33.3 C
Phnom Penh

តើលោក ហ៊ុន សែន ពិតជាប្រមាញ់ជីវិតបញ្ញវន្តខ្មែរនៅក្រៅស្រុកដែលកំពុងរិះគន់លោកមែនទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា វិធីតែមួយគត់ដែលលោក ហ៊ុន សែន អាចសម្លាប់ ឬចាប់ពួកគេដាក់គុកបាន លុះត្រាលោក ហ៊ុន សែន បើកច្រកឲ្យពួកគេទៅប្រកួត នៅសមរភូមិនយោបាយក្នុងប្រទេសវិញប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោក កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា ក្បួនប្រកួតរបស់លោក នឹងអាចធ្វើឲ្យលោក ហ៊ុន សែន ស្គាល់លោកកាន់តែច្បាស់ ថាលោកជាមនុស្សដែលហ៊ានធ្វើពលីកម្ម អនុវត្តន៍ខ្នាតប្រជាធិបតេយ្យជ្រៅប៉ុណ្ណា។

លោកបញ្ជាក់ថា ប្រសិនបើ លោក ហ៊ុន សែន បែរជាប្រើលុយ និងបុណ្យស័ក្ដិទាក់ទាញសមានចិត្តលោកវិញនោះ លោកសូមផ្តាំថា ១០០% គឺមិនអាចទៅរួចនោះទេ ព្រោះក្នុងបេះដូង និងព្រលឹងវិញ្ញាណរបស់លោកចំពោះ លុយ និងតំណែងគ្រាន់តែជាសំរាមស្អុយប៉ុណ្ណោះ ប៉ុន្តែ ប្រជាធិបតេយ្យ សិទ្ធិសេរីភាព ទើបជាគោលដៅពិតដែលលោកចង់បានសម្រាប់ពលរដ្ឋខ្មែរ។

លោក គឹម សុខ អះអាងថា ការលើកឡើងរបស់លោកត្រង់ចំណុចនេះ ដោយសារមានប្រភពច្បាស់ការណ៍ ពីខាងគណបក្សប្រជាជនកម្ពុជា បានទម្លាយនូវការនិយាយគ្នាជាលក្ខណៈអាថ៌កំបាំងជាច្រើនប្រាប់លោក ក្នុងនោះក៏បានលើកឡើង ពីការប្រមាណអាយុជីវិតរបស់ លោក គឹម សុខ ផងដែរ។

លោកបន្តថា ផ្ទៃក្នុងរបស់គណបក្សកាន់អំណាច បានទម្លាយអាថ៌កំបាំង ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗ ក្រោយពីលោកបានលាតត្រដាងករណីកូនស្រីសំណព្វចិត្តម្នាក់របស់លោក ហ៊ុន សែន គឺអ្នកស្រី អ្នកស្រី ហ៊ុន ម៉ាណា ថា មានលុយច្រើនជាងពួកឧកញ៉ា។ ប្រភពដដែលនោះបានប្រាប់លោក គឹម សុខ ថា លោក ហ៊ុន សែន បាននិយាយចំណុចនេះ ជាមួយមនុស្សតិចបំផុត ហេតុអ្វីក៏បែកធ្លាយដឹងទៅដល់លោក គឹម សុខ ហើយគំរាមថា ទោះក្នុងតម្លៃណាក៏ដោយ លោកត្រូវតែប្រមាញ់យកជីវិត គឹម សុខ ឲ្យបានដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយសាព័ត៌មាន The Cambodia Daily នៅមិនទាន់អាចសុំការបំភ្លឺពីក្រុមមន្រ្តីបក្សកាន់អំណាចបាននៅឡើយទេ                ជុំវិញការអះអាង អំពីការគំរាមផ្តាច់ជីវិតលោក គឹម សុខ ដោយលោក ហ៊ុន សែន នេះ។

កាលពីថ្ងៃទី១៦ ខែសីហា ២០២០ ក្នុងពិធីសម្ពោធសួនទឹកកម្សាន្ត Golden City លោក ហ៊ុន សែន ធ្លាប់បានប្រតិកម្មខ្លាំងៗថា លោកនឹងជួលយន្តហោះប្រភេទ Jet Flight មកយកលោក គឹម សុខ ទៅដឹកនាំបាតុកម្មនៅកម្ពុជា ប្រឆាំងតទល់ជាមួយនឹងលោក ប៉ុន្តែមកទល់នឹងពេលនេះលោក ហ៊ុន សែន មិនទាន់បានអនុវត្តតាមការអះអាងរបស់លោក នៅឡើយទេ។

លោក គឹម សុខ ធ្លាប់ត្រូវបានលោក ហ៊ុន សែន ប្តឹងកាលពីខែសីហា ឆ្នាំ២០១៧ ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាសាធារណៈពាក់ព័ន្ធករណីថា បានបង្កើតជាប្រព័ន្ធនៃការសម្លាប់មនុស្សលើឃាតកម្មធំៗ ហើយរកឃាតករមិនឃើញ។

ក្រោយមក សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសអ្នកវិភាគនយោបាយរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១៨ ខែ និងបង្គាប់ឲ្យលោកបង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹង ចំនួន ៨រយលានរៀល ឬស្មើនឹង ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។

ដោយមានការគំរាមកំហែងសុវត្តិភាពពីរដ្ឋាភិបាលកម្ពុជា ឥតស្រាកស្រាន្ត លោក គឹម សុខ បានភៀសខ្លួនទៅក្រៅប្រទេសកាលពីចុងឆ្នាំ២០១៨ ក្រោយពេលលោកចេញពីពន្ធនាគារវិញ និងបានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីម្នាក់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្ស ត្អូញត្អែរថា ក្រុមលោក ហ៊ុន សែន តែងតែអួតអាងពីវិធីកម្ទេចជាតិខ្លួនឯងប្រាប់បរទេស និងប្រើការគាបសង្កត់ បង្ខិតបង្ខំឲ្យពលរដ្ឋខ្មែរ សូត្រពាក្យ អរគុណសន្តិភាព ក្រោមចុងកាណុងនៃរដ្ឋាភិបាលឯកបក្សរបស់លោកជាប្រចាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស