31 C
Phnom Penh

សហគមន៍​អឺរ៉ុប​ថ្កោលទោស​យោធា​ភូមា​ដែល​មាន​ផែនការ​រំលាយ​បក្ស​អ្នកស្រី អ៊ុងសាន ស៊ូជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា របប​សឹក​ភូមា​មាន​ផែនការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី សហភាព​អឺរ៉ុប​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដ៏​ធំ​នៅ​អឺរ៉ុប ប្រកាស​ថ្កោលទោស​ពួក​យោធា​ដោយ​គំរាម​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ​ប្រឆាំង​របប​សឹក​មួយ​នេះ។

គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ ហៅ​កាត់​ថា NLD នៃ​ប្រទេស​ភូមា បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ជា​លើក​ទី​២ នៅ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​អ្នក​សង្កេតការណ៍​បោះឆ្នោត​ជាតិ​និង​អន្តរជាតិ​ហៅថា​ជា​អច្ឆរិយ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍។ ប៉ុន្តែ​ពួក​យោធា​បាន​ប្លន់​អំណាច​តាមរយៈ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២១ ដោយ​រំលាយ​ឆន្ទៈ​ប្រជាជន​ភូមា​រាប់​លាន​នាក់។

ពី​ទីក្រុង​ព្រុយហ្សែល ប្រទេស​បែលហ្សិក ការិយាល័យ​អ្នក​នាំពាក្យ​សម្រាប់​គណៈកម្មការ​សហគមន៍​អឺរ៉ុប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ពួក​យោធា​ភូមា ដោយ​ប្រឆាំង​ដាច់ខាត​ការប៉ុនប៉ង​រំលាយ​បក្ស​នយោបាយ​នៃ​បក្ស​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​នៅ​ភូមា។

អ្នក​នាំ​ពាក្យ​គណៈកម្មការ​ប្រតិបត្តិ​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ប្រសិនបើ​គណៈកម្មការ​បោះឆ្នោត​នៃ​ប្រទេស​ភូមា​ដែល​ពួក​យោធា​លើក​បន្តុប​ដំណើរការ​ផែនការ​រំលាយ​បក្ស​នេះ គឺ​វា​នឹង​បង្ហាញ​ម្តង​ទៀត​នូវ​ទង្វើ​របស់​ពួក​យោធា​ដោយ​មិន​គោរព​ឆន្ទៈ​របស់​ប្រជាជន​ភូមា»។

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​ដកស្រង់​សម្ដី​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហភាព​ភូមា ដែល​ត្រូវ​បាន​តែងតាំង​ដោយ​របប​យោធា គឺ​លោក Thein Soe បាន​និយាយ​ថា ស្ថាប័ន​របស់​លោក​នឹង​ត្រូវ​រំលាយ​គណបក្ស NLD ក្នុង​បទ​ចោទ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​នៅ​ក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា។

កងទ័ព​ភូមា​ក្រោម​ការ​គ្រប់គ្រង​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​បាន​ផ្តួល​រំលំ និង​ឃុំ​ខ្លួន​មេដឹកនាំ​ស៊ីវិល​ដែល​បាន​ជាប់ឆ្នោត គឺ​អ្នកស្រី ស៊ូជី ដែល​ជា​ស្ត្រី​ម្នាក់​បាន​ដឹកនាំ​ការ​តស៊ូ​អហិង្សា​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​នៅ​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នៃ​របប​សឹក​ចាប់តាំង​ពី​ឆ្នាំ​១៩៦២ ដល់ ២០១៥។

ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ចោទ​ប្រកាន់​គណបក្ស NLD ថា​បាន​ទទួល​ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​តាមរយៈ​ការបោះឆ្នោត​មិន​ត្រឹមត្រូវ ហើយ​ថា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​នៅ​ពេល​នោះ​បាន​បដិសេធ​បណ្តឹង​របស់​ខ្លួន ទើប​នាំ​ឱ្យ​មាន​ព្រឹត្តិការណ៍​ឡើង​កាន់​អំណាច​របស់​ពួក​យោធា។ ប៉ុន្តែ​គណបក្ស NLD អះអាង​ថា​ខ្លួន​ឈ្នះ​ដោយ​យុត្តិធម៌។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters សហគមន៍​អឺរ៉ុប បាន​បន្ត​គាំទ្រ​ជំហរ​របស់​គណបក្ស NLD ដែល​បញ្ជាក់​ពី​ជ័យជម្នះ​របស់​គណបក្ស​នេះ ហើយ​សហគមន៍​អឺរ៉ុប​ប្រកាន់​ជំហរ​បែប​នេះ ព្រោះតែ​ពុំ​មាន​អ្នក​សង្កេតការណ៍​ឯករាជ្យ​ណាមួយ​លើកឡើង​ថា​ការបោះឆ្នោត​មាន​ការ​បន្លំ​សន្លឹកឆ្នោត​នោះ​ទេ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​សហគមន៍​អឺរ៉ុប​បាន​អះអាង​ថា គ្មាន​ការ​គាប​សង្កត់ ឬ​កិច្ចកល​នៃ​ដំណើរការ​នីតិវិធី​ច្បាប់​ក្លែង​បន្លំ​ណាមួយ ដើម្បី​សម្រួល​លទ្ធផល​បោះឆ្នោត​ឱ្យ​ខុស​នឹង​ទិន្នន័យ​បោះឆ្នោត​នោះ​ទេ។

ក្នុង​ន័យ​នេះ សហគមន៍​អឺរ៉ុប​នឹង​បន្ត​ប្រឆាំង​រាល់​ការប៉ុនប៉ង​ធ្វើ​ឱ្យ​ខូច​ឆន្ទៈ​របស់​ប្រជាជន​ភូមា សំដៅ​ផ្លាស់ប្ដូរ​លទ្ធផល​នៃ​ការបោះឆ្នោត​ទៅ​រក​ការបោះឆ្នោត​ឡើងវិញ​ក្រោម​របប​យោធា​ដែល​មិន​អាច​គាំទ្រ​បាន​ឡើយ។ ជាមួយ​គ្នា​នេះ ការប៉ុនប៉ង​រំលាយ​គណបក្ស NLD គឺ​មិន​គួរ​កើត​មាន​ឡើយ។ គេ​ពុំ​ដឹង​ថា​ពួក​យោធា​ភូមា​នឹង​ដកថយ​វិញ​នូវ​ផែនការ​រំលាយ​បក្ស​មួយ​ដែល​ខ្លាំង​ជាង​បក្ស​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​អ្នកស្រី ស៊ូជី ដែល​បាន​ដឹង​ថា​គណបក្ស NLD កំពុង​ប្រឈម​នឹង​ការ​រំលាយ អ្នកស្រី​បាន​អំពាវនាវ​ទៅកាន់​ជន​រួមជាតិ​ភូមា ហើយ​ប្រកាន់​ឱ្យ​បាន​នូវ​ស្មារតី​រួបរួម​គ្នា​ជុំវិញ​បក្ស​របស់​អ្នកស្រី ដោយ​ឱ្យ​ក្លាយ​ជា​កម្លាំង​តែមួយ​ក្នុង​ការ​ទប់ទល់​ផែនការ​ណាមួយ​រំលាយ​គណបក្ស NLD។

នៅមុន​សវនាការ​ចាប់ផ្ដើម​កាលពី​សប្ដាហ៍​មុន អ្នក​ទោស​នយោបាយ​ច្រើន​ជំនាន់​មកនេះ​បាន​បន្ត​ដោយ​សង្ឃឹម​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ឱបដៃ​ឈរ​មើល​គណបក្ស NLD ត្រូវ​បាន​រំលាយ​នោះ​ទេ។

សារ​ដ៏​មុត​ស្រួច​នេះ បាន​កំពុង​អង្រួន​បេះដូង​ប្រជាជន​ភូមា​ឲ្យ​បន្ត​ងើបឡើង​ប្រឆាំង​នឹង​ពួក​យោធា។ នៅ​ថ្ងៃនេះ គឺជា​ខួប ៤​ខែ​នៃ​របប​រដ្ឋប្រហារ សេចក្ដី​រាយការណ៍​ពី​ប្រទេស​ភូមា​បាន​ឱ្យ​ដឹង​ថា ប្រជាជន​ភូមា​ទាំង​ប្រុស​ទាំង​ស្រី​បាន​ដើរ​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​នានា​នៅ​ទីក្រុង​ធំៗ ទោះ​ជា​ពួក​យោធា​នៅ​បន្ត​បាញ់​បង្ក្រាប​ក៏ដោយ។ បាតុករ​នៅតែ​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​ឆាប់​បញ្ចប់​របប​សឹក​នេះ​ជាបន្ទាន់។

គេ​ពុំ​ដឹង​ថា​ពួក​យោធា​ភូមា​យក​គំរូ​រំលាយ​គណបក្ស​ខ្លាំង​ជាង​បក្ស​ខ្លួន​នេះ​មកពី​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​មានតែ​នៅ​កម្ពុជា​មួយ​គត់​បាន​អនុវត្ត​បែប​នេះ​ដោយ​ជោគជ័យ​នូវ​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ខ្លាំង​មួយ​នៅមុន​ការបោះឆ្នោត​ឆ្នាំ​២០១៨ ព្រោះតែ​បារម្ភ​អំពី​ការ​ចាញ់​ឆ្នោត។ ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ គឺ​តាមរយៈ​សាលក្រម​របស់​តុលាការ​កំពូល​ដែល​ក្រុម​សិទ្ធិមនុស្ស​ឯករាជ្យ​ចាត់ទុក​ជា​ឧបករណ៍​នយោបាយ​របស់​បក្ស​កាន់​អំណាច។ អ្នក​សង្កេតការណ៍​ព្រមាន​ថា ពួក​យោធា​ភូមា​កាន់តែ​ប្រឈម​មុខ​ខ្លាំង​ថែមទៀត​នឹង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ និង​ប្រជាជន​ភូមា បើ​ពួក​យោធា​រំលាយ​គណបក្ស​របស់​លោកស្រី អ៊ុងសាន ស៊ូជី ហើយ​ថា​ទោះ​ជា​បក្ស​នេះ​ត្រូវ​បាន​រំលាយ​ក៏ដោយ ក៏​មិន​អាច​រំលាយ​ឆន្ទៈ​របស់​ប្រជាជន​ភូមា​បាន​ឡើយ។

អ្នក​សង្កេតការណ៍​ព្រមាន​ថា របប​ពួក​យោធា​នឹង​កាន់តែ​អាយុ​ខ្លី បើ​ឈាន​ដល់​ការ​រំលាយ​បក្ស​ជាប់​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ដែល​ជា​ក្ដី​សង្ឃឹម​នៃ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​ភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស