32 C
Phnom Penh

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ជាង ១០០នាក់បានឆ្លងជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជាប់ឃុំ និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល ចំនួន ១០៦នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺCovid-19 បន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងពន្ធនាគារព្រៃស និងពន្ធនាគារខេត្តព្រះសីហនុ។

កាលពីថ្ងៃទី២៥ ខែឧសភា ស្នងការនគរបាលខេត្តលោក ឈឿន សុចិត្រ និងមន្ត្រីពន្ធនាគារខេត្តកណ្តាល ជាច្រើននាក់បានចុះទៅរៀបចំ ចាត់ចែងអ្នកជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលភ្លាមៗ ក្រោយរកឃើញអ្នកជាប់ឃុំចំនួន ១០៣ នាក់ និងមន្ត្រីពន្ធនាគារ ៣នាក់ទៀត មានវិជ្ជមានCovid-19។

គិតត្រឹមថ្ងៃនេះ ជំងឺCovid-19 បានឆ្លងរីករាលដាល នៅក្នុងពន្ធនាគារព្រៃស រាជធានីភ្នំពេញ ពន្ធនាគារខេត្តព្រះសីហនុ និងខេត្តកណ្ដាល ដែលមានជាប់ឃុំប្រមាណ ១៦៨នាក់ បានឆ្លងជំងឺCovid-19។ ក្នុងនោះអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស ២៨នាក់ ខេត្តព្រះសីហនុ ៣៤នាក់ និងខេត្តកណ្ដាលចំនួន ១០៦នាក់។

អ្នកវិភាគនយោបាយ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បង្ហាញក្ដីបារម្ភថា              រដ្ឋាភិបាល  យករឿងឆ្លងCovid-19 ដើម្បីអនុវត្តផែនការនយោបាយរបស់ខ្លួន ហើយថា នៅពេលដែលផែនការនយោបាយរបស់គ្រួសារលោក ហ៊ុន សែន អាចដោះស្រាយបានច្រើនលើសលប់ ព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺ Covid-19 អាចនឹងធូរស្រាលឡើងវិញ ប៉ុន្តែបើសិនករណីឆ្លងខ្លាំងពិតមែន វាពិតជានាំសេចក្ដីគ្រោះថ្នាក់ធំណាស់ដល់អ្នកជាប់ឃុំ។

ករណីនេះលោកថា បើរដ្ឋាភិបាលមិនមានដំណោះស្រាយទាន់ពេល ខណៈអ្នកជាប់ឃុំឆ្លងភាគច្រើននោះ ពួកគាត់ទ្រាំចាំស្លាប់ដោយសារCovid-19 ហើយមួយទៀតអាចមានការជ្រួលច្របល់ក្នុងពន្ធនាគារ ដែលអាចឲ្យអ្នកជាប់ឃុំ នាំគ្នាទម្លុះជញ្ជាំងគុក មកក្រៅ។

បើតាមអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃលោក នុត សវនា ធ្លាប់លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានអ្នកជាប់ឃុំនៅពន្ធនាគារនៅទូទាំងប្រទេស ប្រមាណ ៤ម៉ឺននាក់។

កាលពីថ្ងៃទី២៣ ខែឧសភា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកជាប់ឃុំដែលមានបទល្មើសស្រាលៗ ឬអ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នសិន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ខណៈជំងឺCovid-19បាននឹងកំពុងឆ្លងចូលក្នុងពន្ធនាគារ។

ទាក់ទងនឹងការរាលដាល និងការឆ្លងជំងឺ Covid-19 នៅកម្ពុជា នេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរំឭកដល់អភិបាល រាជធានី ខេត្តទាំងអស់ ឲ្យពង្រឹងការអនុវត្តវិធានការធ្វើចត្តាឡីស័ក និងការធ្វើតេស្ដCovid-19 លើអ្នកសង្ស័យមកពីខេត្ត និងប្រទេសមានហានិភ័យខ្ពស់។

ការរំឭករបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺដោយសារតែមានការកើនឡើងករណីវិជ្ជមាន Covid-19 ជារៀងរាល់ថ្ងៃនៅបណ្តាប្រទេសជិតខាងរបស់កម្ពុជា ហើយជាពិសេសពលករចំណាកស្រុកដែលត្រឡប់ ចូលមកវិញក៏មានការរកឃើញករណីវិជ្ជមានច្រើនដែរ។

ក្រសួងសុខាភិបាល បានជំរុញឲ្យមានការចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ នៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស