និង​ស្ទាក់​ចាប់​យន្តហោះ​របស់​ចិន។ ចំណែកឯ​យន្តហោះ​របស់​ចិន មាន​អត្តសញ្ញាណ 1l-76 និង Y-20 បាន​ហោះ​លើ​លំហ​អាកាស​នៃ​រដ្ឋ​សារ៉ាវ៉ាក់។

ក្រសួង​ការពារ​ដែន​អាកាស​ម៉ាឡេស៊ី បាន​ហៅ​យន្តហោះ​របស់​ចិន​ទាំង​ពីរ​គ្រឿង​នេះ​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ទៅលើ​អធិបតេយ្យ​ជាតិ និង​សុវត្ថិភាព​លំហ​អាកាស​របស់​ប្រទេស​ម៉ាឡេស៊ី។

យ៉ាងណាក៏ដោយ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន បាន​បញ្ជាក់​ថា យន្តហោះ​យោធា​របស់​ចិន​គឺជា​ការ​បង្ហាញ​ការហោះហើរ​អំពី​សេរីភាព​នៃ​ការហោះហើរ​លើ​លំហអាកាស​អន្តរជាតិ​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​រំលោភ​ដែនអាកាស​ប្រទេស​ណាមួយ​ឡើយ។

ស្ថានទូត​ចិន បញ្ជាក់​ថា ចិន និង​ម៉ាឡេស៊ី​ជា​ប្រទេស​ជិតខាង​នឹង​គ្នា ហើយ​ចិន​តែងតែ​ពង្រឹង​ចំណង​មិត្តភាព​ទ្វេភាគី​ដោយ​សំដៅ​រក្សា​ការពារ​សន្តិភាព និង​ស្ថិរភាព​តំបន់។ ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​អាស៊ី​អាគ្នេយ៍​ជាច្រើន​ទៀត គឺ​កាលពី​ឆ្នាំ​ទៅ​មិញ​បាន​ដាក់​កំណត់ទូត​ទៅ​អង្គការ​សហប្រជាជាតិ ប្រឆាំង​នឹង​ទីក្រុង​ប៉េកាំង ដែល​គូស​ផែនទី​លំហ​សមុទ្រ និង​លំហ​អាកាស ៩​ឆ្នូត​ដោយ​ឯកតោ​ភាគី។

ទាំង​ម៉ាឡេស៊ី ទាំង​វៀតណាម ហ្វីលីពីន ព្រុយណេ បាន​ហៅ​ផែនទី ៩​ឆ្នូត​របស់​ចិន ថា​ជា​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​អំពី​ច្បាប់​សមុទ្រ​អន្តរជាតិ។

ចំណែក​ឥណ្ឌូនេស៊ី​វិញ​ដែល​ជា​ប្រទេស​ធំ​ជាងគេ​ក្នុង​តំបន់ បាន​បញ្ជាក់​ថា ដែនទឹក​សមុទ្រ​របស់​ប្រទេស​នេះ​ពុំ​មាន​ការ​ត្រួត​ស៊ីគ្នា​ជាមួយ​នឹង​ដែនសមុទ្រ​នៃ​ប្រទេស​ចិន​នោះ​ឡើយ។ ប្រទេស​ចិន កំពុង​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​ចោទ​ថា​បាន​រំលោភបំពាន​ដែនសមុទ្រ​របស់​ពួកគេ ដោយ​ព្យាយាម​ដណ្ដើម​កោះ​របស់​ប្រទេស​ទាំងនោះ ដូចជា​នៅ​ប្រជុំ​កោះ​ប៉ារ៉ាសេល និង​ស្រ្ពាតលី។

រហូត​មកដល់​ពេលនេះ ហ្វីលីពីន កំពុង​ប្រឈម​មុខ​នឹង​ការ​ស្នើ​ឱ្យ​នាវា​ចម្បាំង​របស់​ចិន ដកចេញ​ពី​ដែនទឹក​របស់​ខ្លួន។ ហ្វីលីពីន បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​ប្រឈម​មុខ​នឹង​នាវា​ចម្បាំង​របស់​ចិន។ មិនតែប៉ុណ្ណោះ ហ្វីលីពីន​បាន​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដោយ​ទីក្រុង​វ៉ាស៊ីនតុន សម្រេច​បញ្ជូន​នាវា​ចម្បាំង​ទៅ​អម​នឹង​នាវា​ចម្បាំង​ហ្វីលីពីន​ដែល​កំពុង​ប្រឈម​មុខ​នឹង​នាវា​ចម្បាំង​របស់​ចិន។

ទាំង​ហ្វីលីពីន និង​ម៉ាឡេស៊ី បាន​សម្រេច​ឱបក្រសោប​អាមេរិក​ប្រឆាំង​នឹង​ការ​វាតទី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួចរាល់​ហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស