33 C
Phnom Penh

សង្គមស៊ីវិលរួមគ្នាទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីនាំចេញឈើខុសច្បាប់ដែលអាជ្ញាធរបរទេសរឹបអូសបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសមាគមន៍ជាច្រើន អំពាវនាវ ឲ្យអាជ្ញាធរកម្ពុជា ស៊ើបអង្កេតលើករណីកំណាត់ឈើប្រណិតជិតផុតពូជ ចំនួនជាង ២រយតោន ដែលអាជ្ញាធរហុងកុង បានរឹបអូស កាលពីពេលថ្មីៗនេះ។

អង្គការសមាគមន៍ សហជីព សកម្មជនបរិស្ថាន និងពលរដ្ឋ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះថា ពួកគេមានកង្វល់យ៉ាងខ្លាំងចំពោះកំណាត់ឈើប្រណិតជិតផុតពូជរបស់កម្ពុជា ដែលរដ្ឋបាលក្រុងហុងកុង រឹបអូសបាន ២១១តោន ដែលមានតម្លៃប្រមាណជាង ១លានដុល្លារហុងកុង ដែលស្មើនឹង ១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ពួកគេ ជំរុញឲ្យ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវនាំគ្នាស៊ើបអង្កេត ឲ្យបានហ្មត់ចត់ ដើម្បីឈានទៅរកការកំណត់អ្នកពាក់ព័ន្ធដែលបាននាំចេញឈើខុសច្បាប់ទាំងនេះ និងអ្នកដែលឃុបឃិតក្នុងការកាប់បំផ្លាញសម្បត្តិធម្មជាតិដ៏មហាសាលនេះ ដើម្បីនាំជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ប្រភពដដែលបញ្ជាក់ថា បើទោះបីជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ធ្លាប់បានឆ្លើយតបជុំវិញបញ្ហានេះក៏ដោយ ប៉ុន្តែការលើកឡើងនោះ បានបង្កឲ្យមានមន្ទិលសង្ស័យយ៉ាងច្រើនពីវិធីសាស្ត្រក្នុងការរត់ពន្ធឈើដ៏ច្រើនសន្ធឹកសន្ធាប់ចេញពីកម្ពុជា ដោយសុវត្ថិភាព និងបុគ្គលដែលបានពាក់ព័ន្ធនឹងករណីនេះជាខ្លាំង។

ការអះអាងនេះធ្វើឡើងដើម្បីរិះគន់អាជ្ញាធរកម្ពុជា ដែលតែងតែឆ្លើយដោះសាពីការអនុវត្តតួនាទីរបស់ខ្លួនមិនបានល្អក្រោយពេលបែកធ្លាយបទល្មើសនៃការនាំចេញឈើខុសច្បាប់រាប់រយតោនចេញពីកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នេះ អង្គការសង្គមស៊ីវិលជាង ៣០ស្ថាប័ន និងប្រជាពលរដ្ឋដែលជាសកម្មជនព្រៃឈើប្រមាណជាង ៦០នាក់ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតលើករណីការនាំចេញឈើខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានរឹបអូសដោយអាជ្ញាធរហុងកុង នាពេលកន្លងមក។ មន្ត្រីគយហុងកុង បានបានរឹបអូសឈើប្រណិតចំនួន ៧ កុងតឺន័រ កាលដើមខែឧសភា ឆ្នាំ២០២១ ដែលមានតម្លៃជាង ១លានដុល្លារហុងកុង ដែលគេអះអាងថា ជាឈើដែលនាំចេញពីកម្ពុជា និងបានរកឃើញនៅកំពង់ផែចំនួន ២ ក្នុងទីក្រុងហុងកុង គឺឃ្លាំងត្រួតពិនិត្យទំនិញ Kwai Chung និងបរិវេណត្រួតពិនិត្យទំនិញ Tsing Yi ។

មន្ត្រីហុងកុង បានត្រួតពិនិត្យ កុងតឺន័រទាំងនោះ ហើយបានវាយតម្លៃថា ប្រភេទឈើដែលបានរកឃើញនេះសុទ្ធសឹងតែជាឈើប្រណិតជិតផុតពូជដែលមានចំនួនដល់ទៅ ២១១តោនឯណោះ។

ប៉ុន្តែមន្ត្រីទាំងនោះបញ្ជាក់ថា នឹងមិនអាចបង្ហាញព័ត៌មានលម្អិតនោះទេនៅពេលនេះ ចៀសវាងការប៉ះពាល់ការស៊ើបអង្កេតឲ្យបានលម្អិតបន្ថែមទៀត។ យ៉ាងណាក៏ដោយ ពួកគេ បានបញ្ជូនករណីដឹកជញ្ជូនឈើខុសច្បាប់នេះ ទៅមន្ទីរកសិកម្មជលផល និងអភិរក្សហុងកុងដែលកំពុងស៊ើបអង្កេតករណីនេះផងដែរ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រតិកម្មទៅនឹងការចុះផ្សាយពីករណីការនាំចេញឈើខុសច្បាប់នេះថា កម្ពុជា បានផ្អាកការនាំឈើចេញតាំងពីយូរមកហើយ។ លើសពីនេះក្រសួងមិនដែលរៀបចំឯកសារឲ្យក្រុមហ៊ុនណាមួយ នាំចេញប្រភេទឈើដែលជិតផុតពូជទៅទីក្រុងហុងកុង ឬទៅបរទេសនោះទេ។

លោកអះអាងថា បើមានករណីនាំចេញឈើទៅបរទេសមែន នោះគឺជាករណីខុសច្បាប់ទាំងស្រុង។ លោកបញ្ជាក់ថា ក្រសួងនឹងធ្វើការស៊ើបអង្កេតចំពោះករណីនេះ ដើម្បីកំណត់អ្នកពាក់ព័ន្ធយកមកទទួលទោសចំពោះមុខច្បាប់។

ទោះជាបែបនេះក្តី សកម្មជនការពារព្រៃឈើ រិះគន់ថា អាជ្ញាធរខ្មែរក្រៅតែពី ពូកែខាងតែឆ្លើយថា មិនដឹង ឆ្លើយដាក់គ្នា ពូកែខាងប្រកែក និងច្រានចោល គឺគ្មានជំនាញផ្សេងនោះទេ សូម្បីឈើដែលឈ្មួញដឹកចេញពីកម្ពុជា ទាំងទូកុងតឺន័រ ក៏នៅតែឆ្លើយថា មិនដឹងដែរ។ ប៉ុន្តែពេលមានភស្តុតាងជាក់ស្តែង ពួកគេតែងប្រើលេសថា កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ជាដើម។

កាលពីចុងខែមីនា ឆ្នាំ២០២១ អង្គការឃ្លាំមើលព្រៃឈើពិភពលោក បានចេញរបាយការណ៍របស់ខ្លួន ស្ដីពីឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជាថា ទោះបីកម្ពុជា មានច្បាប់ការពារព្រៃឈើក៏ដោយក៏កម្ពុជា ទទួលរងនូវការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុត ចាប់តាំង ពីទសវត្សរ៍ ឆ្នាំ១៩៧០ មក។

ប្រភពដដែល អះអាងថា កម្ពុជា បានបាត់បង់គម្របព្រៃឈើសំខាន់ៗ ជាង ៥០ម៉ឺនហិកតារ ក្នុងនោះមានដូចជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ជាដើម ក្នុងរយៈពេលជិត ២ទសវត្សចុងក្រោយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស