34 C
Phnom Penh

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសម្រេចចិត្ត លាតត្រដាងពីលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ ជិត១លានដុល្លារអាមេរិក ដែលបានរលាយបាត់ស្រមោលសូន្យឈឹងអស់ពេលជាច្រើនឆ្នាំកន្លងមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយពីមូលហេតុនៃការបាត់លុយ មូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយមាតុភូមិនិវត្តជាង  ១លានដុល្លារអាមេរិក ក្រោយគណបក្សប្រឆាំងត្រូវបានរំលាយ ហើយប្រធានបក្សនេះត្រូវបានចាប់ខ្លួន។

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញ លោក មុត ចន្ថា បានសរសេរលើគណនី Facabook របស់លោកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា កាលពីឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានបើកយុទ្ធនាការប្រមូលជំនួយពីសាធារណជន បង្កើត ទូរទស្សន៍ព្រះអាទិត្យ ឬ SUN TV ប៉ុន្តែលុយមូលនិធិទាំងនោះបានបាត់ស្រមោលឈឹងរហូតដល់សព្វថ្ងៃនេះ។

លោកអះអាងថា មានតែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ៣រូបប៉ុណ្ណោះ ដែលមានសិទ្ធិចុះហត្ថលេខាលើ សែក ឬ Cheque ដើម្បីដកប្រាក់មូលនិធិនេះពីធនាគារ ក្នុងនោះរួមមាន៖ ប្រធានគណបក្សប្រឆាំង លោក   កឹម សុខា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស លោក យឹម សុវណ្ណ និង អគ្គហិរញ្ញិកគណបក្ស លោក គី វណ្ណដារ៉ា។

មន្ត្រីបក្សប្រឆាំងរូបនេះ បញ្ជាក់ថា មូលនិធិបង្កើតទូរទស្សន៍ព្រះអាទិត្យនេះត្រូវបានគេដកចេញពីគណនេយ្យធនាគារស្ងាត់បាត់ឈឹង ស្របពេលដែលលោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ខណៈអ្នកដែលមានសិទ្ធិចុះហត្ថលេខាដកប្រាក់មូលនិធិទាំងនោះពីគណនេយ្យធនាគារបាន មានតែលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា តែប៉ុណ្ណោះ។

លោក មុត ចន្ថា ជំរុញឲ្យ លោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ចេញមុខបញ្ជាក់ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យទាំងអស់ថា តើថវិកាជាង ៧០ម៉ឺនដុល្លារអាមេរិក ទាំងនោះ នៅឯណាក្នុងពេលនេះ លើសពីនេះ ថ្នាក់ដឹកនាំភាគីលោក សម រង្ស៊ី ក៏ជួយបង្ហាញថវិកាដែលប្រមូលបានពីការប្រកាសធ្វើមាតុភូមិនិវត្តន៍ជាង ៣០ម៉ឺនដុល្លារដែលប្រមូលបានកាលពីឆ្នាំ២០១៩ ផងដែរ។

លោក ថា បើមន្ត្រីបក្សប្រឆាំងទាំងនោះពិតជាចង់ប្រមូលលុយជួយពលរដ្ឋរងគ្រោះពីវិបត្តិ Covid-19 មែន សូមបង្វែរលុយមូលនិធិទូរទស្សន៍ព្រះអាទិត្យ និងលុយដែលប្រមូលបានពីការធ្វើមាតុភូមិនិវត្តន៍ដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនោះ មកជួយប្រជាពលរដ្ឋវិញ ដោយមិនចាំបាច់នាំគ្នាលក់ប័ណ្ណនាឡិកាបន្តទៀតនោះទេ។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងភាគី លោក សម រង្ស៊ី ដែលបានប្រកាសធ្វើមូលនិធិរៃលុយពីអ្នកគាំទ្រដើម្បីទិញគ្រឿងឧបភោគ បរិភោគ ជួយពលរដ្ឋដែលកំពុងដាច់ស្បៀងនៅក្នុងស្រុកដោយសារ ការរីករាលដាលនៃជំងឺ Covid-19 សព្វថ្ងៃនេះ។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាស ធ្វើយុទ្ធនាការ នាឡិកា សម រង្ស៊ី ដែលលោកនឹងលក់ នាឡិកាដែលលោកពាក់រាល់ថ្ងៃក្នុងតម្លៃ ៥ដុល្លារ ដើម្បីយកថវិកាទាំងនេះទៅទិញ អំណោយចែកពលរដ្ឋនៅកម្ពុជា ដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺCovid-19។

ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ លោក សម រង្ស៊ី បានអះអាងលើទំព័រFacebook របស់លោកថា បណ្ដាញគណបក្ស            សង្គ្រោះជាតិ ទូទាំងពិភពលោក បានលក់ ប័ណ្ណនាឡិកា សម រង្ស៊ី ជាង ៣ម៉ឺនសន្លឹកហើយ ដែលមានចំនួនទឹកប្រាក់ ១៥ម៉ឺនដុល្លារ។ លោកថា ថវិកានេះក៏កំពុងប្រើប្រាស់ ទិញស្បៀងអាហារ ចែកជូនដល់ពលរដ្ឋ ដែលកំពុងខ្វះស្បៀងអាហារ នៅកម្ពុជា ដោយសារវិបត្តិ Covid-19 សព្វថ្ងៃនេះផងដែរ។

ទាក់ទិននឹងការធ្វើមូលនិធិប្រមូលលុយនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្លាប់បានប្រកាសធ្វើមូលនិធិប្រមូលលុយក្នុងព្រឹត្តិការណ៍ធំៗពីរ ទី១ គឺការបើកយុទ្ធនាការប្រមូលមូលនិធិពីសាធារណជនដើម្បីបង្កើត ទូរទស្សន៍ព្រះអាទិត្យ ឬ SUN TV ដែលប្រមូលថវិកាបានប្រមាណជាង ៧០ម៉ឺនដុល្លារអាមេរិក។ ទី២ គឺការប្រមូលថវិកាដើម្បីធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី ឆ្នាំ២០១៩ ដែលប្រមូលលុយបានជាង ៣០ម៉ឺន ដុល្លារអាមេរិក ផងដែរ។

មកទល់ម៉ោងផ្សាយនេះ សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទងលោក យឹម សុវណ្ណ និងលោក គី វណ្ណរ៉ា ដើម្បីសុំការបំភ្លឺជូនសាធារណជន ពីការលើកឡើងខាងលើនេះបាននៅឡើយទេ។

ជុំវិញបញ្ហានេះ អ្នកសង្កេតការណ៍ លើកឡើងថា ថវិកាសរុបជាង ១លានដុល្លារអាមេរិក នេះ ហាក់ស្ងប់ស្ងាត់បាត់ឈឹង ខណៈលទ្ធផលនៃការបង្កើតទូរទស្សន៍ព្រះអាទិត្យ ក៏មិនបានចេញជារូបរាង និងការធ្វើមាតុភូមិនិវត្តន៍ក៏ត្រូវបរាជ័យ ដូច្នេះថវិកាទាំងនោះ បើមិនទាន់បាត់បង់ទេ មន្ត្រីបក្សប្រឆាំងគួរតែប្រើវា ដើម្បីជួយពលរដ្ឋខ្មែរក្នុងពេលនេះក៏ដូចជាការបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនពីការសង្ស័យលើការប្រើប្រាស់លុយទាំងនោះ ផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស