38 C
Phnom Penh

ចិនដើរទទូចសុំសមាជិកអង្គការសហប្រជាជាតិកុំចូលរួមថ្កោលទោសចិនករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិនបានដើរទទូចសុំឲ្យប្រទេសជាសមាជិក នៃអង្គការសហប្រជាជាតិ កុំចូលរួមព្រឹត្តិការណ៍មួយដែលនឹងរួមគ្នា ថ្កោលទោស ចិន ករណីរំលោភបំពានធ្ងន់ធ្ងរ ទៅលើជនជាតិដើមភាគតិច វីហ្គឺ នៃសហគមន៍ម៉ូស្លីម នៅតំបន់ស៊ីនជាំង។

តាមបណ្ដាញផ្សាយ Channel News Asia បានចុះផ្សាយថាព្រឹត្តិការណ៍នេះ ធ្វើឡើងនៅថ្ងៃទី១២ ក្នុងសប្ដាហ៍នេះ។ ប្រភពដដែលឲ្យដឹងថា ព្រឹត្តិការណ៍នេះផ្ដួចផ្ដើម ដោយប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប។

ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពិនិត្យមើលអំពីការធ្វើការទុក្ខបុកម្នេញជនភាគតិច អ៊ុយហ្គឺ និងជនភាគតិចផ្សេងទៀតនៅតំបន់                         ស៊ីនជាំង ប្រទេសចិន។

តែបើតាមលិខិតមួយត្រូវបានផ្សព្វផ្សាយ នៅអង្គការសហប្រជាតិ ដែលសុំអោយសមាជិក របស់ស្ថាប័ន ពិភពលោកមួយនេះ មកចូលរួមព្រឹត្តិការណ៍នោះ គឺការឡើងថ្លែង និងពិនិត្យមើលយន្តការទាំងឡាយដែលអង្គការសហប្រជាជាតិ រដ្ឋសមាជិក សង្គមស៊ីវិល សំដៅគាំទ្រ ចំពោះតស៊ូមតិការពារ សិទ្ធិមនុស្សរបស់ជនជាតិដើមភាគតិច វីហ្គឺ នៅតំបន់ស៊ីនជាំង។

តំណាងចិន បានជំទាស់នឹងការរៀបចំព្រឹត្តិការណ៍នោះដោយទទូចដល់រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិកុំចូលរួម។

ក្នុងកំណត់ទូត ធ្វើឡើងកាលពីថ្ងៃទី៦ ខែឧសភា បានផ្ញើជូនបេសកកម្មបរទេស ប្រចាំអង្គការសហប្រជាជាតិ  ដែលក្នុងកំណត់ទូតនេះ តំណាងចិន បានហៅការជួបជុំគ្នានោះ ថា ជាព្រឹត្តិការណ៍នយោបាយ ហើយបានស្នើប្រទេសទាំងនោះកុំចូលរួម។ កន្លងមក ចិនក៏បានចោទអ្នករៀបចំថា យកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍លូកលាន់កិច្ចការផ្ទៃក្នុងចិន សំដៅបង្កើតការបែងចែក និងបង្អាក់ការអភិវឌ្ឍរបស់ចិន។

តំណាងប្រទេសចិន បានដៀលប្រទេសរៀបចំព្រឹត្តិការណ៍នោះថាជា ពួកគេញៀន នឹងការបង្ករឿងប្រឆាំងចិន ហើយថាព្រឹត្តិការណ៍បង្ករឿងបែបនេះ នឹងនាំឱ្យការប្រឈមមុខកាន់តែច្រើនជាមួយនឹងចិន។

តាមគម្រោង អគ្គរដ្ឋទូតអាមេរិក អាល្លឺម៉ង់ និងអង់គ្លេស នឹងថ្លែងទាក់ទងបញ្ហាតំបន់ស្វយ័ត ភាគខាងលិចប្រទេសចិន គឺតំបន់របស់ជនជាតិដើមភាគតិច វីហ្គឺ នៅថ្ងៃទី១២ ខែឧសភាក្នុងសប្ដាហ៍នេះ។ ទាក់ទិននឹងព្រឹត្តិការណ៍នោះដែរ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ក៏នឹងថ្លែងអំពីស្ថានភាពសិទិ្ធមនុស្សនៅក្នុងប្រទេសចិន មានទាំងតំបន់ស៊ីនជាំង ទីបេ និងហុងកុងជាដើម។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង  អ្នកនាំពាក្យ ក្រសួងការបរទេស ចិន អ្នកស្រី Hua Chunying បានហៅ ព្រឹត្តិការណ៍ នោះថា ជាឧបករណ៍ របស់សហរដ្ឋអាមេរិកដែលជាប្រទេសដឹកមុខគេ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន។ អ្នកស្រី ប្រតិកម្មទៀតថា អាមេរិក និងសម្ព័ន្ធមិត្ត មានចរិក ប្រឆាំងនឹងគោលការណ៍ អង្គការសហប្រជាជាតិក្នុងផែនការបំផ្លាញចិន នៅលើវេទិកា អន្តរជាតិមួយនេះ។

សម្រាបចិន សូមទាត់ចោល ទាំងស្រុងចំពោះការចោទមកលើចិន ដែលចិនអះអាងថាពួក វីហ្គឺជ្រុលនិយម គឺជាក្រុមមួយមានជាប់ពាក់ព័ន្ធនឹងពួកភេរវកម្មអាល់កៃដា។

ជាយូរមកហើយ លោកខាងលិច និងក្រុមអង្គការសិទ្ធិមនុស្ស ចោទអាជ្ញាធរចិនថា បានចាប់ខ្លួន និងធ្វើទារុណកម្មជនជាតិភាគតិចវីហ្គឺ និងជនភាគតិចឯទៀត ប្រមាណមួយលាននាក់ នៅតាមកន្លែងឃុំឃាំងជាច្រើននៅតំបន់ស៊ីនជាំង។ ប៉ុន្តែរដ្ឋាភិបាលចិនបកស្រាយថា    ទីតាំងទាំងនោះ មិនមែនជាកន្លែងឃុំខ្លួនឡើយ តែជាមណ្ឌលកែប្រែ ជម្រុះសតិអារម្មណ៍ជ្រុលនិយម និងផ្ដល់ការបណ្ដុះបណ្ដាលឱ្យពួកគេប៉ុណ្ណោះ។

ប៉ុន្តែក្រុមសិទ្ធិមនុស្ស មានអង្គការលើកលែងទោស អន្តរជាតិAmnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស របស់អាមេរិក Human rights watch បានហៅថា ជាកន្លែងលុតដំ និងធ្វើទារុកម្មធ្ងន់ធ្ងរ។ ក្រុមអង្គការសិទិ្ធមនុស្ស បានហៅថា ជាអំពើប្រល័យពូជសាសន៍។

នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch ប្រចាំអង្គការសហប្រជាជាតិ  Louis Charbonneau បានចោទថា ចិនកំពុងប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទៅលើសហគមន៍ម៉ូស្លីមតួកគីវីហ្គឺ។  អង្គការអន្តរជាតិមួយនេះ បានសុំអោយ អង្គការសហប្រជាជាតិ ចោទទៅបក្សកុម្មុយនិស្តចិន ថាជាក្រុមឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។

ចិន ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ប្រទេសមហាអំណាចនេះ ត្រូវបានចោទថា ជាប្រទេសដែលនៅពីក្រោយ មេដឹកនាំ ឬរបបណាដែល រំលោភសិទិ្ធមនុស្ស គឺអោយតែខ្លួនបានផលប្រយោជន៍ពីរបបនោះ។

ប្រទេសមហាអំណាចនេះ ច្រើនតែប្រើសិទ្ធវេតូ មិនអោយមានការធ្វើអន្តរាគមន៍ ប្រឆាំងនឹងមេដឹកនាំផ្ដាច់ការ រំលោភសិទ្ធិមនុស្ស ដោយចាត់ទុកថា ជាការជ្រៀតជ្រែកកិច្ចការប្រទេសផ្ទៃក្នុងប្រទេសទាំងនោះហើយ ប្រទេសដៃគូរបស់ចិន ដែលតែងតែជំទាស់ សេចក្ដីសម្រេច របស់ ក្រុមប្រឹក្សា គឺមហាអំណាចរុស្ស៊ី។ ករណីនេះហើយ នាំអោយ ការប្រឆាំងនឹងរបបសឹកនៅភូមា មិនទាន់អាចសម្រេចបានជោគជ័យ។ ក្នុងន័យនេះហើយ ដែលនាំអោយ មានការស្នើសុំ បន្ថែមសមាជិកអចិន្ត្រៃយ៍ ថែមទៀត ចូលទៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ។

សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឱ្យបន្ថែមអាសនៈសមាជិកអចិន្រ្តៃយ៍ដែលបច្ចុប្បន្នមាន៥ប្រទេស ប៉ុណ្ណោះ ។ ប្រទេសទាំង៥នោះ មាន អាមេរិ អង់គ្លេស បារាំង ចិន និងរុស្ស៊ី ។ ប្រទេសទាំងនេះ មានអំណាចក្នុងប្រឆាំងសេចក្ដីសម្រេច ណាមួយរបស់ក្រុមប្រឹក្សា ដោយសិទ្ធវេតូ ឬជំទាស់។

ក្នុងកិច្ចប្រជុំនេះ គេសង្កេតឃើញឥណ្ឌា ដែលជាបេក្ខភាពមួយសម្រាប់តំណែងសមាជិកអចិន្ត្រៃយ៍ ហើយ ពេលនោះ វៀតណាម ទុយនីស៊ី                នីហ្សេ អៀរឡង់ និងម៉ិកស៊ិក សុទ្ធសឹងជាសមាជិកមិនអចិន្ត្រៃយ៍ ចាត់ទុកការបន្ថែមសមាជិកអចិន្រ្តៃយ៍ ជារឿងចៀសមិនរួចទៅថ្ងៃមុខ។

ចំពោះករណីប្រទេសចិន ដែលត្រូវបានចោទថា បង្កអោយមានការធ្វើទារុណកម្ម ធ្ងន់ធ្ងរទៅលើ សហគមន៍ម៉ូស្លិម អ៊ុយហ្គឺ ក៏តែងតែ ចេញមុខប្រឆាំងជានិច្ច ចំពោះការលើករបៀបវារៈណាមួយនៅក្រុមប្រឹក្សាសន្តិសុខ សំដៅវាយប្រហារចិនករណីនេះ។

ការលើកយក ករណី អ៊ុយហ្គឺ នៅក្រុមប្រឹក្សាបានត្រឹមតែក្លាយជាការវាយប្រហារចិន ប៉ុណ្ណោះដោយ ពុំអាចចេញដំណោះស្រាយ ជាផ្លូវការប្រឆាំងចិនបានឡើយ។

ក្នុងន័យនេះហើយ ដែល សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី កាណាដា និងប្រទេសមួយចំនួននៅអឺរ៉ុប ត្រូវរៀបចំកិច្ចប្រជុំមួយដើម្បីជជែកអំពីការធ្វើការទុក្ខបុកម្នេញជនភាគតិច វីហ្គឺ និងជនភាគតិចផ្សេងទៀតនៅតំបន់ស៊ីនជាំងនៅ ថ្ងៃទី១២ខែឧភានេះ ដែលជាវេទិកានៅក្រៅឆាករបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិដែលនាំអោយចិនប្រតិកម្មជាខ្លាំងប្រឆាំងនឹងព្រឹត្តិការណ៍នេះ។

អ្វីដែលចិនប្រតិកម្ម គឺក្រុមប្រទេសជាច្រើនត្រូវគេរំពឹងថា នឹងថ្លែងសារថ្កោលទោសចិនករណីរំលោភសិទ្ធិមនុស្សនៅក្នុងដែនដីគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស